រុ​ស្ស៊ី​នឹង​ទទួល​បាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ថ្មី

ឧត្តមសេនីយ៍ VIKTOR GOUMENNY មេបញ្ជាការ​កងកម្លាំង​ការពារ​អាកាស និង​ប្រឆាំង​មី​ស៊ី​ល​រុ​ស្ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​២០ សីហា ថា កងទ័ពអាកាស​រុ​ស្ស៊ី​នឹង​ទទួល​បាន​អាវុធ ប្រឆាំង​មី​ស៊ី​លបាញ់​បាន​ឆ្ងាយ​ជំនាន់​ថ្មី​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។

ឧត្តមសេនីយ៍ GOUMENNY បន្ត​ថា ការងារ​កំពុង​តែ​ជំរុញ​យ៉ាង​សកម្ម​ក្នុង​ការ​ផលិត​មី​ស៊ី​ល​ស្ទាក់​កម្ទេច​បាញ់​បាន​ឆ្ងាយ ។ អាវុធ​ថ្មី​នេះ​នឹង​អាច​បំពេញ​រាល់​ភារកិច្ច​របស់​មេបញ្ជាការ​ជាន់ខ្ពស់ និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ក្នុង​ពេល​មិនយូរ​ឡើយ ។

កាលពី​ខែមិថុនា​កន្លង​មកនេះ កងកម្លាំង​អាកាស​រុ​ស្ស៊ី​បាន​សាកល្បង​ប្រកបដោយ​ជោគជ័យ​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី ដែល​នឹង​បញ្ចូល​ក្នុង​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ។ បណ្តា​មី​ស៊ី​ល​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក គឺ​សម្រាប់​ស្ទាក់​កម្ទេច​បណ្តា​ក្បាល​គ្រាប់​នៃ​មី​ស៊ី​ល​បាលី​ស្ទិ​ក​។

ប្រទេស​រុ​ស្ស៊ី​និយាយ​ជា​ច្រើន​លើក​ថា ខ្លួន​នឹង​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក ៕