កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន

ស្វាយរៀង:
កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយទាប សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្វាយរៀង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់  កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ចំណុច ខាងកើត​ស្ពាន​ទន្លៀ​ង ស្ថិតនៅ​ភូមិ​ស្វាយ​តឿ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង​។

​បើតាម​ប្រភព​ពត៌មាន​ពី​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឱ្យដឹងថា​៖ មុននឹង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់​នេះ កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលមាន​ឈ្មោះ ហ៊ិ​ន ចំប៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប និង​ចាប់​យកបាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​បាន​ចំនួន​០៦​កញ្ចប់់ និង​ទូរស័ព្ទ​ចំនួន​០២​គ្រឿង​។ កម្លាំង​កងរាជអាវុធហត្ថ​ក៏បាន​ប​ញ្ចូ​ន ជនសង្ស័យ​នោះ​ទៅ​បញ្ជាការដ្ឋាន​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។

 ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន ហើយ​យកទៅលក់​បន្តទៅ​អោយ​អ្នកប្រើប្រាស់​ចំនួន​០៤​នាក់​ទៀត​ដែលមាន​ឈ្មោះ​ទី​១. រិ​ន ស្រីរ័ត្ន ភេទ​ស្រី ទីលំនៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ទី​២​ឈ្មោះ ម៉ី រិ​ទ្ធ ភេទ​ប្រុស ទីលំនៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទា​ទី​៣​ឈ្មោះ​ខៃ ដា​រ៉ា ភេទ​ប្រុស ទីលំនៅ​ភូមិ វាល​យន្ត សង្កាត់​/​ក្រុង ស្វាយរៀង និង​ទី​ឈ្មោះ​៤. យង់ ពេជ្រ​ឌី​រ៉ា ភេទ​ប្រុស ទីលំនៅ​ភូមិ វាល​យន្ត សង្កាត់​/​ក្រុង ស្វាយរៀង ។​

​មន្ត្រី​ដដែល បាន​បន្ត​ឱ្យ​ទៀត​ដឹងថា បន្ទាប់ពី​បានទទួល​ចម្លើយសារភាព​ពី​ជនសង្ស័យ កម្លាំង​ក៏បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែលមាន​ការពាក់ព័ន្ធ​ទាំងនោះ​ភ្លាមៗ និង​បាន ចាប់យក​វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមានៈ​ទី​១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន ០៨​កញ្ចប់​.​ទី​២. ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ទី​៣. នាឡិកា ចំនួន​០១.​ទី​៤. លុយ​ខ្មែរ ចំនួន​៧​ម៉ឺន​រៀល​។​

​ជនសង្ស័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កំពុង​សាកសួរ​ពត៌មាន​បន្ថែម និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕s/t