ជនសង្ស័យ​ជា​ចោរ​គាស់​ផ្ទះ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រម​ខ្លួន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​គាស់​ម្នាក់​ក្នុង​ចំណោម​គ្នា​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង ដើម្បី​លួច​ទ្រព្យសម្បត្តិ ហើយ​លួច​យក​បាន​តែ​លុយ​ចំនួន​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទៅ​ទាន់​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​បាន​វាយ​ទាត់​ធាក់​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ ប៉ៃ រ៉​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ឡ​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ស្រុក​កំណើត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ដោយឡែក​ម្ចាស់​បន្ទប់​ដែល​ត្រូវ​ជន​នោះ​គាស់​ឈ្មោះ ឆ​ន ធាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​១១៧​ជាន់​ទី​៤ ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សាលា​វិស័យ ឃុំ​បោស​ស្រមោច ស្រុក​ប្រសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ម្ចាស់​បន្ទប់​មិន​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ទេ ដោយ​បាន​ទៅ​ដេក​លេង​នៅ​ក្នុង​បន្ទប់​ដែល​ប្អូន​របស់​ខ្លួន​ជួល​ស្នាក់​នៅ​មួយ​កន្លែង​ផ្សេង​ទៀត​។ ខណៈនោះ ជនសង្ស័យ​ក៏​បាន​ធ្វើ​សក​កម្ម​ភាព គាស់​ទ្វារ​បន្ទប់ ចូល​ទៅ​រើ​កកាយ​អីវ៉ាន់​នៅ​ក្នុង​បន្ទប់ លួច​យក​លុយ​បាន​ចំនួន​៣​ម៉ឺន​រៀល រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

បន្ទាប់​មក​បាន​យក​លុយ​ដែល​លួច​បាន​នោះ ប្រគល់​ទៅ​ឲ្យ​បក្ខពួក​ម្នាក់​ទៀត ពេល​នោះ​សំណាងអាក្រក់​មក​ដល់​ត្រូវ​បាន ប្រជាពលរដ្ឋ​ប្រទះ​ឃើញ មានការ​សង្ស័យ ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ដេញចាប់​បាន​ម្នាក់​គឺ​ឈ្មោះ ប៉ៃ រ៉​ន រួច​បាន​ព្រួត​គ្នា​វាយ​ទាត់​ធាក់​ទ្រម​ខ្លួន​ទើបបាន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​គេចខ្លួន​បាត់​ស្រមោល​៕