ម្នាក់​វ៉ៃ​ម្តាយ​ឯង ម្នាក់​ទៀត​បំផ្លាញ​សម្បត្តិ​អ្នក​ដទៃ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​០២​នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ហិង្សា​ដោយ​ចេតនា​ពីរ​ករណី​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ហើយ នា​រសៀល​ថ្ងៃ​ទី​២០​សីហា នេះ បន្ទាប់​ពី​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​19 សីហា 2016 នៅ​ក្នុង​សង្កាត់​លេខ​៣ និង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​លើ​ករណី​ពីរ​ផ្សេង​គ្នា កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជន​បង្ក​ចំនួន​ពីរ​នាក់​នៅ​ទីតាំង​ផ្សេង​គ្នា ដោយ​ជនសង្ស័យ​ទី​1-​ឈ្មោះ កៅ សុខ​ជ័យ ភេទ​ប្រុស អាយុ​31​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​05 ភូមិ​03 សង្កាត់​03 ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ករណី​ហិង្សា (​វាយ​ទៅ​លើ​ម្តាយបង្កើត​) និង 2-ឈ្មោះ ទូច ដេ​ត ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​កម្មករ​នេសាទ មាន​ទីលំនៅ​ក្រុម​02 ភូមិ​01 ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ករណី​ហិង្សា និង​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២០ សីហា យុវជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ហើយ​៕