មុន​ប្រឡង​បាក់​ឌុ​ប​សិស្ស​ជា​ច្រើន នាំ​គ្នា​ទៅ​អុជ​ធូប​បន់ស្រន់​លោកតា​ខ្មៅ

ខេត្តកណ្ដាល ៖ នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦​នេះ មាន​សិស្ស ប្រុស​ស្រី​ដែល​ត្រូវ​ប្រឡង​បាក់​ឌុ​ប ច្រើន​នាក់ ប្រដាប់​ដោយ​ធូប​ទៀន ផ្កា​ភ្ញី បាន​នាំ​គ្នា​មក​បន់ស្រន់ លោកតា​ពញា​ខ្មៅ ហៅ​លោកតា​ខ្មៅ នៅ​រង្វង់​មូល ខេត្តកណ្ដាល  ដើម្បី​សុំ​ឱ្យ​លោកតា​ជួយ ពេល​ប្រឡង​បាន​ជាប់​។ លោកតា​ម្នាក់​ដែល​នៅ​មើល​ការ​ខុស​ត្រូវ នៅ​រង្វង់​មូល​លោកតា​ខ្មៅ​ប្រាប់​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មុន​ពេល​ប្រឡង​បាក់​ឌុ​ប ៣ ទៅ​៤​ថ្ងៃ តែងតែមាន​សិស្ស​ដែល​ត្រូវ​ប្រឡង បាន​នាំ​គ្នា​មក​បន់ស្រន់ លោកតា​ខ្មៅ អ្នក​មក​បន់ស្រន់ សុទ្ធតែ​មាន​ជំនឿ​ថា​លោកតា​ខ្មៅ  ជួយ​ប្រឡង​ជាប់​។

ចំណែក​ឆ្នាំ​នេះ ក៏​នៅ​តែ​មាន​សិស្ស ច្រើន​នាក់ បាន​មក​បន់ស្រន់​លោកតា​ខ្មៅ ពិសេស​មុន​ប្រឡង​មួយ​ថ្ងៃ ចាប់តាំងពី​ព្រឹក​ដល់​ល្ងាច មាន​សិស្ស​ជា​ច្រើន​នាក់ បាន​បន្ត​មក​បន់ស្រន់  ដែល​សិស្ស​មក​បន់​មាន​កាន់​ទៀន ធូប ផ្កា​ភ្ញី​ទៀត​ផង​។ សិស្ស​ស្រី​ម្នាក់ បាន​រៀបរាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​គាត់​បាន​មើល​ឈ្មោះ​ប្រឡង នៅ​លា​លា​វិទ្យាល័យ​សេរីភាព រួច​ហើយ​នោះ បាន​បបួល​មិត្តភក្ដិ មក​បន់ស្រន់ លោកតា​ខ្មៅ ព្រោះ​ល្បី​ថា​លោកតា​ខ្មៅ ពូកែ​សក្តិ​សិទ្ធ​ណាស់ បើ​បន់ស្រន់​ចង់បាន​អ្វី តែងតែបាន​សម្រេច​ដូច​បំណង​។ គាត់​មក​បន់​នេះ គឺ​សុំ​ឲ្យ​ប្រឡង បាក់​ឌុ​ប​ជាប់​។

បើ​ទោះ​បែប​ណា​គាត់​បញ្ជាក់​ថា បើ​ទោះបី​មក​បន់ស្រន់​ក្តី ការ​បន់ស្រន់​នេះ គ្រាន់តែ​ជា​ជំនឿ​មួយ បន្ទាប់​សន្សំ ធ្វើ​ឱ្យ​មាន​ទំនុកចិត្ត បន្ថែម​ពេល​ប្រឡង​ប៉ុណ្ណោះ​។ សំខាន់​នោះ គឺ​ពេល​ប្រឡង ទំនុកចិត្ត​សំខាន់ គឺ​ការ​ខិតខំ​ប្រឹងប្រែង រៀនសូត្រ គ្រប់មុខ​វិជ្ជា ឱ្យ​ចេះ​ចាំ​មុន​ពេល​ប្រឡង  គឺ​មាន​សង្ឃឹម​ប្រឡង​ជាប់​។ ចំណែក​ការ​បន់ស្រន់​គ្រាន់តែ ជា​ការ​ជំនួយស្មារតី​ប៉ុណ្ណោះ ឯការ​លើកទឹកចិត្ត​របស់  លោកគ្រូ អ្នកគ្រូ ពី​មិត្តភក្ដិ ក្រុម​គ្រួសារ និង​ឪពុក​ម្ដាយ ជា​ការ​សំខាន់​បំផុត​៕