ពេជ្រ សីហា ​ថា​ឈឺ​ដៃ​តិច​ៗ ​កុំ​អី​វ៉ៃ​ស៊ីម៉ាអ៊ី​ ​ឱ្យ​សន្លប់​តាំង​ពី​ទឹក២

ពេជ្រ សីហា ​​បញ្ជាក់​ថា​ខ្លួន​មាន​បញ្ហា​ឈឺ​ដៃ​បន្តិច​បន្តួច​ទើប​មិន​អាច​ប្រើ​កម្លាំង​១០០​% ​បាន ហើយ​ប្រសិន​បើ​មិន​ឈឺ​ទេ​នោះ រូបគេ​វ៉ៃ​កីឡាករ​ថៃ ស៊ីម៉ាអ៊ី ​សន្លប់​តាំង​ពី​ទឹក​២​ឬ​ទឹក​៣​អី​ម្ល៉េះ។

 

ពេជ្រ សីហា ​ថា​ឈឺ​ដៃ​តិច​ៗ ​កុំ​អី​វ៉ៃ​ស៊ីម៉ាអ៊ី​ ​ឱ្យ​សន្លប់​តាំង​ពី​ទឹក២ពេជ្រ សីហា (ក្រហម)

 

សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់ PNN ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ មាន​គូ​ពិសេស​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​គូ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោកញ្ជ្រៀវ​គឺ​ជើង​ខ្លាំង​កម្ពុជា ពេជ្រ សីហា ​ប៉ះ​ជាមួយ​អ្នក​លេង​មុខ​ឌឺ ស៊ីម៉ាអ៊ី ​របស់​ថៃ។ ក្នុង​ការ​ប្រកួត​នេះ សីហា ​ហាក់​មាន​ប្រៀប​ជាង​ខ្លាំង ហើយ​មាន​ឱកាស​វាយ​​ចូល​ជា​ច្រើន​ ប៉ុន្តែ ស៊ីម៉ាអ៊ី ​មាន​នៅ​តែ​អាច​រក្សា​ជំហរ​របស់​ខ្លូន រហូត​ដល់​ចប់​ទឹក​ទី​៥។ ជា​លទ្ធផល​អ្នក​ប្រដាល់​កម្ពុជា ពេជ្រ សីហា ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ។

 

ក្រោយ​ចប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ​ដែរ អ្នក​ប្រដាល់​មាន​រហស្សនាម​ថា Mike Tyson ​ខ្មែរ​ ខាង​លើ​បាន​និយាយ​ថា​ខ្លួន​មាន​ការ​ឈឺ​ដៃ​បន្តិច​អំឡុង​ពេល​ហ្វឹកហាត់ ដូច្នេះ​ហើយ​បាន​ជា​ការ​វាយ​ចេញ​មិន​ពេញ​កម្លាំង ទើប​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ស៊ូ​បាន​ដល់​ចប់​ទឹក។ ប្រសិន​បើ​មិនមាន​បញ្ហា​របួស​នេះ​ទេ ពេជ្រ សីហា ​ជឿ​ជាក់​ថា ​ស៊ីម៉ាអ៊ី ​ប្រហែល​រត់​មិន​រួច​ត្រឹម​ទឹក​២ ​ឬ​ទឹក​៣ ​នោះ​ទេ។

 

​សូម​បញ្ជាក់​ថា​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់ PNN ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​កីឡាករ​ឡុង សុវណ្ណឌឿន ​ប៉ះ​ជាមួយ​ ឡេះ តើក នៅ​ថ្ងៃ​ទី​២៨​ខែ​សីហា​ខាង​មុខ ​និង​កីឡាករ​ ពេជ្រ សីហា ​ត្រូវ​ប៉ះ​ជាមួយ​​សរ រាជសីហ៍ ​នៅ​ថ្ងៃ​ទី​៤​ខែ​កញ្ញា​ឆ្នាំ​២០១៦៕

 

 

អត្ថបទ៖ មុន្នី រម្យ