កម្ពុជា​បង្កើន​ទំនាក់ទំនង​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទីម័រ​ឡេស្តេ

កម្ពុជា បង្កើន​ទំនាក់ទំនង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ទីម័រ​ឡេស្តេ (Timor Leste)។ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ធ្វើ​ឡើង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេ ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា កន្លង​ទៅ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឲ្យ​ដឹង​ថា ភាគី​កម្ពុជា និង​ទីម័រ​ឡេស្តេ បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​បី ដែល​រួម​មាន​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស និង​សេដ្ឋកិច្ច ដែល​គ្រប​ដណ្ដប់​លើ​វិស័យ​ជាច្រើន ដូចជា​ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ប្រេង និង​ឧស្ម័ន ព្រម​ទាំង​ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ កម្ពុជា និង​ទីម័រ​ឡេស្តេ ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​លើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​លិខិត​ឆ្លង​ដែន​ផ្លូវ​ការ និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ទីម័រ​ឡេស្តេ ចំនួន ១០​នាក់​ក្នុង​មួយ​ឆ្នាំ ឲ្យ​មក​សិក្សា​នៅ​កម្ពុជា។ លោក​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ចង់​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទីម័រ​ឡេស្តេ និង​អះអាង​ថា កម្ពុជា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ជា​ជំនួយ​បច្ចេកទេស និង​បទពិសោធន៍​ដល់​ប្រទេស​ដែន​កោះ​មួយ​នេះ ចំពោះ​គម្រោង​ស្នើសុំ​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេ (Democratic Republic of East Timor) ជា​ដែន​កោះ​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទើប​ផ្តាច់​ខ្លួន​ពី​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​១៩៩៩ និង​ប្រកាស​ខ្លួន​ជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​នៅ​ខែ​ឧសភា ឆ្នាំ​២០០២។ នៅ​ឆ្នាំ​២០០២ ដដែល ប្រទេស​ទីម័រ​ឡេស្តេ បាន​ក្លាយ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ។ ទីម័រ​ឡេស្តេ ជា​សមាជិក​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​ព័រទុយហ្គាល់ (Portugal) និង​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​គោរព​គ្រិស្តសាសនា​ដូច​ប្រទេស​ហ្វីលីពីន ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។