​ច្នៃ​ថ្ម​ទូរស័ព្ទ​ធ្វើ​ពិល​បំភ្លឺ ផ្ទុះ​របួស​ក្មេងប្រុស​ម្នា​ក់នៅ​កំពង់ឆ្នាំង

កំពង់ឆ្នាំង:
ក្មេងប្រុស​ជំទង់​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ  ដោយ​រងរបួស​ផ្ទៃមុខ ទ្រូង និង ដាច់​ម្រាម​ដៃស្តាំ​ចំនួន​២ ដោយសារ​ជនរងគ្រោះ​យក​ថ្ម​ទូរស័ព្ទ​មក​កែច្នៃ​ហើយ​បណ្តាល អោយ​ផ្ទុះ  ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្រាំង​ស្គា​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​
​    ​
​ស្ត្រី​ឈ្មោះ​សុក រ៉ា​ន់ ដែលជា​ម្តាយបង្កើត​ជនរងគ្រោះ​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡត សា​រ៉ុ​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
​    ​
​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​អោយដឹងទៀតថា នៅ​មុនពេល​កើតហេតុ​គាត់​នៅ​ខាងក្រោម​ផ្ទះ ចំណែក​កូនប្រុស​របស់​គាត់​សម្ងំ​នៅលើផ្ទះ​. ប៉ុន្តែ​គាត់​មិនដឹងថា កូន​គាត់​ធ្វើ​អី​នោះទេ ស្រាប់តែ ដល់ពេល​កើតហេតុ​មាន​សម្លេង​ផ្ទុះ​យ៉ាងខ្លាំង និង បានឮ​សម្លេង​កូន​របស់គាត់​ស្រែកអោយជួយ ។  ពេលនោះ​ពួកគាត់​បាន​ស្ទុះ​ឡើងទៅ​មើល ក៍​ប្រទះឃើញ​កូន​របស់គាត់​ដេក​សន្លប់​ស្តូកស្តឹង និង មាន​រងរបួស​លើ​ផ្ទៃមុខ ទ្រូង និង ដាច់​ម្រាមដៃ​២​ផងដែរ ។
​    ​
​ស្ត្រី​រូបនេះ​បាន​អោយដឹងទៀតថា ឃើញ​ដូចនេះ​រូបគាត់​និង​អ្នកជិតខាង​ប្រញាប់​ដឹក​កូន​តាម​គោយន្ត​យកទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ខាង​មណ្ឌល​សុខភាព​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ ​ទៅ​ដឹកបញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។
​    ​
​ពាក់ព័ន្ធ​និង​ករណីនេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​អោយដឹងថា មូលហេតុ​ដែល បណ្តាលអោយ​ផ្ទុះ​ថ្ម​ទូរស័ព្ទ​នេះ គឺ​បន្ទាប់ពី​ជនរងគ្រោះ​បាន​ច្នៃ​ថ្ម​ទូរស័ព្ទ ធ្វើជា​ពិល​សម្រាប់​បំភ្លឺ ហើយ​ពេលដែល​កំពុងតែធ្វើការ​កែ​ច្នៃ​នេះ បណ្តាលអោយ​ផ្ទុះ​រងរបួស​យ៉ាង​ធ្ងន់​តែម្តង ។