យុវជន​លេចធ្លោ​​ U16 កម្ពុជា​ ចន្ធា បង្ហើប​មហិច្ឆតា​​​ទៅ​លេង​នៅ Barcelona

​យុវជន​លេចធ្លោ​របស់​​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ​ សៀង ចន្ធា ​បង្ហើប​មហិច្ឆតា​​របស់​ខ្លួន​ចង់​​​​​ទៅ​លេង​នៅ​ក្លឹប​កំពូល​របស់​អេស្ប៉ាញ Barcelona ​​នា​ពេល​អនាគត។

 

យុវជន​លេចធ្លោ​​ U16 កម្ពុជា​ ចន្ធា បង្ហើប​មហិច្ឆតា​​​ទៅ​លេង​នៅ Barcelonaសៀង ចន្ធា (លេខ៩)

 

​យុវជន​ដែល​បាន​ជួយ​​ U-16 ​កម្ពុជា​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នៃ​ពាន​រង្វាន់ AFF U-16 Championship 2106 ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​រូប​នេះ ​កំពុង​ហ្វឹកហាត់​​​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​ ១៦​​ឆ្នាំ​នៅ​​​មជ្ឈមណ្ឌល​​សាលា​បាល់ទាត់​ជាតិ​​​​​​បាទី​ខេត្ត​តាកែវ។

 

សៀង ចន្ធា ​​ខ្សែ​ប្រយុទ្ធ​​​​យុវជន​ជម្រើស​ជាតិ​​​កម្ពុជា​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កោះ​កុង​​ប្រាប់​​ថា គេ​​​ជឿ​​ថា ​បំណង​ប្រាថ្នា​ចង់​ទៅ​លេង​នៅ Barca  ​​ពិត​ជា​អាច​ទៅ​រួច បើ​ទោះ​បី​វា​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។ ការ​ចង់​ទៅ​លេង​នៅ​ក្លឹប​កំពូល​របស់​ពិភព​លោក​​មួយ​​​នេះ​ជា​ក្ដី​ស្រមៃ​តាំង​ពី​ចាប់​លេង​បាល់​ក្នុង​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ។

 

យុវជន​លេចធ្លោ​​ U16 កម្ពុជា​ ចន្ធា បង្ហើប​មហិច្ឆតា​​​ទៅ​លេង​នៅ Barcelona

 

​កូន​ពៅ​ក្នុង​គ្រួសារ​​​រូប​នេះ​​ចង់​​ប្រកប​អាជីព​បាល់​ទាត់​​នៅ​ប្រទេស​ជប៉ុន​ជា​មុន​សិន​ ​​ដើម្បី​ជា​ស្ពាន​អាច​​បង្កើត​ក្ដី​ស្រមៃ​ចង់​ទៅ​លេង​នៅ​ Barcelona។ ​​​បំណង​ប្រាថ្នា​ទៅ​ប្រកប​អាជីព​នៅ​ជប៉ុន​​​គឺ​មាន​ក្ដី​រំពឹង​ខ្ពស់​​​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ ប៉ុន្តែ​​ទទួល​បាន​ឱកាស​ទៅ​អេស្ប៉ាញ​ឬ​អត់​​​មិន​ហ៊ាន​​​សង្ឃឹម​ច្រើន​​​​ទេ។

 

ចន្ធា​​ មាន​បង​ប្អូន​​​ចំនួន ៤​នាក់​​រូប​គេ​ជា​កូន​ពៅ​​ ​សព្វ​ថ្ងៃ​​មាន​អាយុ​១៤​ឆ្នាំ​​មាន​ឱ​ពុក​ឈ្មោះ ឈឿ សៀង ​និង​ម្ដាយ​ឈ្មោះ ​​ហេង សុខា ​​អ្នក​មាន​គុណ​ទាំង​ពីរ​កំពុង​រស់​នៅ​ស្រុក​កំណើត។

 

យុវជន​លេចធ្លោ​​ U16 កម្ពុជា​ ចន្ធា បង្ហើប​មហិច្ឆតា​​​ទៅ​លេង​នៅ Barcelona

 

​​អ្នក​រក​គ្រាប់​បាន​ពីរ​គ្រាប់​កាល​យក​ឈ្នះ​ U-16 ​ឡាវ ​៣-១ ​រូប​នេះ​​ បាន​​ផ្លាស់​មក​ពី​ខេត្ត​កោះកុង​នា​ឆ្នាំ​២០១៣ ​​បន្ទាប់​ពី​បង្ហាញ​ខ្លួន​​ឲ្យ​យុវជន​ជម្រើស​ខេត្ត​បាន​​១ឆ្នាំ​។ ​ចូល​វិស្សមកាល​វិញ ចន្ធា រៀន​ថ្នាក់​ទី​ ១០​នៅ​វិទ្យាល័យ​ សុខ អាន​ ​បាទី​ខេត្ត​តាកែវ។

 

​បើ​គិត​មក​ដល់​ពេល​នេះ​ សៀង ចន្ធា ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​នៅ​​ប្រទេស​ជប៉ុន​បាន​ចំនួន ៤​លើក​រួច​មក​ហើយ។ ​នា​ថ្ងៃ​អនាគត​​កីឡាករ​​មាន​ល្បឿន​លឿន​រូប​នេះ​ ​​ចង់​​លេង​នៅ​តំបន់​ប្រយុទ្ធ​ជា​រៀង​រហូត។ ​​ដោយ​សារ​ចិត្ត​ស្រលាញ់​វិស័យ​នេះ​រូប​គេនឹង​បន្ត​​កីឡា​មួយ​នេះ​ ​រហូត​​លុះ​ត្រា​តែ​លេង​បាល់​លែង​កើត​តែ​ម្ដង​៕

 

យុវជន​លេចធ្លោ​​ U16 កម្ពុជា​ ចន្ធា បង្ហើប​មហិច្ឆតា​​​ទៅ​លេង​នៅ Barcelona

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​