ក្រុមហ៊ុន Sanofi អញ្ជើញ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​មក​ចែករំលែក​ចំណេះដឹង​ ​អំពី​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​

ក្រុមហ៊ុន Sanofi អញ្ជើញ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​មក​ចែករំលែក​ចំណេះដឹង​ ​អំពី​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​

​ភ្នំពេញ​-​កម្ពុជា​-​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦៖ ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​បន្ត​រៀបចំ​សិក្ខាសាលា​នៅ​សណ្ឋាគារ​ភ្នំពេញ ដោយ​បាន​អញ្ជើញ​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​ប្រមាណ​១០០​នាក់ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​អំពី​ជំងឺ​ពីរ​មុខ ដែល​ជា​ឃាតករ​លាក់​មុខ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​គឺ​៖ ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា អ្នកស្រី ដាវ ធូ​ង៉ា (Ms. Dao Thu Nga) បាន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​នោះ​ថា​៖ “​ក្រុមហ៊ុន​សាណូ​ហ្វី តែងតែបេ្ត​ជ្ញា​ធ្វើ​ការងារ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​។ ថ្ងៃនេះ គឺជា​ឱកាស​យ៉ាង​វិសេសវិសាល ហើយ​យើង​ពិតជា​សប្បាយរីករាយ ដោយ​បាន​រៀបចំ​ឲ្យមាន​វេទិកា​ជួបជុំ​ផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍​គ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម ដែល​ជា​ជំងឺ​ដ៏​កាច​សាហាវ និង​បាន​សម្លាប់​មនុស្ស​អស់​រាប់​លាន​នាក់​នៅលើ​សកលលោក​។ យើង​ទាំងអស់គ្នា​ត្រូវ​មាន​យុទ្ធសាស្ត្រ​រួម​គ្នា ក្នុង​ការ​កំណត់​រក​ជំងឺ​ទាំង​នេះ​ឲ្យបាន​លឿន តាំងពី​ដំណាក់កាល​ដំបូង​នៃ​ជំងឺ ត្រូវ​ចាប់ផ្តើម​ព្យាបាល​ឲ្យទាន់ពេល និង​ការលើកកម្ពស់​គុណភាព​ព្យាបាល​របស់​ជំងឺ​ទាំងពីរ​នេះ​។

អ្នកស្រី​បាន​បន្ថែមទៀតថា ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ជំងឺ​ទាំងពីរ​នេះ​ជា​សាធារណៈ ដែល​ស្របទៅនឹង​បេស​សកម្ម​របស់​ក្រុមហ៊ុន​សាណូ​ហ្វី​ក្នុង​ការ​ផ្តល់​ចំណេះដឹង និង​ព័ត៌មាន​ផ្នែក​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ដល់​អ្នកជំនាញ​ថែទាំ​សុខភាព និង​អ្នកជំងឺ ជាមួយនឹង​ការនាំមក​នូវ​ផលិតផល​ដែល​ជា​របកគំហើញ​ថ្មីៗ ដើម្បី​ជា​ដំណោះស្រាយ​សម្រាប់​តម្រូវកា​រ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​។​”

ក្រុមហ៊ុន Sanofi អញ្ជើញ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​មក​ចែករំលែក​ចំណេះដឹង​ ​អំពី​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​

នៅក្នុង​ឱកាស​នេះ​ដែរ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ផ្នែក​ជំងឺ​សរសៃឈាម​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​លើកឡើង​ថា​៖ «​យោងតាម​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ រៀងរាល់​១០​នាទី​ម្តង ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម នៅ​ទូទាំង​ពិភពលោក​។ មនុស្ស​ដែល​ប្រឈម​នឹង​ជំងឺ​នេះ​ខ្លាំងជាងគេ គឺ​មនុស្ស​ចាស់​អាយុ​ចាប់ពី​៥៥​ឆ្នាំ​ឡើង​ទៅ​។ ចំណែកឯ​នៅ​ប្រទេស​កម្ពុជា​វិញ ចំនួន​អ្នក​កើត​ជំងឺ​ទាំងពីរ​នេះ មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គួរឲ្យ​ព្រួយបារម្ភ ដោយសារ​អ្នកជំងឺ​ភាគច្រើន​មិន​ដឹង​ខ្លួន​ថា​កើត​ជំងឺ​នេះ​។ ពោល​គឺ​ពួកគាត់​មិន​មាន​ទម្លាប់​ពិនិត្យ និង​តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​សម្ពាធ​ឈាម​ឲ្យបាន​ទៀងទាត់​នោះ​ឡើយ ជាពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​តែម្តង​។​

