ក្រោយ​ពី​រលូត​កូន​ម្តង​រួច តើ​អាច​មាន​កូន​ទៀត​ដែរ​ទេ​?

ក្រោយ​ពី​រលូត​កូន​ម្តង​រួច តើ​អាច​មាន​កូន​ទៀត​ដែរ​ទេ​?

​នេះ​គឺជា​សំណួរ​ជា​ញឹកញាប់​មួយ ដែល​បងប្អូន​ស្ត្រី​របស់​យើង តែងតែ​ផ្ញើរ​សារ​សួរ​ដល់​យើងខ្ញុំ តាម​ប្រព័ន្ធ Facebook Page​។ រឿង​នេះ​ប្រហែលជា​មិនមាន ការយល់ដឹង​គ្រប់គ្រាន់​នៅឡើយ​ទេ ដូច្នេះហើយ ទើប​ខ្ញុំ​លើក​យក​ធ្វើជា​ប្រធានបទ​មួយ បង្ហាញ​លម្អិត​តែម្តងទៅ​។

​ការ​រលូត​កូន​ភាគច្រើន កើត​ឡើង​មុន ឬ​ក្រោយ​អាយុ​គភ៌ ១២ សប្តាហ៍ ព្រោះតែ​ទារក​មិន​មាន​ការលូតលាស់​ធម្ម​តា ដោយសារ​តែ​ជំងឺ​ហ្សែ​ន ឬ​ក្រូម៉ូសូម​ជាដើម​។

ការ​រលូត​កូន​មិនមែន​មានន័យថា អ្នក​មិន​អាច​មាន​កូន នៅពេល​ក្រោយ​ទៀត ឬ​លទ្ធភាព​នៃ​ការ​មាន​កូន ត្រូវបាន​បញ្ចប់​នោះទេ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ធ្លាប់រ​លូត​កូន​ចាប់ពី ២ ដង​ឡើងទៅ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ពិនិត្យ មើល​តេស្ត​ឈាម​មួយ​ចំនួន​បន្ថែម និង​រក​មើល​ជំងឺ​ទាក់ទង នឹង​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​មិន​ប្រក្រតី​ទាំងឡាយណា ដែល​ធ្វើឲ្យ​ទារក​ស្លាប់ និង​រលូត​។

របៀប​រស់នៅ​ផ្តល់​សុខភាព នឹង​ជួយ​ពង្រឹង​ដល់​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​ធម្មតា ក្រោយ​ពី​រលូត​កូន​បាន មានន័យ​ថា អ្នក​ត្រូវ​តែ​ឈប់​ជក់បារី ឈប់ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ហាត់ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​អាហារ​ផ្តល់​សុខភាព បន្ថយ​ស្ត្រេ​ស និង​រក្សា​ទម្ងន់​ឲ្យនៅ​កម្រិត​មាន​សុខភាព​ល្អ​។

ចំពោះ​រយៈពេល​នៃ​ការ​មាន​ផ្ទៃពោះ​ឡើងវិញ​បាន​នោះ គឺ​អាស្រ័យ​ទៅតាម​សុខភាព​ផ្លូវកាយ និង​ចិត្ត​របស់​ស្ត្រី​ផង​ដែរ​។ ប៉ុន្តែ ជាទូទៅ​ត្រឹម​រយៈពេល ៣ ខែក្រោយរ​លូត​រួច គឺ​គ្រប់គ្រាន់​នឹង​ការ​មាន​ផ្ទៃពោះ​ឡើងវិញ​ហើយ ប៉ុន្តែ បើ​អាច​គួរតែ​ថែរក្សា​សុខភាព ឲ្យបាន​ល្អ​រហូត​ដល់ ៦ ខែ​សិន​ទៅ​។

យក​ល្អ គួរតែ​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន B9 ឬ Folic Acid ឲ្យបាន​លឿន​បំផុត តាម​តែ​អាច​ធ្វើទៅបាន នៅ​ពេល​អ្នក​ចាប់ផ្តើម ព្យាយាម​មាន​ផ្ទៃពោះ ដើម្បី​កាត់បន្ថយ​ឱកាស កូន​កើត​ជំងឺ​ពក​ឆ្អឹងខ្នង​៕

រៀបរៀង​ដោយ​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។