ឧកញ៉ា ហ៊ុន ជា ដឹកជញ្ជូនឈើប្រណិតដូចព្យុះ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ទាំងពេលភ្លៀងខ្លាំង ឬមានរន្ទះបាញ់

ខេត្តមណ្ឌលគិរី : បើទោះបីជារដូវវស្សា មានភ្លៀងធ្លាក់ជោកជាំ ពិបាកក្នុងការធ្វើដំណើរយ៉ាង ណាក៏ដោយក៏សកម្មភាពដឹកជញ្ជូនឈើប្រណីត ចេញទៅស្រុកយួន តាមច្រកអន្តរជាតិដាក់ដាំ នៅតែកើតមានយ៉ាងគគ្រឹគគគ្រេង មិនខុសពីការដង្ហែបុណ្យផ្កា នោះទេ។ ហើយសម្រាប់ច្រក ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានក្រុមឈ្មួញ មានលុយ មានអំណាចឈ្មោះ ហ៊ុន ជា សែ ស្រឡាយ លោកធំ ប៉ាវផ្តាច់ទៅហើយ សម្រាប់ការដឹកជញ្ជូនឈើតាមរថយន្តគ្រប់ធុន ក្នុងមួយ យប់ៗ មិនតិចជាង២០ទៅ៣០គ្រឿងនោះទេ ចេញទៅលក់នៅស្រុកយួនយ៉ាងរលូនល្អ។

ប្រជាពលរដ្ឋបានអះអាងថា ច្រកព្រំដែនទ្វេភាគីដាក់ដាំ ពីមុនមានភាពស្ងប់ស្ងាត់ ប៉ុន្តែមួយរយៈ ប៉ុន្មានថ្ងៃនេះ(ថ្ងៃទី១៩-២២សីហា)ក្រុមឈ្មួញឈ្មោះឧកញ៉ា ហ៊ុន ជា ប្រើស្បែកជាសែស្រឡាយ លោកធំ និងមានមេការឈ្មោះម៉ៅ បានសម្រុកដឹកជញ្ជូនឈើប្រណីត ចេញទាំងពេល ភ្លៀង ខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះ ទៅស្រុកយួនតាមច្រកដាក់ដាំដោយរលូនល្អ ហើយនៅទីនោះ មេការឈ្មោះ ម៉ៅ បានចាំរត់ការបង់លុយឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញ កុំឲ្យប៉ះពាល់ការរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ របស់ពួកគេ។ ហើយសកម្មភាពឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ ទៅ កាន់ ប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ បើសិនជាមិនមានការ បើកដៃពីសំណាក់ លោក វង្ស សុខសេរី ប្រធានរដ្ឋបាលព្រៃឈើ និងប្រធាន គយប្រចាំច្រកដាក់ដាំ នោះឈ្មួញមិនអាច ដឹកជញ្ជូនឈើខុសច្បាប់ដោយងាយនោះដែរ។

សេចក្ដីរាយការណ៍ប្រាប់បន្តទៀតថា លោក វង្ស សុខសេរី ប្រធានរដ្ឋបាលព្រៃឈើ ប្រចាំខេត្ត មណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ មិនដែលឮមាត់ ឮកពីការកាប់បំផ្លាញព្រៃឈើដែលកំពុង កើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់អភិរក្សជីវចម្រុះ ក្នុងស្រុកកែវសីមា និងស្រុកអូររាំងនោះ ទេ សូម្បីតែការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញ ទាំងតាមរថយន្តតូចនិងរថយន្តធំ ប្រភេទយីឌុប ក៏លោក វង្ស សុខសេរី មិនដែលឈឺក្បាលវិលមុខ អង្គុយចាំតែរាប់ក្បាលឡានដឹកឈើ យក លុយ យ៉ាងសុខស្រួលបំផុត។ លោក វង្ស សុខសេរី ក៏បានដាក់ពង្រាយ មន្ត្រីជំនិតៗឲ្យចុះ ដាក់ ប៉ុស្តិ៍ជជុះ តាមដងផ្លូវចាំរាប់ក្បាលឡានទំនើបៗ យកលុយផងដែរ ពោលគឺនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី គេមិនដែលឃើញលោក វង្ស សុខសេរី ចេញបញ្ជាឲ្យក្រុមមន្ត្រីបង្ក្រាប ការដឹក ជញ្ជូនឈើខុសច្បាប់ យកស្នាដៃបង្អួតថ្នាក់លើនោះទេ។ ប្រាក់ចំណូលយ៉ាងហោចណាស់រាប់ ម៉ឺនដុល្លារអាមេរិក ដែលក្រុមឈ្មួញតូច-ធំ បង់ឲ្យមន្ត្រីជំនាញប្រចាំច្រកដាក់ដាំ ដែលមានគុណ សម្បត្តិ ជួយសម្របសម្រួល ឲ្យការដឹកជញ្ជូនឈើដំណើរការដោយរលូនល្អ គឺជាទំហំដ៏ធំធេង មួយ ធ្វើឲ្យវិនាសហិនហោចព្រៃឈើដ៏មានតម្លៃ នៅលើទឹកដីខេត្តមណ្ឌលគិរី។

សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងលើទឹកដីខេត្តមណ្ឌលគិរី បានបង្ហាញឲ្យ ឃើញពីវិនាសកម្មព្រៃឈើគួរឲ្យភ័យខ្លាច ក្នុងតំបន់អភិរក្ស ពោលគឺមន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធមានឈ្មោះ ស៊ីប្រាក់ខែក្នុងក្របខ័ណ្ឌរដ្ឋ ក៏ពិតមែន ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់ ធ្វើកាងារបម្រើជាតិទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើប្រកបដោយការទទួលខុសត្រូវនោះទេ៕

ឧកញ៉ា ហ៊ុន ជា ដឹកជញ្ជូនឈើប្រណិតដូចព្យុះ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ទាំងពេលភ្លៀងខ្លាំង ឬមានរន្ទះបាញ់

 ឧកញ៉ា ហ៊ុន ជា ដឹកជញ្ជូនឈើប្រណិតដូចព្យុះ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ទាំងពេលភ្លៀងខ្លាំង ឬមានរន្ទះបាញ់