​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​នៅ​ឆ្នាំ​២០០៨ មាន​មនុស្ស​ប្រមាណ ១៧,៣ លាន​នាក់​បាន​ស្លាប់ ដែល​ស្មើនឹង​៣០% នៃ​អត្រា​មរណៈ​សកលលោក​។ ក្នុងចំណោម​នោះ អ្នកស្លាប់​ចំនួន ៧,៣ លាន​នាក់ គឺ​ដោយសារ​ជំងឺ​បេះដូង និង ៦.២​លាន​នាក់​ផ្សេង​ទៀត​ស្លាប់​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​គឺ​រង​ផលប៉ះពាល់​ច្រើនជាងគេ​។ ការស្លាប់​ដោយសារ​ជំងឺ​លើ​សម្ពាធ​ឈាម​ជាង​៨០% គឺ​កើតឡើង​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម​ក្នុង​អត្រា​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី​។​

ក្រុមហ៊ុន Sanofi អញ្ជើញ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​មក​ចែករំលែក​ចំណេះដឹង​ ​អំពី​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​

លោក​វេជ្ជបណ្ឌិត ថេង យូ​ដាលីន អ្នកឯកទេស​ខាង​ជំងឺ​សរសៃឈាម លើសឈាម និង​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក៏​បាន​ចែករំលែក​ទិន្នន័យ និង​ចំណេះដឹង​ជាក់ស្តែង​អំពី​ជំងឺ​លើស​សម្ពាធ​ឈាម​៖ “​តាម​ការអង្កេត STEPS របស់​ក្រសួង​សុខាភិបាល​ក្នុង​ឆ្នាំ​២០១០ បង្ហាញថា ប្រេ​វ៉ាឡង់​នៃ​អ្នក​កើត​ជំងឺ​លើស​សម្ពាធ​ឈាម គឺ​មាន​ប្រមាណ​១១,២% នៃ​ប្រជាជន​ពេញវ័យ​ក្នុងប្រទេស​កម្ពុជា​។ មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​៥៥​ឆ្នាំ ដល់ ៦៤​ឆ្នាំ គឺ​រង​ផលប៉ះពាល់​ច្រើនជាងគេ​ក្នុង​អត្រា​ប្រេ​វ៉ាឡង់​ដល់​ទៅ ២៤,២%​។ នៅក្នុង​របាយការណ៍​អង្កេត​នោះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺ​ទឹកនោម​ផ្អែម​គឺ ២,៣% នៅក្នុង​តំបន់​ជនបទ និង​៥,៦%​នៅ​ទីក្រុង​។ ហើយ​មនុស្ស​ដែល​មាន​អត្រា​កើត​ជំងឺ​នេះ​ច្រើនជាងគេ គឺ​មនុស្ស​វ័យ​ចំណាស់​ចាប់ពី​អាយុ​៦៥​ឆ្នាំ ទៅ ៦៩​ឆ្នាំ​ក្នុង​អត្រា​ប្រេ​វ៉ា​ឡង់​៦%​។ អត្រា​នៃ​ជំងឺ​ទាំងពីរ​មុខ​នេះ​កំពុង​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​គួរឲ្យកត់សម្គាល់ និង​ព្រួយបារម្ភ​។​”

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​នៅ​ឆ្នាំ​២០១០ មាន​អ្នកជំងឺ​តែ​៤៥,៥% នៃ​អ្នក​ជំងឺលើសឈាម​និង​៥០,៣% នៃ​អ្នកជំងឺ​ទឹកនោម​ផ្អែម ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​។ នៅក្នុង​ពេល​ជាមួយគ្នា​នោះដែរ មានតែ​២៨,៦% នៃ​អ្នកជំងឺ​លើស​សម្ពាធ​ឈាម និង ២៣,៩% នៃ​អ្នកជំងឺ​ទឹកនោម​ផ្អែម​តែ​ប៉ុណ្ណោះ ដែល​ទទួលបាន​ការគ្រប់គ្រង​កម្រិត​ជំងឺ​ដោយ​ជោគជ័យ​ទៅ​តាម​គោលដៅ​របស់​គ្រូពេទ្យ​។​

ចំពោះ​ករណី​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​ភាគច្រើន បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់​, អាហារ​មិន​សមស្រប​សម្រាប់​សុខភាព និង​មិន​ធ្វើ​លំ​ហាត់ប្រាណ​ដែល​ធ្វើ​ឲ្យ​ជា​តិខ្លាញ់​ក្នុង​ឈាម​ឡើង​ខ្ពស់ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ជា​ហេតុ​បង្កើន​សម្ពាធ​ឈាម​។​

​ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម សុទ្ធសឹងតែ​មិន​បានដឹងថា​ខ្លួនឯង​មាន​ជំងឺ​នេះ ដោយសារ​តែ​ជា​ទូទៅ​ពុំ​មាន​រោគសញ្ញា​។ ក៏ប៉ុន្តែ​រោគសញ្ញា​ទូទៅ​ដែល​ទទួលបាន​ពី​ផល​លំបាក​របស់​អ្នកជំងឺ​មានដូចជា​៖ ទន់​មួយ​ចំហៀង​ខ្លួន ហត់ ឈឺ​ដើមទ្រូង និង​ហើមជើង​។ លើសពីនេះ​តាម​ការបញ្ជាក់​របស់ លោក​វេជ្ជបណ្ឌិត ថេង យូ​ដាលីន ឲ្យដឹងថា មាន​រោគសញ្ញា​មួយចំនួន​តូច​ផ្សេងទៀត មានដូចជា​ឈឺក្បាល វិលមុខ រោយ​ក ឬ​ឈាម​ច្រមុះ​ជា​ដើម​។

