មន្ត្រី​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា​រំខាន​វេទិកា​អប់រំ​សកម្មជន​នៅ​មូលដ្ឋាន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្ទឹងត្រែង លោក សាន ស៊ិន ចោទ​សមត្ថកិច្ច​ស្រុក​សេសាន ថា​រំខាន​កម្មវិធី​បណ្តុះបណ្តាល​ដល់​ភ្នាក់ងារ​អង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន នៅ​ថ្ងៃ​ទី​២១ សីហា។

លោក​ថា នាយ​រង​សេនាធិការ​នៃ​អធិការ​ស្រុក​សេសាន លោក កង ម៉ៅ បាន​ដណ្ដើម​ឯកសារ​សិក្ខាកាម​ដែល​ចូលរួម បង្ក​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​សិក្ខាកាម​ដែល​កំពុង​សិក្សា។ លោក​ចាត់​ទុក​ទង្វើ​នេះ​ជា​ទម្រង់​នៃ​ការ​គំរាម​កំហែង​សិទ្ធិ​មនុស្ស បង្ក​ប៉ះពាល់​ដល់​ដំណើរ​ការ​បណ្តុះបណ្តាល​ភ្នាក់ងារ​អង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «ឆាឆៅ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នីតិវិធី​ចុះ​ឈ្មោះ​បោះឆ្នោត​គេ​ប្រារព្ធដំណាក់​ការ​នេះ​គេ​កំពុង​បង្រៀន​ដល់​ភ្នាក់ងារ​គេ​ឲ្យ​អង្កេត​ការណ៍​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ រឿង​អី​មក​មើល​ឯកសារ មក​អង្គុយ​ឲ្យ​ចេញ​មិន​ចង់​ចេញ មក​ក្រឡុក​ក្រឆាអា​ហ្នឹង​រូបភាព​គំរាម​កំហែង»

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​រង​សេនាធិការ​នៃ​អធិការ​ស្រុក​សេសាន លោក កង ម៉ៅ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១ សីហា ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​បើក​វគ្គ​បណ្តុះបណ្តាល​ទូទាំង​ខេត្ត​ស្ទឹងត្រែង រយៈពេល ៥​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​១៨ សីហា ដោយ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ និង​សកម្មជន​បក្ស​នយោបាយ​រាប់​រយ​នាក់។ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្ដោត​សំខាន់​ស្វែង​យល់​ពី​ក្រម​សីលធម៌​អ្នក​អង្កេត​ការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​តំណាង​ឲ្យ​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។