ពលរដ្ឋនិយាយរឿងជនជាតិយួនយកទីតាំងមាត់ទន្លេមេគង្គក្នុងក្រុងក្រចេះ បើកសិប្បកម្មកែច្នៃឈើ និងជួញដូរឈើប្រណីត

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងភូមិសាស្ដ្រក្រុងក្រចេះ ខេត្តក្រចេះ បាននិយាយឲ្យដឹងថា មានជនជាតិយួនជាច្រើនគ្រួសារបានមកតាំងទីលំនៅតាមមាត់ទន្លេមេគង្គក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ បានយកទីតាំងនេះធ្វើជាកន្លែងបើកសិប្បកម្មកែច្នៃឈើធ្វើជាគ្រឿងសង្ហារឹមជាង២០កន្លែង និងជាកន្លែងជួញដូរឈើប្រណីតយ៉ាងសកម្ម ព្រមទាំងអាចមានបង្កប់ដោយជនអន្តោប្រវេសន៍យួនខុសច្បាប់ សំងំលាក់ខ្លួនរស់នៅតាមរោងសិប្បកម្មកែច្នៃទាំងនោះទៀតផង ។

ក្រុមប្រជាពលរដ្ឋបាននិយាយឲ្យដឹងទៀតថា កម្ទេចអាចម៍ឈើសេសសល់ពីរោងសិប្បកម្មកែច្នៃឈើរបស់ជនជាតិយួនទាំងនោះ ត្រូវបានគេបោសទម្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ ដែលបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសប្រជាពលរដ្ឋដែលអាស្រ័យផលទឹកទន្លេនៅក្បែរទីតាំងរោងសិប្បកម្មកែច្នៃឈើតែម្ដង ខណៈអាជ្ញាធរក្រុងក្រចេះ និងមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើមិនឃើញមានវិធានការទប់ស្កាត់អ្វីទាល់តែសោះ ។

មន្ដ្រីអាជ្ញាធរមូលដ្ឋានមួយរូបនិយាយបង្ហើបប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ក្រុមម្ចាស់សិប្បកម្មកែច្នៃឈើជាជនជាតិយួនទាំងនោះបានបង់ប្រាក់ប្រចាំខែទៅឲ្យមន្ដ្រីជំនាញពាក់ព័ន្ធអស់ទៅហើយជាថ្នូរនឹងការមិនអើពើ និងចុះបង្ក្រាប ទើបសកម្មភាពដឹកជញ្ជូនឈើចូលរោងសិប្បកម្ម និងការកែច្នៃឈើបានប្រព្រឹត្តទៅយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចទេ ។

សូមឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មេត្តាចុះត្រួតពិនិត្យមើលសកម្មភាពកែច្នៃឈើ និងការជួញដូរឈើរបស់ក្រុមជនជាតិយួននៅតាមមាត់ទន្លេមេគង្គក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះនោះផង ៕

 

Related