ឈើ​កែ​ច្នៃ​មិច​មុន​អត់​ចាប់​ទេ ម្តងនេះ​ចាប់​ហើយ

ខេត្តមណ្ឌលគិរី ៖ រថយន្ត​សាំ​យ៉ុ​ង​០៣​គ្រឿង ត្រូវ​បាន​កម្លាំង​របស់​អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ សហការ​ជាមួយ​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រួម​នឹង​កម្លាំង​អន្តរា​គមន៍​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី បង្ក្រាប ខណៈ​ដែល​រថយន្ត​ទាំង​០៣​នេះ ដឹកឈើ​កែ​ច្នៃ​ខុសច្បាប់​នៅ​ក្នុង​រថយន្ត​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្រៅ​ខេត្ត​ដែល​ពី​មុន​ដឹក​ម៉ា​សេរី ។

ហើយ​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ សីហា នេះ ត្រង់​ចំណុច​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក កាន់ ពេញ អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​ប​បង្ក្រាប​រថយន្ត​ខាងលើ កម្លាំង​សមត្ថកិច្ច និង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ចំនួន​០២​នាក់ ១-​ឈ្មោះ ម៉ិច ម៉ាច ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ២-​ឈ្មោះ ម៉ិច តុង​ឡេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដូច​គ្នា ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ នៅ​ពេល​សមត្ថកិច្ច និង​ជំនាញ​ចុះ​បង្ក្រាប​។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ឈើ​ដែល​រថយន្ត​ខាងលើ​ផ្ទុក​ក្នុង​រថយន្ត​សុទ្ធតែ​ឈើ​កែ​ច្នៃ​ជា​ទ្វារ និង​បង្អួច បើ​គិត​ជា​ម៉ែត្រគូប​នៅ​មិន​ទាន់​ដឹង​នៅឡើយ ពីព្រោះ​ជំនាញ​មិន​ទាន់​ធ្វើការ​វាស់វែង ចំណែក​រថយន្ត​០៣​គ្រឿង និង​ជនសង្ស័យ​០២​នាក់ ព្រមទាំង​ឈើ​កែ​ច្នៃ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច និង​ជំនាញ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋ​ព្រៃឈើ ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