ព្យុះ​DIANMU​វាយប្រហារ​លើ​វៀតណាម​ស្លាប់ និង​បាត់​ខ្លួន​4​នាក់

ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ក្រុង​ហាណូយ ផ្នែក​បង្ការ និង​តស៊ូ​ប្រឆាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ​វៀតណាម​រាយការណ៍​ថា ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ DIANMU ជា​ព្យុះ​ទី​៣​វាយប្រហារ​លើ​វៀតណាម​នា​ឆ្នាំ​នេះ​ហើយ​បោកបក់​មក​ដល់​ឆ្នេរសមុទ្រ​វៀតណាម​កាលពី​រសៀល​ថ្ងៃ​ទី​១៩ សីហា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​៤​នាក់ ហើយ​មនុស្ស​៣​នាក់​ទៀត​រង​របួស ។

ក្នុង​ចំណោម​ជន​រង​គ្រោះ មនុស្ស​ម្នាក់​ស្លាប់​នៅ​ខេត្ត SON LA ដោយសារ​ទឹកជំនន់​មក​ពី​ព្យុះ ហើយ​មនុស្ស​២​នាក់​ស្លាប់​នៅ YEN BAI ដោយសារ​ការ​បាក់​ដី រួច​មនុស្ស​ម្នាក់​បាត់​ខ្លួន​មក​ពី​ទឹកជំនន់​នៅ BAC GIANG ។ មនុស្ស​៤​នាក់​រង​របួស​គឺ​៣​នាក់​នៅ​ក្រុង​ហាណូយ និង​ម្នាក់​នៅ YEN BAI ។ ព្យុះ​នេះ​បំផ្លាញ​ផ្ទះ​ជា​ច្រើន​រយ​ខ្នង ហើយ​បង្ក​ឱ្យ​មាន​ទឹកជំនន់​ជន់​លិច​ដីស្រែ និង​ដំណាំ​ដាំ​ដុះ​ច្រើន​ពាន់​ហិ​កតា ។ ដើមឈើ​ទាំងឡាយ​ត្រូវរ​លំបាក់ សំណង់​ធារាសាស្ត្រ ស្ពាន និង​ផ្លូវថ្នល់​នានា​រង​ការ​បំផ្លាញ ។

នា​ឱកាស​នៃ​កិច្ចប្រជុំ​នេះ​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​បង្ការ និង​តស៊ូ​ប្រឆាំង​គ្រោះមហន្តរាយ​ធម្មជាតិ​បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង និង​ខេត្ត​ដែល​រង​ការ​ប៉ះពាល់​ឱ្យ​ជួយ​ប្រជាជន​ធ្វើ​ឱ្យ​សភាពការណ៍​មាន​ស្ថេ​រ​ភាព​វិញ ហើយ​ត្រៀម​ទប់ទល់​នឹង​ទឹកជំនន់​ក្រោយ​ព្យុះ​នេះ ៕