ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​តាម​បង​ទៅ​រក​ត្រី រអិល​ជើង​លង់​ស្លាប់

រាជធានី​ភ្នំពេញ​៖ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​លង់ទឹក​ក្នុង​ខណៈ​ពេល​ដែល​នាង ទៅ​តាម​បងប្រុស​របស់​នាង​ម្នាក់ រួម​នឹង​ក្មេង​ៗ​នៅ​ក្នុងភូមិ​ចំនួន​៣​នាក់​ទៀត​ទៅ​រក​ត្រី នៅ​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង បន្ទាប់​មក​បាន​នាំ​គ្នា​ចុះ​ងូតទឹក​លេង ក៏​បាន​លង់​ស្លាប់​តែ​ម្ដង ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អ្នក​ភូមិ​នាំ​គ្នា​ចុះ​រាវរក​ឃើញ​ភ្លាម​ៗ និង​បាន​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅផ្ទះ ។

ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១ សីហា ២០១៦ នៅ​ក្នុងភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ឈ្មោះ ហៀ​ង សុភ​ក្ដិ រ៉ា​ឌី អាយុ​៦​ឆ្នាំ មាន​ម្ដាយ​ឈ្មោះ យូ ភក្ដី អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ នាង​ជា​ក្មេង​កំព្រា​ឪពុក ដោយ​ឪពុក​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ ស្លាប់​ចោល​នាង​និង​ម្ដាយ ព្រមទាំង​បងប្រុស​ច្រើន​ឆ្នាំ​មក​ហើយ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​នៅ​ជាមួយ​យាយ​តា ចំណែក​ម្ដាយ​បាន​ទៅ​ធ្វើការ​រោងចក្រ ក្រោយមក​នាង​បាន​ចេញពីផ្ទះ​ទៅ​តាម​បងប្រុស​នាង​ម្នាក់​ទៀត ដែល​មាន​អាយុប្រមាណ​៨​ឆ្នាំ រួម​ជាមួយ​នឹង​ក្មេង​ៗ៣​នាក់​ផ្សេង​ទៀត បាន​នាំ​គ្នា​ទៅ​រក​ចាប់​ត្រី និង​ដើរ​លេង​នៅ​ចំណុច​រណ្ដៅ​ដី​កន្លែង​កើតហេតុ​ខាងលើ​។ ខណៈនោះ​នាង​បាន​ចុះ​ទៅ​ងូតទឹក បន្ទាប់​មក​បាន​រអិល​ជើង​ទៅ​កន្លែង​ជ្រៅ បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែ​ម្ដង​។ ចំណែក​បងប្រុស​នាង​រួម​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត បន្ទាប់​ពី​បាត់​នាង បាន​នាំ​គ្នារ​ត់ទៅ​ប្រាប់​អ្នក​ភូមិ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ស្រង់​ឡើងគោក​ធ្វើការ​សង្គ្រោះ​បឋម​ដែរ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​នាំ​យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