ដើរ​រក​គ្រប់​ទិស​ទី​តែ​មិនឃើញ ពេល​ឃើញ​អាក្រាត​កាយ​ឡើង​ស្អុយ​ទៅ​ហើយ

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​បងប្អូន​ដើរ​រក​គ្រប់​ទិស​ទី នៅ​តែ​រក​មិនឃើញសោះ ស្រាប់តែ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ មាន​គេ​ប្រទះ​ឃើញ​ស្លាប់​ទាំង​អាក្រាត​កាយ​ឡើង​ហើម​ស្អុយ​នៅ​ក្នុង​ចម្ការ​អំពៅ​មួយ​កន្លែង​នៅ​ជាយ​ភូមិ​៤ ឃុំ​ប៉ា​រ៉ៃ ស្រុក​រញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

យោង​តាម​របាយការណ៍​របស់​ប៉ូលិស​ថៃ​បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​ដែល​គេ​ប្រទះ​ឃើញ​នេះ អាច​ស្លាប់​មិន​តិច​ជាង​៣​ថ្ងៃ​ទេ ។

ស្ត្រី​ម្នាក់​ឈ្មោះ រិ​ន ភាព ជា​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​ថៃ​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ នឹម សេ​ម អាយុ​ជាង​៧០​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​រស់នៅ​ក្នុងភូមិ​កើតហេតុ ។ ស្ត្រី​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៦​ម្ល៉េះ ទោះបីជា​សាច់ញាតិ​ខំ​ដើរ​រក​យ៉ាងណា​ក៏​ដោយនៅ​តែ​រក​មិនឃើញ ទើបតែ​ពេល​នេះ​ស្រាប់តែ​ឃើញ​ស្លាប់​ទាំង​អាក្រាត​នៅ​ក្នុង​ចម្ការ​អំពៅ​នេះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ព្យាយាម​រក​មើល​ជុំវិញ​កន្លែង​កើតហេតុ​ក្រែង​ប្រទះ​ឃើញ​ភស្តុ​តាង​ផ្សេង​ៗ តែ​គ្មាន​ប្រទះ​ឃើញ​អ្វី​ទាល់តែ​សោះ ធ្វើ​សមត្ថកិច្ច​ថៃ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ៕