ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ថ្ងៃនេះ យើងនឹងនាំប្រិយមិត្តមកមើល ប្រទេសដែលមានទេសភាពដ៏ស្រស់ស្អាត និងមានវិស័យអប់រំខ្ពស់វិញម្តង។ ទន្ទឹមនឹងនេះដែរ ប្រទេសទាំងនោះ មានប្រជាជន ដែលចិត្តល្អ និងមានគំនិតវិជ្ជមានជាងគេបំផុត ក្នុងពិភពលោក។

National Geographic បានដាក់បញ្ចូលគ្នា ជាបញ្ជីមួយដែលបង្ហាញពី បណ្តាប្រទេសដែលមានប្រជាពលរដ្ឋរស់នៅរីករាយបំផុត ដោយប្រើប្រាស់ទិន្នន័យ របស់អង្គការសហប្រជាជាតិ។

ចង់ដឹងទេថា មានប្រទេសណាខ្លះ? តោះទៅតាមដានទាំងអស់គ្នា! 

១០. Sweden (ប្រទេស ស៊ុយអែត)

ប្រទេស ស៊ុយអែត (ឈ្មោះជាផ្លូវការគឺ ព្រះរាជាណាចក្រ ស៊ុយអែត) ជាប្រទេស ដែលស្ថិតក្នុងទ្វីបអឺរ៉ុប ភាគខាងជើង មានព្រំប្រទល់ខាងលិច ជាប់នឹងប្រទេស ន័វេស និងខាងកើត ជាប់នឹងប្រទេស ហ្វាំងឡង់ និងតភ្ជាប់ទៅប្រទេស ដាណឺម៉ាក ដោយស្ពាន Öresund ។ ប្រទេសនេះ មានផ្ទៃដីចំនួន ៤៥០,២៩៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជាង ៩.៨ លាននាក់។

អាថ៌កំបាំងរបស់ ប្រជាពលរដ្ឋស៊ុយអែត គឺប្រពៃណី Fika ដែលជាពាក្យប្រើសម្រាប់រៀបរាប់ អំពីទម្លាប់របស់ពួកគេ ទៅផឹកកាហ្វេ និងជជែកគ្នាពីនេះពីនោះជាមួយមិត្តភក្តិ នៅរៀងរាល់ពេលសម្រាកពីការងារ។ ពួកគេតែងជួបគ្នាត្រឹមរយៈពេល ១៥ នាទី រាល់ ២ ម៉ោងម្តង។ ដោយសារតែទម្លាប់នេះហើយទើប ស៊ុតអែត ជាប្រទេសដែលមានតម្រូវការកាហ្វេ ច្រើនជាងគេបំផុតក្នុងពិភពលោកផងដែរ។ 

៩. Australia (ប្រទេស អូស្រ្តាលី)

ប្រទេស អូស្រ្តាលី (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ អូស្រ្តាលី) ស្ថិតក្នុងទ្វីបអូស្រ្តាលី ក៏ដូចជាប្រទេសដែលមានទំហំធំបំផុត លំដាប់ទី ៦ របស់ពិភពលោក។ ប្រទេសនេះ មានផ្ទៃដី ៧,៦៩២,០២៤ គីឡួម៉ែត្រការ៉េ និងមានប្រជាជនសរុប ២៤,១៦២,៩០០ នាក់បើគិតមកទល់នឹងឆ្នាំ ២០១៦ នេះ។

ប្រទេសអូស្ត្រាលី មានកម្រិតបំពុលបរិស្ថានទាបបំផុត ដោយមានការចូលរួមច្រើនពីប្រជាពលរដ្ឋ  ក៏ដូចជាកិច្ចសហការក្នុងសហគមន៍យ៉ាងជិតស្និទ្ធផងដែរ។ ជនជាតិអូស្រ្តាលី ចូលចិត្តការអាំងសាច់បរិភោគ ដោយពួកគេចូលចិត្ត ធ្វើការជួបជុំនៅតាមសួនឧទ្យាន ក្នុងគោលបំណងដើម្បីចំណាយពេលវេលា និងបង្កើនទំនាក់ទំនងក្នុងសង្គម ជាមួយមិត្តភក្តិ ជាពិសេស រាល់មនុស្សដែលនៅជុំវិញ។ 

