បេក្ខជន​អត់​ហ៊ាន​យក​វិញ្ញាសា​តាម​ខ្លួន ព្រោះ​ដឹង​ថា ការ​ប្រលង​តឹង

បណ្ដា​មណ្ឌល​ប្រលង​នៅ​តាម​វិទ្យាល័យ​ចំនួន​ក្នុង​ខេត្ត​សៀមរាប ស្ទើរតែ​រក​វិញ្ញាសា​មួយ​គ្មាន​ ហើយ​ខ្លះ​ចាប់​បាន​តែ​មួយ​ ឬ ពីរ​ប៉ុណ្ណោះ នៅ​អំឡុង​ពេល​ត្រួត​ពិនិត្យ​ មុន​ពេល​ចូល​ប្រលង​បាក់ឌុប​ថ្ងៃ​ដំបូង។ ទន្ទឹម​នឹង​នេះ កម្លាំង​រក្សាសណ្ដាប់​ធ្នាប់​​នៅ​តាម​មណ្ឌល​ប្រលង​និមួយៗ ហាក់​មាន​ភាព​តឹងរ៉ឹង នៅ​ព្រឹក​នេះ។

 

បេក្ខជន​អត់​ហ៊ាន​យក​វិញ្ញាសា​តាម​ខ្លួន ព្រោះ​ដឹង​ថា ការ​ប្រលង​តឹង

 

លោក លី សុផាត អ្នក​រាយការណ៍​ព័ត៌មាន Sabay កំពុង​ឃ្លាំ​មើល​ព្រឹត្តិការណ៍​ប្រលង​នៅ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា មណ្ឌល​ប្រលង​វិទ្យាល័យ​ ១០ មករា ពុំ​រក​ឃើញ​វិញ្ញាសា​បែក​ធ្លាយ ឬ សំណៅ​ឯកសារ​យក​ចូល​ប្រលង​ឡើយ។ ចំពោះ​មណ្ឌល​ប្រលង​វិទ្យាល័យ​អង្គរ​ គឺចាប់​បាន​សំណៅ​ឯកសារ​មួយ​សន្លឹក និង វិទ្យាល័យ​ហ៊ុន សែន វត្តស្វាយ ក្នុង​ខេត្ត​សៀមរាប គឺចាប់​បាន​២-៣ ក្ដាប់​ដៃ​ប៉ុណ្ណោះ។

 

តើ​បេក្ខជន​ទាំង​អស់​សុទ្ធតែ​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង​ ឬ​យ៉ាង​ណា​ ទើប​មិន​ហ៊ាន​យក​សំណៅ​ឯកសារ​ដាក់​តាម​ខ្លួន​ត្រៀម​ចូល​ប្រលង​ដូច​ឆ្នាំ​មុនៗ? ឆ្លើយ​តប​នឹង​សំណួរ​នេះ អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​រូប​នេះ បាន​ឲ្យ​ដឹង​ថា បេក្ខជន​គ្រប់​គ្នា​ដឹង​ថា ឆ្នាំ​នេះ​តឹង​ហើយ​បើ​ទោះ​បី​យក​សំណៅ​ឯកសារ​តាម​ខ្លួន​ក៏​មិន​បាន​ដែរ ដូច្នេះ ពួកគេ​ពុំ​ហ៊ាន​យក​មក​តាម​ខ្លួន​នោះ​ទេ ប៉ុន្ដែ បេក្ខជន​មួយ​ចំនួន ​ហាក់​មាន​ទឹក​មុខ​ស្រងូតស្រងាត់។

 

បេក្ខជន​អត់​ហ៊ាន​យក​វិញ្ញាសា​តាម​ខ្លួន ព្រោះ​ដឹង​ថា ការ​ប្រលង​តឹង

 

ទោះ​បី​ជា​យ៉ាង​ណា លោក លី សុផាត បាន​ប្រាប់​ថា ស្ថានភាព​ការ​ប្រលង​នៅ​តាម​មណ្ឌល​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​សៀមរាប គិត​ត្រឹម​ម៉ោង ៦:០០ រហូត​ដល់​ម៉ោង ៨:០០ ព្រឹក​មិញ គឺ​ស្ងប់ស្ងាត់ ដោយ​ពុំ​មាន​បែក​ធ្លាយ​វិញ្ញាសា​ណា​មួយ​កើត​ឡើង​នោះ​ទេ។

 

នេះ​ជា​ឆ្នាំ​ទី ៣ នៃ​ការ​រឹតបន្ដឹង​ការ​ប្រលង​បាក់ឌុប ក្នុង​ទិសដៅ​ពង្រឹង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មជ្ឈដ្ឋាន​នានា បាន​សាទរ​នៅ​ចំណាត់​ការ​របស់​ក្រសួង​អប់រំ ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រលង​មួយ​នេះ​ផងដែរ៕​

 

រាយការណ៍ពី​ខេត្ត សៀមរាប៖ លី សុផាត