កីឡាករ ឡៅ ស៊ី​ណាត ចង់​បន្ត​អាជីព​ប្រដាល់ តែ​ខ្លាច​រងរបួស​ស្មងជើង​ម្តងទៀត និពន្ធដោយ : សឿន វណ្ណឌេត       August-21-2016, 5:20 pm         232

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាករ ឡៅ ស៊ី​ណាត ចង់​បន្ត​អាជីព​ប្រដាល់ តែ​ខ្លាច​រងរបួស​ស្មងជើង​ម្តងទៀតកីឡាករ​ប្រដាល់​ជើងចាស់ ឡៅ ស៊ី​ណាត អាច​ដើរ​បាន​ធម្មតា១០០ភាគរយ​ហើយ ក្រោយពី​ដេក​សម្រាក​ព្យាបាល​ស្មងជើង​នៅផ្ទះ​អស់​រយៈពេល​ជាង៧ខែ។ ប៉ុន្តែ​មិនទាន់​អាច​ហ្វឹកហាត់​ដូច​មុន​នោះទេ ព្រោះ​នៅមាន​សភាព​ចុកចាប់តិចៗ ដោយសារ​មិនទាន់​ដក​ដែក​អប​ចេញ​នៅឡើយ។ កីឡាករ ឡៅ ស៊ី​ណាត ចង់​បន្ត​អាជីព​កីឡាករ​ប្រដាល់​ណាស់ ប៉ុន្តែ​មិន​ទុកចិត្ត​ខ្លួនឯង ដោយ​ខ្លាចរអា​ល​មាន​បញ្ហា​បាក់​ស្មងជើង​កើតឡើង​ម្តងទៀត។

បើសិនជា​សះស្បើយ​ធម្មតា​វិញ តើ​លោក​ចង់​បន្ត​អាជីព​ប្រដាល់​របស់លោក​ទៀត​ដែរ​ទេ? ឆ្លើយតប​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ កីឡាករ​វ័យ៣២ឆ្នាំ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា៖«ជើង​បែបនេះ(នៅ​ឈឺ)មិនអាច​ហ៊ាន​ទៀត​ទេ​បង ចង់​ចេះតែ​ចង់​ហើយ តែ​អត់​ហ៊ាន​ខ្លាច​បាក់ជើង​ស្មងជើង​ម្តងទៀត​នាំ​ឲ្យ​ឈឺ​ពិបាក»។ ដែក​អប​ស្មងជើង​កីឡាករ​ឡៅ ស៊ី​ណាត នឹង​ដកចេញ​ក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះបីជា​ខ្លាច​ក្នុង​ការបន្ត​អាជីព​ជា​កីឡាករ​ប្រដាល់​ក៏ដោយ ប៉ុន្តែ​រូបគេ​មិន​ឃ្លាតឆ្ងាយ​ពី​វិស័យ​កីឡា​មួយ​នេះឡើយ ពោលគឺ​នឹង​បន្ត​អាជីព​ជា​មន្ត្រី​បច្ចេកទេស(ចៅក្រម,អាជ្ញាកណ្តាល)ជំនួស​វិញ​ម្តង ព្រោះ​បច្ចុប្បន្ន​រូបគេ​កំពុង​ហ្វឹកហាត់​ជំនាញ​នេះ ក្រោយពី​ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​រូបនេះ​បាន​សន្យាថា នឹង​ឲ្យ​កីឡាករ ឡៅ ស៊ី​ណាត ធ្វើជា​ចៅក្រម និង​អាជ្ញាកណ្តាល​ប្រចាំ​ស្ថានីយទូរទស្សន៍​របស់លោក។

កាលពីពេលថ្មីៗនេះ​កីឡាករ ឡៅ ស៊ី​ណាត បាន​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​ពង្រឹងសមត្ថភាព​មន្ត្រី​បច្ចេកទេស ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាប្រដាល់​អស់​រយៈពេល៥ថ្ងៃ​ថែមទៀត ដើម្បី​ត្រៀម​ធ្វើជា​មន្ត្រី​បច្ចេកទេស​ចៅក្រម និង​អាជ្ញាកណ្តាល​នេះ​ក្រៅពី​រៀន​ជំនាញ​ធ្វើ​ចៅក្រម និង​អាជ្ញាកណ្តាល​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន។

គួរ​បញ្ជាក់ថា ឡៅ ស៊ី​ណាត ត្រូវបាន​កីឡាករ​ថៃ​ទាត់​ឲ្យ​បាក់​ស្មងជើង​ខាងឆ្វេង នៅលើ​សង្វៀន​បាយ័ន កាលពីដើម​ខែមករា ឆ្នាំ២០១។ ស៊ី​ណាត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី ភ្លាមៗ និង​ត្រូវបាន​វះកាត់​ដាក់​ដែក​អម​ស្មងជើង​ដែល​បាន​បាក់ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា ដែក​ដែល​បានដាក់​អម​នោះ លុះត្រាតែ​គ្រប់១ឆ្នាំ ទើប​អាច​វះ​យកចេញ​វិញ​បាន ហេតុនេះ​បើ​គិត​មកដល់ពេលនេះ​គឺ​ទើបតែ​បាន​ប្រហែល៧ខែ​ទេ៕