ពលរដ្ឋ​បឹងកក់​នឹង​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​តុលាការ​ឲ្យ​ដោះលែង​សកម្មជន​ពីរ​រូប

ប្រជាពលរដ្ឋ​នៃ​សហគមន៍​បឹងកក់ នឹង​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​សហគមន៍​ពីរ​រូប​ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ សីហា ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​ក្នុង​សហគមន៍​បឹងកក់។

អ្នកស្រី បូវ សោភា និង​អ្នកស្រី ទេព វន្នី នឹង​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ថ្ងៃ​ទី​២២ សីហា។ កាល​ពី​ថ្ងៃ​ទី​១៨ សីហា អ្នក​ទាំង​ពីរ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​នៅ​ថ្ងៃ​ទី​១៩ សីហា តុលាការ បាន​សួរ​នាំ​អ្នកស្រី ទេព វន្នី អំពី​ការ​ដឹកនាំ​អ្នក​តវ៉ា​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣។

មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​អំពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ថា អំពើ​ញុះញង់​ដោយ​ផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មធ្យោបាយ​ណា​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ដែល​ចែង​ក្នុង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​ដល់ ៤​លាន​រៀល បើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ។

ពលរដ្ឋ​សហគមន៍​បឹងកក់ កញ្ញា សុង ស្រីលាភ ជឿជាក់​ថា អ្នកស្រី បូវ សោភា និង​អ្នកស្រី ទេព វន្នី មិន​បាន​ប្រព្រឹត្ត​ខុស​នោះ​ទេ។ កញ្ញា​សង្ឃឹម​ថា ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​គេ​រិះគន់​ថា​រង​សម្ពាធ​នយោបាយ នឹង​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ៖ «យើង​មិន​សង្ឃឹម​លើ​តុលាការ​ទេ ពីព្រោះ​ជាក់ស្ដែង​យើង​មើល​ឃើញ​ថា បឹងកក់​យើង​ជាប់​ពន្ធនាគារ​ពីរ​បី​ដង​រួច​មក​ហើយ មិន​ដែល​ឃើញ​តុលាការ​ផ្ដល់​យុត្តិធម៌​ទេ។ តែ​បើ​សិន​ថ្ងៃ​ស្អែក​តុលាការ​នេះ​ពិត​ជា​ចង់​ឲ្យ​គេ​មើល​ឃើញ​ថា កែប្រែ ឯករាជ្យ ធ្វើ​ការ​ដោយ​យុត្តិធម៌ គួរ​តែ​ឲ្យ​អ្នក​ទាំង​ពីរ​នាក់​មាន​សេរីភាព​នៅ​ថ្ងៃ​ស្អែក​វិញ»

ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សប្ដាហ៍​ទី​១៦ វិញ សហគមន៍​បឹងកក់ មិន​ទាន់​ពិភាក្សា​គ្នា​ពី​គម្រោង​ថា នឹង​រៀបចំ​យុទ្ធនាការ​នេះ​បែប​ណា​នៅ​ឡើយ។

យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» រៀបចំ​ឡើង​ដោយ​យក​ថ្ងៃ​ច័ន្ទ​ជា​ថ្ងៃ​ធ្វើ​យុទ្ធនាការ ដោយ​ស្លៀកពាក់​ពណ៌​ខ្មៅ។ ថ្ងៃ​ច័ន្ទ​តំណាង​ឲ្យ​ថ្ងៃ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ៤​រូប មាន​អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ លោក នី សុខា និង​អគ្គលេខាធិការ​រង​របស់ គ..ប លោក នី ចរិយា ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ពី​បទ​សូកប៉ាន់​សាក្សី​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​រវាង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ជាមួយ​លោក កឹម សុខា ហើយ​ពណ៌​ខ្មៅ​តំណាង​ឲ្យ​សញ្ញា​ប្រកាស​អាសន្ន​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​ការ​បាញ់​សម្លាញ់​បណ្ឌិត កែម ឡី អ្នក​ធ្វើ​យុទ្ធនាការ​បាន​ទាមទារ​អាជ្ញាធរ ឲ្យ​រក​អ្នក​បាញ់​សម្លាញ់​បណ្ឌិត កែម ឡី ពិត​ប្រាកដ។ សហគមន៍​បឹងកក់ កាល​ពី​សប្ដាហ៍​មុន ក៏​អំពាវនាវ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ឲ្យ​អាជ្ញាធរ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​ចប់​សព្វគ្រប់។ អាជ្ញាធរ​តែង​តែ​ចាប់​ខ្លួន​អ្នក​ចូលរួម​យុទ្ធនាការ​នេះ ដោយ​ព្រមាន​មិន​ឲ្យ​ចូលរួម​សកម្មភាព​នេះ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។