ចាប់​ជនសង្ស័យ​ប្លន់​៣​នាក់​មាន​កាំភ្លើង​ច្នៃ​២​ដើម

ខេត្តសៀមរាប ៖ កម្លាំង​ការ​រិ​យា​ល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប របស់​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពួក​ចំនួន​៥​នាក់ មាន​រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃ​ទី​១៨ សីហា ២០១៦ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​ទទួល​បន្ទុក​ការងារ​ព័ត៌មាន  និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស បាន​ចុះ​ដល់​ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប និង​ភូមិ​គោក​ឬ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប ព្រមទាំង​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប ដើម្បី​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ 256/2016 និង​លេខ 257/2016. នឹង​លេខ​.268/2016 របស់​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​ចូលខ្លួន​។ ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​បានជា​បន្តបន្ទាប់​ធ្វើ​ឡើង​នៅ​ចំណុច​៣​កន្លែង​ផ្សេង​គ្នា​នៅ​ថ្ងៃ​តែ​មួយ គឺ​ថ្ងៃ​ទី​១៨ សីហា ២០១៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក ខេត្តសៀមរាប​។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​៣​កន្លែង​ផ្សេង​គ្នា​នោះ​មាន​៖ ១-​ឈ្មោះ ទាវ ស៊ី​និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ២-​ឈ្មោះ​ហែម សំអាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក​ឬ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក និង​៣-​ឈ្មោះ ឆាង ហ៊ីង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​លក់​ត្រី​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។​អ្នក​ទាំង​៣ ត្រូវ​តុលាការ​ចោទ​ពី​បទ​អំពើ​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​ប្រដាប់​អាវុធ​) កាលពី​ថ្ងៃ​ទី​៦ មេ​សា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​ឬ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ រួច​មក​កម្លាំង​ជំនាញ​បាន​ឆែកឆេរ​នៅ​ក្នុងផ្ទះ​រក​ឃើញ​នូវ​វត្ថុ​តាង​រួម​មាន អាវុធ​កែ​ច្នៃ​ចំនួន​២​ដើម។