សង្ស័យ​ពុល ទៅ​ស្លាប់​នៅ​មណ្ឌល​សុខភាព

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​សង្ស័យ​ពុល​អាហារ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្នាក់ឯង​នៅ​មណ្ឌល​សុខភាព​អូរ​អាម ដោយ​គ្មាន​សាច់ញាតិ​ណា​ម្នាក់​នៅ​ក្បែរ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ សីហា ២០១៦ ស្ថិត​ក្នុង​មណ្ឌល​សុខភាព​អូរ​អាម ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា គេ​បានឃើញ​រថយន្តឈ្នួល​១​គ្រឿង​ដឹក​អ្នកដំណើរ​ចេញពី​ខេត្តមណ្ឌលគិរី លុះ​មក​ដល់​មុខ​លំនៅ​ឋាន​អភិបាលស្រុក​កែវ​សីមា នៅ​ម៉ោង​ប្រមាណ​ជា​៦​ព្រឹក​មុន​កើតហេតុ រថយន្តឈ្នួល​ខាងលើ បាន​ឈប់​ចត​អោយ​បុរស​ម្នាក់​ចុះ​។ បន្តិច​ក្រោយមក​គេ​ក៏​បានឃើញ​បុរស​នោះ​ចុះឡើង​ៗ​មាន​សភាព​ដូច​ជា​រាគ​រូស ឃើញ​សភាព​មិន​ស្រួល​ក្រុម​ប្រជា​កា​ពារ​ភូមិ​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​។

គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​សុខភាព បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ដល់​មណ្ឌល​សុខភាព និង​ដើរ​ចូល​បង្គន់​ម្តង​ទៅ​២​ដង ដោយ​មិន​មាន​និយាយ​ស្តី​ជាមួយ​គ្រូពេទ្យ​នោះ​ទេ​។​លុះ​ចេញពី​បង្គន់​វិញ ជន​រង​គ្រោះ​ក៏​សំដៅ​ទៅ​លើ​គ្រែ​ក្នុង​បន្ទប់​សម្ភព រួច​ក៏​បែកពពុះមាត់ សន្លប់​លែង​ដឹងខ្លួន​តែ​ម្តង​។ គ្រូពេទ្យ​ថា បាន​ព្យាយាម​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែរ តែ​ជន​រង​គ្រោះ​នោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។ គ្រូពេទ្យ​បញ្ជាក់​ថា ស្ថានភាព​នៃ​ជន​រង​គ្រោះ មាន​សភាព​រាគ​រួស​លាយ​ឈាម និង​បែកពពុះមាត់ ដោយ​សង្ស័យ​បឋម​ថា ជា​ករណី​ពុល​។

នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ខ្ទុ​ម លោក ជិន សុ​ខន បាន​សហការ​គ្នា​ជាមួយ​អាវុធហត្ថ​ចុះ​ត្រួតពិនិត្យ​សព​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ និង​បាន​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​នឹង​ស្លាប់​ដោយសារ​ករណី​ពុល​អាហារ​។ ទោះជា​យ៉ាងណា​ការ​សន្និដ្ឋាន​ខាងលើ​សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រាកដ​១០០​ភាគរយ​នៅឡើយ ដោយ​រង់ចាំ​ក្រុម​ជំនាញ​បើក​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ម្តងទៀត​។

នគរបាល​បញ្ជាក់​ថា ក្នុង​លិខិត​សម្គាល់​ខ្លួន​ជន​រង​គ្រោះ​មានឈ្មោះ កង បុណ្យ ភេ​ទ្យ​ប្រុស អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ព្រៃ​ស្វាយ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ជៀ​ច ខេត្ត​ព្រៃ​វែង​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​តម្កល់​ទុក​នៅ​មណ្ឌល​សុខភាព រង់ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម និង​ផ្តល់​ព័ត៌មាន​ឱ្យ​សាច់ញាតិ​មក​ទទួល​ទៅ​ធ្វើបុណ្យ​៕