ពេល​យប់​ជិះ​ម៉ូតូ​ចេញ​ទៅ ព្រឹក​ឡើង​ឃើញ​ខ្មោច

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​សីហា​ថា គេ​នៅ​មិន​ទាន់​មាន​តម្រុយ​ជាក់លាក់​អំពី​មុខសញ្ញា​ជនសង្ស័យ​ដែល​សម្លាប់​បុរស​ម្នាក់​នៅ​ក្នុង​ចំការ​ដំឡូង​មី ប្លន់​យក​ម៉ូតូ​ទាំង​កណ្ដាល​យប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ក្នុង​ឃុំ​អូរ​សំរិល ស្រុក​សំឡូត នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ​កំពុង​មមាញឹក​ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​ហើយ​។
អធិការរង​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា មន្ត្រី​ជំនាញ​កំពុង​បន្ត​ការ​ស៊ើបអង្កេត​នៅ​តំបន់​កើតហេតុ ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូត​ដល់​ពេល​នេះ​។

លោក​ថា ជនសង្ស័យ​ដែល​សម្លាប់​ជន​រង​គ្រោះ រួច​ប្លន់​យក​ម៉ូតូ​នោះ​ទំនងជា​មនុស្ស​ស្គាល់គ្នា​អាច​មាន​បក្ខពួក​លើស​ពី​២​នាក់ ហើយ​ក៏​អាច​ជា​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ជាមួយ​គ្នា​ផង​ដែរ​។ ប៉ុន្តែ​លោក​អធិការរង​រូប​នេះ​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​មិន​ទាន់​មាន​តម្រុយ​ជាក់លាក់​អំពី​មុខសញ្ញា​ជន​ដៃដល់​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​យ៉ាង​ដុតដៃដុតជើង​នៅឡើយ​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ឈ្មោះ អ៊ុ​ល ច​ន អាយុ​២៦​ឆ្នាំ ដេក​ស្លាប់​នៅ​ក្នុង​ចំការ​ដំឡូង​មី​មួយ​កន្លែង​នៅ​ភូមិ​អូរ​ចម្លងរ​ម៉ាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត ដែល​ពោរពេញ​ទៅ​ដោយ​ឈាម​ជោកជាំ​។ ជន​រង​គ្រោះ​មាន​ស្នាម​ចាក់​លើ​ខ្លួន​ចំនួន​៦​កន្លែង បណ្ដាល​ឲ្យ​ស្លាប់ រួច​ក្រុម​ជន​ដៃដល់​បាន​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ជិះ​គេចខ្លួន​បាត់​ទាំង​យប់​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​ប្លន់​សម្លាប់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​១០​យប់ ថ្ងៃ​ទី​១៨ សីហា​។ ជន​ដៃដល់ និង​ជន​រង​គ្រោះ​អាច​ជា​មនុស្ស​ស្គាល់គ្នា​នៅ​ក្នុង​មូលដ្ឋាន លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព ពេល​ពួក​គេ​ទៅ​បាញ់ថ្នាំ​ស្មៅ​នៅ​ចំការ​។

បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា នៅ​យប់​នោះ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ឌុ​ប​គ្នា​២​នាក់​ជិះ​អម​ជាមួយ​ផង​។ ពួក​គេ​ជា​មនុស្ស​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ សាក្សី​បន្ត​ថា គេ​មិនដឹង​ថា​ពួក​គេ​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ណា​ទាំង​យប់​នោះ​ទេ លុះ​ព្រឹក​ឡើង​ក៏​មានការ​ភ្ញាក់ផ្អើល​ថា ឈ្មោះ​អ៊ុ​ល ច​ន ត្រូវ​គេ​សម្លាប់​នៅ​ក្នុង​ចំការ​ដំឡូង ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១​គីឡូម៉ែត្រ ទើប​អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើល ហើយ​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។