​លោក​វេជ្ជបណ្ឌិត អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​មាន​វ័យ​ចំណាស់​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង ទៅ​គួរតែ​ទៅ​ពិនិត្យ​សុខភាព​ឲ្យបាន​យ៉ាងតិ​ច ១ ទៅ ២ ដង​ក្នុង​មួយឆ្នាំ ដើម្បី​តាមដាន​កម្រិត​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ លោក​វេជ្ជបណ្ឌិត ក៏​បាន​ដាស់តឿន​ទៅកាន់​អ្នកជំងឺ ឬ​អ្នក​ដែល​មិន​ទាន់​មាន​ជំងឺ​ក្តី គួរ​ចងចាំ​ថា ការការពារ និង​រក្សា​ស្ថេរភាព​សុខភាព​ពី​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សំពាធ​ឈាម​គឺ​មិនមែន​តែ​ថ្នាំ​មួយ​មុខ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ការយកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សុខភាព​ដោយ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ កាត់បន្ថយ​ការជក់បារី កាត់បន្ថយ​ការ​ពិសារ​ស្រា និង​កាត់បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​។

​អំពី​ក្រុមហ៊ុន សាណូ​ហ្វី​    ​
​ក្រុមហ៊ុន សាណូ​ហ្វី​ដែលជា​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​មួយ​លើ​ពិភពលោក បាន​រកឃើញ​, និង​កែច្នៃ ព្រមទាំង​ចែកចាយ​ផលិតផល​ដែល​ផ្តោត​សំខាន់​លើ​តំរូវការ​របស់​អ្នកជំងឺ​ជា​ចម្បង​។ ក្រុមហ៊ុន សាណូ​ហ្វី មាន​ចំនុច​ស្នូល​សំខាន់ៗ​ចំនួន​៥ ក្នុង​វិស័យ​ថែទាំ​សុខភាព​ដែល​មាន​ដូចជា​៖ ផ្នែក​ទឹកនោមផ្អែម​និង​សរសៃឈាម​បេះដូង​, វេជ្ជសាស្ត្រ​ទូទៅ និង​ទីផ្សារ​ថ្មីៗ​, សាណូ​ហ្វី Genzyme , សាណូ​ហ្វី​ប៉ាស្ទ័រ និង​សុខភាព​សត្វ​។ ក្រុមហ៊ុន សាណូ​ហ្វី​បាន​ចុះបញ្ជី​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស (EURONEXT: SAN) និង​នៅ​ទីក្រុង​ញូវយ៉ក (NYSE: SNY)​។​
​អំពី​ក្រុមហ៊ុន សាណូ​ហ្វី​កម្ពុជា​
​ក្រុមហ៊ុន សាណូ​ហ្វី​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩២ តាមរយៈ​ការិយាល័យ​តំណាង​Roussel Uclaf ហើយ​បាន​ក្លាយជា Société Roussel Cambodge ក្នុង​ឆ្នាំ​១៩៩៣​។​

​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ដែល​ជា​សាខា​នៃ​ក្រុមហ៊ុន​ថែទាំ​សុខភាព​សកល បាន​យកចិត្តទុកដាក់​យ៉ាងខ្ពស់​ទៅលើ​អតិថិជន បុគ្គលិក និង​ជា​ពិសេស​នោះ​ប្រជាជន​ដែល​ពឹងផ្អែក​លើ​ឱសថ​ជាប្រចាំ​។ ដោយ​ផ្តោត​លើ​តម្រូវការ​របស់​អតិថិជន​, ក្រុមហ៊ុន សាណូ​ហ្វី កម្ពុជា បាន​ប្តេជ្ញា​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​ថ្នាំពេទ្យ​របស់ខ្លួន អាច​ទៅដល់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។ តាមរយៈ​បទពិសោធន៍​លើសពី ២០​ឆ្នាំ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន     សាណូ​ហ្វី ដោយ​បាន​ធ្វើ​ការសហកា​រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ។

​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ ក្រុមហ៊ុន​សាណូ​ហ្វី​ជា​ដៃគូ​ដូចជាៈ វេជ្ជបណ្ឌិត ឱសថ​ការី គិលានុបដ្ឋាយិកា និង​ឆ្មប ដោយ​បាន​រៀបចំ  ជា​ព្រឹត្តិការណ៍​ផ្សេងៗ​ដើម្បី​ចូល​រូ​ម​ផ្សព្វផ្សាយ អប់រំ និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​នៅ កម្ពុជា​។​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។