បើក​ម៉ូតូ​ឆាប​គេ​ពេញ​ផ្លូវ ទីបំផុត​ដេក​រដូករណែល​ពេញ​ផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជិះ​ម៉ូតូ​រេ​ឆាប​គេ​ពេញ​ផ្លូវ​រួច​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩C ត្រង់​ចំណុច​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​ពី​សាក្សី​បានឃើញ​ហេតុការណ៍​នេះ ប្រាប់​ថា ដំបូង​គាត់​ឃើញ​បុរស​៣​នាក់​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ  1N 9829  បើក​រេ​ឆាប​ចុះឡើង​ៗ​ពេញ​ផ្លូវ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កន្លែង​កើតហេតុ ម៉ូតូ​បាន​ជ្រុ​ក​ទៅ​បុក​រថយន្ត ម៉ាក​នី​សាន់​ដឹក​ទំនិញ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក​-2965-​ភព​2 ត្រូវ​ថ្ពាល់​រថយន្ត​ខាងឆ្វេង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​ឲ្យ​ឈ្មោះ ខ្ច​ង ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បុ​ស្ប​ឡោក ឃុំ​សឿ ស្រុក​មង្គលបុរី ដែល​ជា​អ្នក​បើ​ម៉ូតូ​ស្លាប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ង៉ែត វុន ស្លាប់ រីឯ​ឈ្មោះ ផ​ន សំ រង​របួស​បាក់ឆ្អឹង​ភ្លៅ​ខាងស្តាំ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