បង្ក្រាប​ទីតាំង​ជល់​មាន់ និង​ល្បែងស៊ីសង​ឃាត់ខ្លួន​មនុស្ស​៩​នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ និង​លេងល្បែង​ស៊ីសង​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​អ្នកកាសែត​ជោគជ័យ​ម្នាក់​ដែរ ហើយ​កម្លាំង​បាន​ធ្វើការ​ដកហូត​បាន​មាន់​ជល់​១​ក្បាល ជញ្ជីង​ថ្លឹង​មាន់​១​គ្រឿង​ផង​ដែរ​។ ការ​ចុះ​ទៅ​បង្ក្រាប​នោះ​នៅ​ក្នុង​ខណៈ​ដែល​អ្នក​ទាំងនោះ​កំពុង​តែ​ជួបជុំ​គ្នា​លេងល្បែង​ខាងលើ​យ៉ាង​ជក់ចិត្ត ប៉ុន្តែ​មិនមែន​មាន​តែ​៩​នាក់​នេះ​ទេ ដែល​លេងល្បែង​នោះ គឺ​មាន​ច្រើន​គ្នា ប៉ុន្តែ​ដោយ​សង្ស័យ​មាន​អ្នក​ទទួល​បាន​លាភសក្ការៈ​ពី​ល្បែង​នោះ​ដឹង​ថា​នគរបាល​ចុះ​ទៅ​បង្ក្រាប ហើយ​បាន​ខ​ល​ប្រាប់​អ្នកគ្រប់គ្រង នៅ​ទីតាំង​លេងល្បែង​មួយ​នោះ ទើប​ពួក​គេ​ដឹងខ្លួន​រត់​រួច​ពេល​កម្លាំង​ទៅ​ដល់​។

មិនតែប៉ុណ្ណោះ មេខ្លោង​បើក​ល្បែង​ម្នាក់​ឈ្មោះ ស្វិត បាន​ប្រើ​លេខ​ទូ​ស័ព្ទ​១​ខ្សែ​លេខ 092 72 99 75 ហៅ​ទូរស័ព្ទ​ទៅ​គំរាម​សម្លាប់​ភ្នាក់ងារ​ទូរ​ទស្ស​ន៏​ប៉ុស្ដិ៍​លេខ​៨(CTV8) កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​ភ្នាក់ងារ​ម្នាក់​នោះ​រាយការណ៍​ជូន​ដល់​លោក​អធិការ យឹ​ម សា​រ៉ា​ន់ ពី​ទីតាំង​ល្បែង​មួយ​នោះ បាន​រយៈពេល​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ​។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​នោះ បាន​ធ្វើ​ឡើង​កាលពី​វេលា ម៉ោង​១២ ថ្ងៃត្រង់​ទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុងភូមិ​គោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ មនុស្ស​ដែល​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​នោះ ១.​ឈ្មោះ សួន ខន អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​គ្រឿងក្លែម ២.​ឈ្មោះ មុំ កាន អាយុ​៤៨ មុខរបរ​កម្មករ​សំណង់ ៣.​ឈ្មោះ លី អ៊ុយ​ជា អាយុ​២៨​ឆ្នាំ ៤.​កែវ ឧស្សាហ៍ អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ៥.​ឈ្មោះ រស់ ចាន់​សុខា អាយុ​២១​ឆ្នាំ មុខរបរ​ប​កម្មករ​រោងចក្រ ៦​។​ឈ្មោះ ហ៊ិ​ន ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនដេរ ៧.​ឈ្មោះ ស ឧត្តម អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ៨.​ឈ្មោះ គឹ​ម កា​ណេ​ត អាយុ​៣៥​ឆ្នាំ មុខរបរ​លី​សែង និង​ទី​៩. មិន​ប្រាប់​ឈ្មោះ គឺជា​អ្ម​ក​កាសែត​ជោគជ័យ និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ទៅ​វិញ​ភ្លាម​ៗ​ដែរ ដោយ​នគរបាល​និយាយ​ថា អ្នកកាសែត​នោះ​គ្រាន់តែ​ចូល​ទៅ​អង្គុយ​ផឹក​កាហ្វេ​ចំ​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដល់​ប៉ុណ្ណោះ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ទីតាំង​មួយ​នេះ​បាន​លួច​បើក​លេង យូរ​ដែរ​ហើយ លេង​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​នៅ​សៅរ៍ និង​ថ្ងៃអាទិត្យ មាន​មាន់​ចូល​ទៅ​ជល់​ច្រើន​គូ និង​មាន​អ្នក​ចូល​ទៅ​លេង​ច្រើន​។ កន្លង​មក​ក៏​មាន​អ្នក​ចូល​ទៅ​យក​លុយ​ដាក់​ខែ​ថែម​ទៀត​ផង​។​ដោយសារ​ល្មើស​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​មេខ្លោង​បើក​ល្បែង​នៅ​ទីតាំង​មួយ​នោះ ទូរស័ព្ទ​គម្រាម​សម្លាប់ ភ្នាក់ងារ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៨​ផង​នោះ ទើប​លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន មេខ្លោង​នោះ​ឲ្យ​បាន ប៉ុន្តែ​ដោយសារ​តែ​ជន​នោះ​ដឹងខ្លួន​ទាន់ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​៕