ជិះ​ម៉ូតូ​តាម​បាញ់សម្លាប់​៣​គ្រាប់​តែ​អាយុ​ថ្លៃ​បាញ់​មិនត្រូវ​ក្នុង​រឿង​គំនុំ​មុខរបរ​ចម្លង​ដរ​ដូចគ្នា

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​២​នាក់​បងប្អូន​បង្កើត ត្រូវបាន​ប៉ះ​សំដី​គូរ​ទំនាស់​ដែលមាន​មុខរបរ​ចម្លង​ដរ​ដូចគ្នា​កាលពី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ហើយ​នៅវេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៦ គូរ​ទំនាស់​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​បាញ់សម្លាប់​ដោយ​អាវុធខ្លី​ចំនួន​៣​គ្រាប់ តែ​អាយុ​ថ្លៃ​បាញ់​មិនត្រូវ ចំ​តែ​ដៃ​អាវ​។ ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ដក​ស្និត ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

022b5

​យុវជន​រងគ្រោះ​ឈ្មោះ ផុន សារឿន អាយុ​១៨​ឆ្នាំ រ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានអោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ​រូបគេ និង​ប្អូនប្រុស​ម្នាក់ទៀត​ឈ្មោះ ផុន សារិន អាយុ​១៨​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​លឿង​ពី​លិចទៅ​កើត ក្នុង​បំណង​ទៅធ្វើ​ការ​នៅ​កំពង់ចម្លង​ដូច​សព្វមួយដង​។ នៅពេល​ពួកគេ​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ឈ្មោះ លី រ៉ា​ហ្វា​ត អាយុ​១៧​ឆ្នាំ ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់​ដេញ​បាញ់​ជនរងគ្រោះ​២​នាក់​បងប្អូន​ចំនួន​៣​គ្រាប់ ដោយ​ប្រើ​កាំភ្លើងខ្លី​។

022b1

​យុវជន​រងគ្រោះ​បាន​និយាយទៀតថា​៖ រូបគេ​នឹង​ប្អូនប្រុស​មាន​អាយុ​ថ្លៃ​ណាស់​ដោយ​ក្នុងពេល​ជនល្មើស​តាម​បាញ់​នោះ ល្បឿន​ម៉ូតូ​កំពុងតែ​លឿន ហើយ​គ្រាប់កាំភ្លើង​ទាំង​៣​គ្រាប់​នោះ​មិនបាន​ត្រូវ​ពួកគេ​ឡើយ តែមាន​មួយ​គ្រាប់​ត្រូវ​ដាច់​ដៃ​អាវ​ប្អូន​ខ្លួន​តែប៉ុណ្ណោះ​។ ក្រោយពេល​បាញ់​រួច​ឈ្មោះ លី រ៉ា​ហ្វា​ត ជា​ជនល្មើស​បាន​បើក​ម៉ូតូ​បក​ក្រោយ​វិញ​ជិះ​គេចខ្លួនបាត់​។

022b2

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​សុំអោយ​សមត្ថកិច្ច​តាម​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​នៅ​ម៉ោង​៧​និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ចំរុះ​ស្រុក​និង​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​សំបក​ក​ន្ទុ​ស​នៅ​កន្លែងកើតហេតុ រហូតដល់​ម៉ោង​១០​ព្រឹក​ទើប​រកឃើញ​សំបក​គ្រាប់​កាំភ្លើងខ្លី​មួយ​គ្រាប់ តែ​មិនទាន់​ស្គាល់​ម៉ាក​កាំភ្លើង​អ្វី​នោះឡើយ​។​

022b3

​ដោយឡែក​លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានបញ្ជាក់​អោយដឹងថា​៖ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ច្បាស់​ហើយ ក៍​ព្រោះតែ​ក្រុមគ្រួសារ​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា នៅក្នុង​មុខរបរ​ចម្លង​កាណូត​ដរ​ដូចគ្នា​កាលពី រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ហើយ​ក្នុងពេល​បាញ់ប្រហារ​មក​លើ​ជនរងគ្រោះ គឺ​ជនសង្ស័យ​មិនបាន​បិតបាំង​មុខ​នោះឡើយ​។

022b4

​លោក​បាន​បន្តថា នៅពេល​ជនរ​គ្រោះ​បានដាក់​បណ្តឹង​ភ្លាម គឺ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដល់ផ្ទះរ​បស់ជនស​ង្ស័​យ​ភ្លាមៗ​ដែរ តែ​ពួកគេ​ទាំង​២​នាក់​បាន​រត់គេច​បាត់​មុន​សមត្ថកិច្ច​មកដល់​។​ករណីនេះ​គឺ​ត្រូវ​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​ធ្វើឃាត​មនុស្ស និង​ពីបទ​ប្រើប្រាស់​កាន់កាប់​អាវុធ​ខុសច្បាប់ ដែល​សមត្ថកិច្ច​និង​បន្ត​ស្រាវជ្រាវ​រកអោយឃើញ​៕ ( រិទ្ធិជ័យ )