ខ្លោចចិត្ត ! ឆក់​យក​ជីវិត​បងប្អូន​បង្កើត​៣​នាក់​ក្នុង​ពេល​តែ​មួយ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​មានការ​តក់ស្លុត និង​ខ្លោចចិត្ត​គ្រប់​ៗ ខណៈ​បងប្អូន​បង្កើត​៣​នាក់​បាន​លង់ទឹក​ប្រឡាយ​ស្លាប់​កាលពី​វេលា​ម៉ោង​៤ និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ប្រឡាយ​ទំនប់​ចាស់ ស្ថិត​ក្នុងភូមិ​ប្រដាក់ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ។

ប្រភព​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​លង់ទឹក​នេះ​មាន​ ១-​ឈ្មោះ កែវ​ពេជ្រ រង្សី ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស​, ២-​ឈ្មោះ កែវ​ពេជ្រ រក្សា ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​សិស្ស​, ៣-​ឈ្មោះ កែវ​ពេជ្រ សុវណ្ណ​បញ្ញា ភេទ​ប្រុស អាយុ​៥​ឆ្នាំ ។ ចំណែក​២​នាក់​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ទាន់​មាន ១-​ឈ្មោះ កែវ​ពេជ្រ ចរណៃ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស និង ២-​ឈ្មោះ វី វិច្ឆិការ ភេទ​ស្រី អាយុ​៧​ឆ្នាំ ជា​សិស្ស ។

ប្រភព​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ដែល​មាន​ឪពុក​ឈ្មោះ កែវ ផ​ល្លី អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​មណ្ឌល​សុខភាព​សសរស្ដម្ភ ម្ដាយ​ឈ្មោះ រ័​ត្ន រ៉ា​ដា អាយុ​៤៤​ឆ្នាំ មុខរបរ​លក់​ថ្នាំពេទ្យ មាន​ទីលំនៅ​ភូមិ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ហើយ​ក្មេង​រង​គ្រោះ​ដល់​ស្លាប់​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​ឈ្មោះ កែវ​ពេជ្រ ចរណៃ ជា​បងស្រី​បង្កើត​ឌុ​ប​តាមម៉ូតូទៅ​លេង​ទឹក​នៅ​ចំណុច​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជួយ​ដឹក​សព​ជន​រង​គ្រោះ​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