៨. New Zealand (ប្រទេស នូវែលហ្សេឡង់)

ប្រទេស នូវែលហ្សេឡង់ ជាប្រទេសដីកោះមួយ ស្ថិតក្នុងភាគនិរតី នៃមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះ បែងចែកជាសមាសភាពភូមិសាស្រ្តសំខាន់ពីរគឺ កោះខាងជើង (Te Ika-a-Māui) និងកោះខាងត្បូង (Te Waipounamu) ជាមួយនឹងកោះតូចៗជាច្រើនក្បែរៗនោះផងដែរ។ ប្រទេស នូវែលហ្សេឡង់ មានផ្ទៃដីសរុបចំនួន ២៦៨,០២១ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៤,៧០៧,៣០០ នាក់ ក្នុងឆ្នាំ ២០១៦ នេះ។

ប្រទេសនេះ ហ៊ុំព័ទ្ធទៅដោយ ភ្នំដែលមានពណ៌ខៀវស្រងាត់ អមដោយធម្មជាតិដ៏ស្រស់បំព្រង និងមានទេសភាពគួរឲ្យគយគន់មិនអាចបំភ្លេចបានឡើយ។ តើមានអ្នកណាម្នាក់ ដែលថាមិនមានមោទនភាពនឹងប្រទេសនេះ យ៉ាងម៉េចនឹងកើតទៅ? កម្រិតការបំពុលបរិស្ថានតិចតួច និងជិវិតសត្វព្រៃធម្មេជាតិ ដ៏សម្បូរបែប បានធ្វើឲ្យប្រជាជននូវែលហ្សេឡង់ ក្លាយជាប្រជាជាតិមានភាពរីករាយ ក្នុងជីវិតបំផុត។ 

៧. The Netherlands (ប្រទេស ហូឡង់)

ប្រទេស ហូឡង់ (ឈ្មោះជាផ្លូវការគឺ ព្រះរាជាណាចក្រហូឡង់) ជាប្រទេសដែលមានទំហំតូច តែមានប្រជាជនរស់នៅច្រើន ស្ថិតក្នុងអឺរ៉ុប ប៉ែកខាងលិច និងមានកោះបី បន្ថែមទៀតក្នុងតំបន់ Caribbean។ ប្រទេសនេះ មានផ្ទៃដីសរុបទំហំ ៤១,៥៤៣ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅចំនួនជាង ១៧ លាននាក់ ក្នុងឆ្នាំ ២០១៦ នេះ។

ចំណុចដ៏ពិសេស របស់ប្រជាជន ហូឡង់ គឺពួកគេមានកម្រិត ការចូលរូមរាល់សកម្មភាពលំហាត់ប្រាណខ្ពស់ ជាពិសេស ស្រលាញ់ចូលចិត្តការជិះកង់ជាងគេ។ ពួកគេមានមោទនភាព ជាមួយនឹងប្រព័ន្ធជិះកង់ ដ៏មានសុវត្ថិភាព និងមានប្រវែងជាង ៣,០០០ គម ដែលបានបង្កើតឡើងណាស់។ ហេតុនេះ ប្រសិនបើអ្នកមានសំណាងទៅលេងទីក្រុង Amsterdam របស់ប្រទេសហូឡង់ សូមកុំភ្លេចជួលកង់ជិះកម្សាន្ត និងជួលអ្នកនាំផ្លូវម្នាក់ផងណា! 

៦. Canada (ប្រទេស កាណាដា)

ប្រទេស កាណាដា ជាប្រទេសដែលនៅកណ្តាលភាគខាងជើង នៃទ្វីបអាមេរិកខាងជើង ដែលមានប្រជាជនរស់នៅប្រមាណជាង ៣៦ លាននាក់ ក្នុងអំឡុងឆ្នាំ ២០១៦ នេះ និងមានផ្ទៃដីទំហំជាង ៩.៩៨ លានគីឡូម៉ែត្រការ៉េ ជាហេតុបណ្តាលឲ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានដីទំហំធំបំផុតទី ២ របស់ពិភពលោក។

