អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បង្ក្រាប​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ជនជាតិ​វៀតណាម​មួយ​កន្លែង

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បាន​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ខុស​ច្បាប់​របស់​ឈ្មួញ​ជនជាតិ​វៀតណាម មួយ​កន្លែង ឋិត​នៅ​ចំណុច​អូចាំងហា ភូមិ​ស្រឡៅ ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ កាល​ពី​ថ្ងៃ​ទី​២០ សីហា។ ប្រតិបត្តិការ​នោះ សមត្ថកិច្ច​រឹប​អូស​ម៉ាស៊ីន​ច្រៀក​ឈើ​មួយ​គ្រឿង និង​ឈើ​ធ្នង់​ជិត ១​ពាន់​ដុំ។ ចំណែក​ជន​ល្មើស សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​ទេ។

អាជ្ញាធរ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ ឲ្យ​ដឹង​ថា សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បង្ក្រាប​នោះ ជា​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង។ សិប្បកម្ម​នោះ​បាន​ទទួល​ទិញ​ឈើ​ពី​ពលរដ្ឋ​ដឹក​ចេញ​ពី​ព្រៃ​ឡង់​ក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។ អ្នក​ភូមិ​ថា ឈ្មួញ​ជនជាតិ​វៀតណាម រូប​នោះ​បើក​សិប្បកម្ម​ជាង​មួយ​ខែ​មក​ហើយ ដោយ​ដាក់​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ជំនួស និង​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​សិប្បកម្ម​លក្ខណៈ​គ្រួសារ។

សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង លោក ឈៀង វុទ្ធី កត់​សម្គាល់​ថា ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង គឺ​ជា​ឈ្មួញ​ដុះ​ស្លែ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​ល្បី​ខាង​ប្រមូល​ទិញ​ឈើ​តាម​ដង​ទន្លេ​សេសាន និង​ទូទាំង​ខេត្ត​ស្ទឹងត្រែង ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថា ឈ្មួញ​រូប​នោះ​មាន​រោង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម ៣​កន្លែង​ក្នុង​ខេត្ត​ស្ទឹងត្រែង ហើយ​រោង​សិប្បកម្ម​ធំ​ជាង​គេ គឺ​ឋិត​នៅ​ឃុំ​ព្រះបាទ ក្រុង​ស្ទឹងត្រែង ជាប់​មាត់​ទន្លេ​ក្បែរ​ស្ពាន​មេគង្គ។ លោក​កត់​សម្គាល់​ថា នៅ​ពេល​ពលរដ្ឋ​ឃើញ​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ បាន​រាយការណ៍​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដើម្បី​បង្ក្រាប តែ​ពុំ​មាន​លទ្ធផល​ទេ តែ​បែរ​ជា​ឈ្មួញ​ជនជាតិ​វៀតណាម រូប​នោះ​គំរាម​កំហែង​ពលរដ្ឋ​វិញ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ ហាក់​ត្រូវ​ថ្នាំ​សណ្ដំ​ឈ្មួញ​រូប​នោះ បន្ទាប់​ពី​ដំណើរ​ការ​ដឹក​ជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ និង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​កំពុង​កើត​មាន ពុំ​មាន​ការ​ទប់ស្កាត់៖ «មួយ​ខេត្ត​ស្ទឹងត្រែង យាយ​ព្រឿង គឺ​ជា​ឈ្មួញ​ដ៏​ធំ​នៅ​ខេត្ត​ស្ទឹងត្រែង។ មន្ត្រី​រាជការ​ទាំងអស់ ក៏​អត់​ហ៊ាន​ចាប់​យាយ​ព្រឿង ទេ។ ប្រហែល​ជា​ត្រូវ​ថ្នាំ​សណ្ដំ​យាយ​ព្រឿង ហើយ​បាន​អត់​មាន​ចំណាត់​ការ​ទៅ​លើ​បទល្មើស​ព្រៃ​ឈើ។ គាត់​ធ្វើ​ធំ​ហើយ​ខ្លាំង​ជាង​គេ»

