នាំ​គ្នា​មក​អង្គុយ​លេង​តាម​ចិញ្ចើមថ្នល់ ត្រូវ​ម៉ូតូ​បុក​ស្លាប់​ម្នាក់

ខេត្តកំពង់ធំ ៖ យុវជន​មួយ​ក្រុម​នាំ​គ្នា​មក​ជជែក​គ្នា​លេង​នៅ​តាម​ចិញ្ចើមថ្នល់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​របួសធ្ងន់​ហើយ​ត្រូវ​ស្លាប់​។ លោក​វរសេនីយ៍ត្រី យន់ ឆៃ​យាន អធិការរង​នគរបាល​ស្រុក​កំពង់ស្វាយ​ទ​ទួ​ក​ផ្នែក​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ប្រាប់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣៥​នាទី យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សំពៅ​មាស ឃុំ​សាន់​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​យុវជន​១​ក្រុម​មាន​គ្នា​២​ទៅ​៣​នាក់​នាំ​គ្នា​អង្គុយ​និយាយ​គ្នា​លេង​នៅ​លើ​ចិញ្ចើមថ្នល់​ក្នុងភូមិ​ឃុំ​ខាងលើ។

គាប់​ជួន​មានម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1C-8736 បើកបរ​ដោយ​ឈ្មោះ សុខ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​ចំ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ នួន ណូ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ដោយ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ហើយ​ត្រូវ​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់​។

បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​ក៏​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​សាន់​គរ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​កំហុស​មក​ពី​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ជា​បទ​ពិសោធន៍​មួយ ហើយ​ក៏​ជា​ការ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូមកុំ​ឲ្យ​នាំ​គ្នា​មក​អង្គុយ​លេង​នៅ​តាម​ចិញ្ចើមថ្នល់ និង​តាម​ដងផ្លូវ​ផ្សេង​ៗ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ងាយ​នឹង​កើត​គ្រោះថ្នាក់​ចរាចរណ៍​ណាស់​ជាក់ស្តែង​ដូច​ជា​ករណី​ខាងលើ​នេះ​ជាដើម​៕