មកស្តាប់គេនិយាយ ពីប្រភេទអ្នកលេង Facebook ដែលគួរឲ្យធុញបន្តិចទៅមើល! ថាតើមានបែបណាខ្លះ?

សព្វថ្ងៃនេះ បណ្តាញសង្គម Facebook បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សឹងតែគ្រប់ៗគ្នា មិនថាជាក្មេងៗ យុវវ័យ ឬមនុស្សវ័យចំណាស់ក្តី។

មនុស្សគ្រប់ស្រទាប់វណ្ណៈ មិនថាខ្ពស់ មិនថាទាប មិនថាក្មេង ឬក៏ចាស់ ប្រើប្រាស់បណ្តាញសង្គម Facebook ដើម្បីធ្វើការទំនាក់ទំនងគ្នា រាប់អានមិត្តភក្តិទាំងចាស់ ទាំងថ្មី តាមដាននូវពត៌មានទាន់ហេតុការណ៍ផ្សេងៗ បង្កើតជាអាជីវកម្ម ជាពិសេសក្នុងគោលបំណងធំបំផុតគឺដើម្បីការកម្សាន្ត។

ថ្វីត្បិតតែ ភាពរីករាយ និងភាពធូរស្បើយអារម្មណ៍ អាចបណ្តាលមកពី Facebook ក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងគ្នាផងដែរនោះ Facebook ក៏ធ្វើឲ្យអារម្មណ៍ របស់អ្នករាល់គ្នាប្រែជា គួរឲ្យធុញទ្រាន់វិញ ក្នុងករណីណាមួយមិនខាន ដោយសារសកម្មភាពរបស់ មនុស្សមួយចំនួន ដែលប្រើប្រាស់ Facebook ដើម្បីផ្តល់ជាការរំខានទៅវិញនោះ។ សារភាពមកចុះ ថាអ្នកណា ក៏ធ្លាប់មានបទពិសោធន៍ធុញនឹង សកម្មភាពរបស់មនុស្សក្នុង Facebook ណាមួយជាក់ជាមិនខាន គ្រាន់តែខុសគ្នាតាមប្រភេទ បែបម៉េចប៉ុណ្ណោះ។ 

ថ្ងៃនេះ Khmerload នឹងនាំប្រិយមិត្តមក ស្តាប់ការរៀបរាប់អ្នកចូលចិត្តលេងបណ្តាញសង្គម Facebook ៣ រូបដែលបានបង្ហាញពីអារម្មណ៍មិនពេញចិត្ត ក៏ដូចជាធុញទ្រាន់នឹង ប្រភេទអ្នកលេងមួយចំនួន។ ចង់ដឹងថា ប្រភេទយ៉ាងដូចម្តេចខ្លះ តោះទៅតាមដានទាំងអស់គ្នា!

បែរមកស្រីស្អាត រាងខ្ពស់ដូចតារាម៉ូដែលម្នាក់ឈ្មោះ “ឆដា” សព្វថ្ងៃជានិស្សិតបានលើកឡើងថា ៖ “បើគិតទៅ រាល់ថ្ងៃហ្នឹងបើនិយាយពីធុញ គឺធុញពួកអ្នកលក់តាម Facebook មួយចំនួន ដែល post រូបក្នុងគណនីផ្ទាល់ខ្លួនហើយ tag ឲ្យយើងជាប្រចាំថែមទៀត។ វាផ្តល់ការរំខានមែនទែន! ធ្វើឲ្យ timeline របស់យើងយូរៗទៅ ពេញសុទ្ធតែខោអាវក៏មាន។ សម្រាប់អ្នកចូលចិត្ត drama ឬអ្នក share ច្រើនមិនជាថ្វីទេសម្រាប់ខ្ញុំ។ មួយទៀតគឺ ពួកឆាត មករញ៉េរញ៉ៃ ជារបៀបកលក្ខណៈចង់ញ៉ែហ្មង។ ហើយមួយទៀតគ្រាន់តែបាន seen អត់ទាន់បាន reply បែរជាឆាតមកថាឲ្យយើងថែមថា យើងហ្នឹងធ្វើចរិតស្រីស្អាតម៉េស អីចឹងឯង។ ពេលខ្លះ មកពីយើងរវល់ដែរ ខំឆ្លៀតមើលមួយភ្លែតចឹង យើង seen ចោលសិន ហើយក៏អត់ទាន់បាន reply ទៅវិញ។ មួយវិញទៀត ប្រសិនបើអ្នកនោះ យើងមិនស្គាល់ ហើយឆាតមករបៀប រញ៉េរញ៉ៃយើងពេកចឹង យើងម៉េចនឹងចង់ឆាតតបទៅវិញ? ព្រោះខ្ញុំមិនចូលចិត្តមនុស្សបែបនេះ ទាល់តែសោះឡើយ។ សម្រាប់មួយប្រភេទទៀត គឺអ្នកដែលចូលចិត្តអួត តែនេះមិនមែនអួតអីទេ គឺអួតលុយ។ បើថាជារបស់ វាមិនអីទេ ព្រោះអ្នកណាៗ ក៏អាចផុសបង្ហាញរបស់ថ្មីៗខ្លួនបាន។ តែនេះ អ្នកផុសពី លុយ គឺលក្ខណៈអួតទាំងកាកហ្មង។ ខ្ញុំមិនចូលចិត្តទេ និយាយមែន!” 

