ប្រកាស​អាសន្ន​ពី​ផ្សែងភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ី

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កាលពី​ថ្ងៃ​ទី​១៩ សីហា បាន​ចេញ​ការ​ព្រមាន​ថា ពពក​ផ្សែង​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​កំពុង​តែ​រសាត់​ឆ្ពោះទៅ​បណ្តា​ប្រទេស​ជិតខាង និង​ថា​ចំនួន​កន្លែង​ភ្លើង​ឆេះ​ព្រៃ​កាន់តែ​កើន ។

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ BNPB លោក SUTOPO PURWO NUGROHO ថ្លែង​ថា ផ្សែងភ្លើង​មាន​ជាតិពុល​ហុយ​ចេញពី​ខេត្ត RIAU ចាប់ផ្តើម​លាតសន្ធឹង​ពីលើ​តំបន់​ច្រក​សមុទ្រ​ម៉ា​ឡា​កា ដែល​បែងចែក​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ចំនួន​កន្លែង​ភ្លើង​ឆេះ​ព្រៃ​មានការ​កើនឡើង​ក្នុង​ខេត្ត​កាលី​ម៉​ង់​តាន់​ខាងលិច​លើ​កោះ​ប័​រ​ណេ​អូ ។ នា​ថ្ងៃ​ទី​១៩ សីហា គេ​ជំរឿន​ឃើញ​ចំណុច​ភ្លើង​ឆេះ​ព្រៃ​ដល់​ទៅ​១៥៨​កន្លែង ។ អាជ្ញាធរ​ខេត្ត​ស្នើ​ដល់​ផ្នែក​តស៊ូ​ប្រឆាំង​គ្រោះ​មហន្តរាយ​ឱ្យ​បង្កើត​ភ្លៀង​សិប្បនិមិត្ត ដើម្បី​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ទាំងនេះ ។

ខេត្ត​ស៊ូ​ម៉ា​ត្រា និង​ខេត្ត​កាលី​ម៉​ង់​តាន់ ជា​ខេត្ត​២​របស់​ឥណ្ឌូ​ណេ​ស៊ី​ដែល​ដំណាំ​ដូងប្រេង​កំពុង​ពង្រីក​ខ្លាំង ហើយ​គេ​បាន​ដុត​រាន​ព្រៃ​ដើម្បី​ពង្រីក​ចម្ការ​ដូងប្រេង ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​រង​ការ​រិះគន់​ជា​រឿយ​ៗ​របស់​បណ្តា​ប្រទេស​ជិតខាង ដោយសារ​ផ្សែង​ពុល​នៃ​ភ្លើង​ឆេះ​ព្រៃ​មក​ពី​ការ​រាន​ដី​រាល់​ឆ្នាំ ។ បាតុភូត​នេះ​កើត​មាន​រាល់​ឆ្នាំ​ពេល​រដូវ​ក្តៅ​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ ។ ផ្សែងភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ​បំផុត​គឺ​កាលពី​ឆ្នាំ​២០១៥ ។ នា​ឆ្នាំ​នោះ ពពក​ផ្សែង​បាន​ហុយ​ប៉ះពាល់​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី រហូត​ដល់​ថៃ៕