មិនត្រឹមតែជាប្រទេសដែលធំបំផុតនោះទេ ប្រទេសកាណាដានេះ ក៏ជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរគ្រប់ៗរូបផងដែរ។ ពលរដ្ឋ នៅក្នុងប្រទេសដ៏ធំនេះ មានមោទនភាព នឹងសួនឧទ្យានស្អាតៗ ភ្នំថ្មដ៏ស្រស់ត្រកាល និងទីវាលទេសភាព ដ៏ទូលំទូលាយ។ គ្រាន់តែការរៀបរាប់ប៉ុននេះ ក៏អាចទាញបានថា ប្រជាជនកាណាដា មានភាពរីករាយអស្ចារ្យក្នុងជីវិតដែរ។ 

៥. Finland (ប្រទេស ហ្វាំងឡង់)

ប្រទេស ហ្វាំងឡង់ (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ ហ្វាំងឡង់) ជារដ្ឋអធិបតេយ្យភាព ក្នុងទ្វីបអឺរ៉ុប។ ប្រទេសនេះ មានផ្ទៃដីសរុបចំនួន ៣៣៨,៤២៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ៥,៤៨៨,៥៤៣ នាក់ បើគិតមកដល់ខែមិនា ឆ្នាំ ២០១៦ នេះ។ ហ្វាំងឡង់ ជាប្រទេសដែលធំបំផុតទី ៨ ក្នុងតំបន់អឺរ៉ុប និងជាប្រទេសដែលមានចំនួនប្រជាជនតិចជាងគេបំផុត នៅក្នុងសហភាពអឺរ៉ុប។

អារម្មណ៍ខ្វល់ខ្វាយ និងកង្វល់ពីបញ្ហាផ្សេងៗ និងត្រូវរលាយបាត់ភ្លាមៗមួយរំពេច ស្របពេលដែលអ្នកចូលទៅរំសាយអារម្មណ៍ទាំងនោះ ក្នុងសូណា (sauna) របស់ប្រពៃណី ជនជាតិហ្វាំងឡង់។ ទោះបីជាមានប្រជាជនរស់នៅតែជាង ៥ លាននាក់ក៏ពិតមែន តែប្រទេសនេះ មានកន្លែងសូណាជាង ៣.៣ លានកន្លែងឯណោះ មានន័យថា វាស្ទើរតែមាននៅគ្រប់ទីកន្លែងទាំងអស់ទៅហើយ។ 

៤. Norway (ប្រទេស ន័រវេស)

ប្រទេស ន័រវេស (ឈ្មោះជាផ្លូវការគឺ ព្រះរាជាណាចក្រ ន័រវេស) ជាប្រទេសកាន់របបរាជាធិបតេយ្យ និងអធិបតេយ្យភាព។ ប្រទេសនេះ មានផ្ទៃដីមានទំហំសរុប ៣៨៥,២៥២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៥,២១៣,៩៨៥ បើគិតមកត្រឹមខែ ឧសភា ឆ្នាំ ២០១៦ នេះ។ ប្រទេស ន័រវេស មានរាជធានីឈ្មោះ Oslo ដែលជាទីក្រុងធំជាងគេ ក្នុងប្រទេសផងដែរ។

ជនជាតិន័រវេស មានមោទនភាពយ៉ាងខ្លាំង នឹងតំបន់ធម្មជាតិជុំវិញប្រទេស របស់ពួកគេ ជាមួយនឹងការចូលរួមថែរក្សា យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។ គេនិយាយថា ការធ្វើដំណើរទៅឡើងភ្នំខ្ពស់បំផុតក្នុងប្រទេសនោះ (ភ្នំ Skala) អាចជួយរំសាយ ឬកម្ចាត់ចោលនូវកង្វល់ និងអារម្មណ៍ខ្វល់ខ្វាយបានទាំងអស់ទៀតផង។ ក្រៅពីនេះ អ្នកអាចបោះតង់ សម្រាក ដើម្បីគយគន់ទេសភាពជុំវិញខ្លួនបាន ដោយក្តីរីករាយ។ 