ងាកមកជួបកញ្ញា រាងតូចច្រលឹង គួរឲ្យស្រលាញ់ម្នាក់ឈ្មោះ “គីមហួរ” បាននិយាយរៀបរាប់ថា ៖ “និយាយទៅ បើសម្រាប់ខ្ញុំគឺ មិនចូលចិត្តពួក Google Maps។ ពូក Google Maps ហ្នឹង គឺពួកដែល Check-in គ្រប់ទីកន្លែង។ វាគួរឲ្យធុញមែនទែន ព្រោះថាមួយថ្ងៃៗ ដើរតែ Check-in គ្រប់កន្លែង មួយថ្ងៃហ្នឹងដើរចង់ ២ ទៅ ៣ កន្លែងហើយ Check-in អត់ឈប់ អត់ឈរសោះហ្មង! មិនមែនគិតថាមកពីគេយ៉ាងម៉េចទេ តែវាដូចជាលើសហើយ ដែលមួយថ្ងៃៗគិតតែពីដើរ Check-in។ មួយទៀតគឺ កាន់តែពិសេស! ពួកធនធានកម្រ! ពួកដែលចេញមកត្រឹមត្រូវឥតខ្ចោះ។ ដូចថាពេលមានគេផុស អាណាអត់ល្អអីចឹង គេមិនដែល share ទេ។ តាំងដល់ពេល គេផុសអីល្អ បែរជា share យកមកដាក់លើខ្លួនឯងទៅវិញ និយាយទៅល្អរហូត។ ចឹងបានហៅថា ពួកធនធានកម្រ ហ្មងទៅ ល្អពេករកមិនងាយបានទេ។” កញ្ញាក៏បានបន្តថា “មួយចុងក្រោយនេះគឺ ពួកដាក់អារម្មណ៍ចូល Facebook ពេញមួយទំហឹង។ និយាយឲ្យស្រួលស្តាប់គឺ ស្អីក៏ផុសដែរ! សប្បាយក៏ផុស ពិបាកក៏ផុស ហើយសូម្បីចូលបន្ទប់ទឹកក៏ផុសក៏មាន ដូចចង់ឲ្យគេដឹងថា ខ្លួនឯងនៅក្នុងបន្ទប់ទឹកទៀត។”

រីឯកម្លោះរាង ស្តើងខ្ពស់ស្រលះឈ្មោះ “ផានិត” ក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនដែរថា ៖ “Facebook បើតាមមើលទៅការលេង គឺវាមានច្រើនប្រភេទ ច្រើនសណ្ឋាន ប៉ុន្តែបើអ្វីដែលខ្ញុំគិតថាខ្ញុំមិនចូលចិត្ត គឺប្រភេទអ្នកលេង Facebook ប្រភេទជាអ្នកលក់ផលិតផលតាមFacebook ហ្នឹងឯង។ បើសិនជាផលិតផលល្អត្រឹមត្រូវមិនសូវជាអីនោះទេ ប៉ុន្តែផលិតផលខ្លះគឺវាគ្មានប្រយោជន៍ ហើយថែមទាំងពិបាកនឹងមើលទៀត គឺអត់ចូលចិត្តហ្មង! ហើយមួយវិញទៀត គឺប្រភេទអ្នកលេង Facebook ដែលយកបណ្តាញសង្គមហ្នឹង មកធ្វើជាឈ្នាន់ដើម្បីដើរបោកប្រាស់គេ ពេលខ្លះអ្នកមួយចំនួនចេះគិត មិនអីទេ មិនចាញ់បោកគេទេ ប៉ុន្តែបើខ្លះទៀត មិនគិតអោយបានត្រឹមត្រូវ ហើយជឿនូវអ្វីដែលគេនិយាយបោកប្រាស់ហ្នឹង នឹងអាចអោយម្នាក់ហ្នឹងត្រូវគេបោកប្រាស់យកទៅលក់ ឬក៏បោកប្រាស់លុយកាក់ជាដើម ក៏មាន។” លោកក៏បាននិយាយបន្ថែមទាំងញញឹមផង សើចផងថា “ហើយបើចូលចិត្តវិញ គឺចូលចិត្តទាំងអស់ឲ្យតែអ្នកហ្នឹងស្អាត។”

សរុបមក ថ្វីត្បិតតែបណ្តាញសង្គម Facebook គឺជាកន្លែងប្រមូលផ្តុំទៅដោយព័ត៌មាន ការប្រាស្រ័យទាក់ទងគ្នា ពាសពេញពិភពលោក ក៏ពិតមែន តែមនុស្សមួយចំនួន គិតថាវាក៏បានបង្ក នូវការរំខានពីអ្នកមួយចំនួនដែរ។

ទោះជាយ៉ាងណាក្តី សូមអ្នកចូលចិត្តលេង Facebook ទាំងអស់ រៀនបើកចិត្តឲ្យទូលាយ ព្រោះអ្វីៗគឺសុទ្ធតែមានគុណសម្បត្តិ មកព្រមគ្នាជាមួយគុណវិបត្តិជានិច្ច៕

នេះគ្រាន់តែជា មតិយោបល់ខ្លះៗប៉ុណ្ណោះ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មកស្តាប់គេនិយាយ ពីប្រភេទអ្នកលេង Facebook ដែលគួរឲ្យធុញបន្តិចទៅមើល! ថាតើមានបែបណាខ្លះ?

មកស្តាប់គេនិយាយ ពីប្រភេទអ្នកលេង Facebook ដែលគួរឲ្យធុញបន្តិចទៅមើល! ថាតើមានបែបណាខ្លះ?

មកស្តាប់គេនិយាយ ពីប្រភេទអ្នកលេង Facebook ដែលគួរឲ្យធុញបន្តិចទៅមើល! ថាតើមានបែបណាខ្លះ?

មកស្តាប់គេនិយាយ ពីប្រភេទអ្នកលេង Facebook ដែលគួរឲ្យធុញបន្តិចទៅមើល! ថាតើមានបែបណាខ្លះ?