អ្នក​ភូមិ​អះអាង​ទៀត​ថា កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​ស្រុក​សេសាន ប្រទះ​ឃើញ​ឈើ​ប្រណិត​ជាង ៣០​ម៉ែត្រ​គូប​ដឹក​ជញ្ជូន​តាម​ទូក ឋិត​នៅ​ឃុំ​ស្ដៅ ស្រុក​សេសាន បំណង​មក​ទី​រួម​ខេត្ត​ស្ទឹងត្រែង។ អ្នក​ភូមិ​ថា ឈើ​ទាំង​នោះ​ជា​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង ប៉ុន្តែ​ពុំ​មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច​ទេ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ សីហា។

នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា មិន​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​លោក​ថា​កំពុង​ជាប់​រវល់។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ួច ឡេង កត់​សម្គាល់​ថា រោងចក្រ​អារ​ឈើ​កំពុង​កើត​មាន​ច្រើន​កន្លែង ហើយ​ឈ្មួញ​បាន​ប្រមូល​ទិញ​ឈើ​នៅ​គ្រប់​ទីកន្លែង ដូចជា​តំបន់​ព្រៃ​ឡង់ និង​តំបន់​ព្រៃ​ការពារ​ច្រើន​ទៀត​នៅ​ខេត្ត​ភាគ​ឦសាន។ លោក​សង្កត់​ធ្ងន់​ថា រោងចក្រ​អារ​ឈើ​ទាំង​នោះ​ជា​ប្រភព​ចម្បង​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ប្រព័ន្ធ។ លោក​រក​ឃើញ​ថា មាន​ឧកញ៉ា និង​ឈ្មួញ​មាន​អំណាច​មួយ​ចំនួន ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​កន្លង​មក ក៏​នៅ​តែ​បន្ត​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ដដែល។ ហើយ​ឈ្មួញ​ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង នៅ​តែ​បន្ត​ចរាចរ​ឈើ​ទ្រង់ទ្រាយ​ធំ បើ​ទោះ​បី​ជា​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កំពុង​បំពេញ​បេសកកម្ម​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​ក្តី៖ «ឥឡូវ​នេះ គឺ​មាន​រោងចក្រ​ពីរ​ទៅ​បី​កន្លែង​ទៀត​កំពុង​តែ​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ការពារ​ព្រៃ​ឡង់ និង​ព្រៃ​ព្រះរកា ជាដើម។ ក្នុង​នោះ យាយ​ព្រឿង ក៏​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ ហើយ​ដឹក​ឈើ​ដ៏​ចំហ ដែល​មាន​អាជ្ញាធរ​ក៏ដូចជា​កង​កម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​នៅ​ជួយ​ការពារ​មុខ​សិប្បកម្ម​ជាដើម។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង»

ពលរដ្ឋ​អះអាង​ថា មក​ទល់​ពេល​នេះ ដំណើរ​ការ​កែច្នៃ​គ្រឿង​សង្ហារិម​ខុស​ច្បាប់​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ក្នុង​ក្រុង​ស្ទឹងត្រែង មាន​ប្រមាណ ៥​កន្លែង ដូចជា រោង​សិប្បកម្ម យាយ​ព្រឿង រោង​សិប្បកម្ម​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉ឺន ហៅ ម៉ឺន និង​រោង​សិប្បកម្ម​ជនជាតិ​វៀតណាម ឈ្មោះ យាយ​បូង ជាដើម។ រោង​សិប្បកម្ម​ទាំងនោះ កំពុង​ដំណើរ​ការ​អារ​ច្រៀក​ឈើ​ក្នុង​ក្រុង​ស្ទឹងត្រែង ដោយ​សេរី និង​គ្មាន​ការ​បង្ក្រាប​ច្រើន​ឆ្នាំ​កន្លង​មក។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៦ កង​រាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ឃាត់​រថយន្ត​ធំ ឬ​ហៅ​ថា​រថយន្ត​យីឌុប​ពីរ​គ្រឿង​របស់​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ យាយ​ព្រឿង ដឹក​ឈើ​ប្រណិត​នៅ​ខេត្ត​ក្រចេះ រឹប​អូស​ឈើ​បាន​ចំនួន​ជាង ៥០​ម៉ែត្រ​គូប។ សមត្ថកិច្ច​ថា រថយន្ត​ទាំង​នោះ​បំណង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។ បន្ទាប់​ពី​ឃាត់​រថយន្ត​នោះ សមត្ថកិច្ច​បញ្ជូន​ឯកសារ​ទៅ​តុលាការ តែ​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ពី​តុលាការ​ខេត្ត​ក្រចេះ នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។