៣. Iceland (ប្រទេស អ៊ីស្លង់)

ប្រទេស អ៊ីស្លង់ (ឈ្មោះជាផ្លូវការគឺ សាធារណរដ្ឋ អ៊ីស្លង់) គឺជាប្រទេសដីកោះ Nordic ស្ថិតនៅចន្លោះតំបន់ អាត្លង់ទិកខាងជើង និងតំបន់ មហាសមុទ្រអាកទិក។ ប្រទេសនេះ មានប្រជាពលរដ្ឋរស់នៅប្រមាណ ៣៣២,៥២៩ នាក់ លើផ្ទៃដីទំហំ ១០៣,០០០ គីឡូម៉ែត្រការ៉េ (បណ្តាលឲ្យប្រទេសនេះ ជាប់ជាប្រទេសដែលមានប្រជាជនតិចជាងគេ ក្នុងអឺរ៉ុប)។

ទេសភាពភ្នំភ្លើង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទេសភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់ប្រទេសនេះ បានធ្វើឲ្យប្រជាជន អ៊ីស្លង់ មានសុភមង្គលបំផុត លើផែនដីនេះ។ ជាការពិតណាស់ តើមាននរណាដែលថាមិនចូលចិត្ត ហែលទឹកកម្សាន្ត ដែលមានពណ៌ខៀវស្រស់បែបនេះទៅ? 

២. Switzerland (ប្រទេស ស្វីស)

ប្រទេសស្វីស (ឈ្មោះជាផ្លូវការគឺ សហព័ន្ធ ស្វីស) ជាប្រទេសសាធារណរដ្ឋសហព័ន្ធមួយ ក្នុងទ្វីបអឺរ៉ុប។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ៤១,២៨៥ គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ៨ លាននាក់ បើគិតត្រឹមខែកញ្ញា ឆ្នាំ ២០១៤។ ប្រទេស ស្វីស គ្មានរាជធានីទេ ប៉ុន្តែមានទីក្រុង Zürich ជាទីក្រុងធំជាងគេ។

ប្រទេសដែលជា ដើមកំណើតពូជគ្រប់ប្រភេទនៃស្ករសូកូឡា បែរជាមានប្រជាជនដែលរស់នៅ ប្រកបទៅដោយសុខភាពល្អទៅវិញ។ ពួកគេចូលចិត្តជិះស្គី ចូលចិត្តជិះទូកកំសាន្ត និងជិះឆ័ត្រយោង។ វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ដែលប្រទេសនេះជាប់ជា ប្រទេសដែលមានប្រជាជនធាត់តិចជាងគេបំផុត ក្នុងពិភពលោក។ 

១. Denmark (ប្រទេស ដាណឺម៉ាក)

ប្រទេស ដាណឺម៉ាក (ឈ្មោះជាផ្លូវការគឺ ព្រះរាជាណាចក្រ ដាណឺម៉ាក) ជាប្រទេស ក្នុងទ្វីបអឺរ៉ុប ដែលមានផ្ទៃដីសរុប ៤២,៩២៤ គីឡួម៉ែត្រ និងមានប្រជាជនរស់នៅជាង ៥.៧ លាននាក់។ ប្រទេស ដាណឺម៉ាក មានរាជធានីឈ្មោះ Copenhagen ដែលជាទីក្រុងធំជាងគេ ក្នុងប្រទេសផងដែរ។

ជាក់ស្តែង ប្រទេសនេះ ត្រូវបានគេជឿថា មានប្រជាពលរដ្ឋរស់នៅប្រកបទៅដោយភាពរីករាយបំផុត លើលោក។ នេះមិនមែន ត្រឹមតែមកពីពួកគេទទួលបាន ការថែទាំសុខភាព និងការអប់រំ ដោយឥតគិតថ្លៃប៉ុណ្ណោះទេ គឺពួកគេមានមោទនភាពជាមួយនឹងសាមគ្គីភាពប្រចាំជាតិទាំងមូលរបស់ពួកគេ។ ពួកគេក៏ជា ប្រជាជាតិដែលមានសណ្តានចិត្តល្អបរិសុទ្ធផងដែរ។ ទោះបីជាមិនដែលស្គាល់អ្នកពីមុនមកក៏ដោយ ក៏ពួកគេរាក់ទាក់អញ្ជើញអ្នក ពិសាតែមួយពែងជាមួយគ្នាទៀតផង៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក

ប្រទេសទាំង ១០ ដែលមានប្រជាជនរស់នៅ ប្រកបដោយភាពរីករាយបំផុត ក្នុងពិភពលោក