ប្រធានាធិបតីហ្វីលីពីនគំរាមដកប្រទេសរបស់លោកចេញពីសមាជិកភាពអង្គការសហប្រជាជាតិ

ប្រធានាធិបតីដែលនិយាយយ៉ាងក្រអឺតក្រទមរបស់ហ្វីលីពីន បានគំរាមដកប្រទេសរបស់លោកចេញពីអង្គការសហប្រជាជាតិ ក្នុងពេលដែលលោកនិយាយកាលពីពេលថ្មីៗនេះ ដោយសម្តែងកំហឹង ចំពោះអ្នករិះគន់យុទ្ធនាការ ប្រឆាំងគ្រឿងញៀន របស់លោក ដែលបានធ្វើឲ្យជនសង្ស័យរាប់រយនាក់ស្លាប់។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយចំអកឲ្យអង្គការសហប្រជាជាតិ ថាជាអង្គការឥតប្រយោជន៍ ហើយលោកក៏បានវាយប្រហារជាពាក្យធ្ងន់ធ្ងរទៅលើប៉ូលិសអាមេរិក ដែលសម្លាប់បុរសស្បែកខ្មៅ។

លោកប្រធានាធិបតីរូបនេះ បានចង្អុលបង្ហាញកាលពីព្រឹកថ្ងៃអាទិត្យនេះ ទៅរករូបថតដ៏គួរឲ្យសង្វេគ នៃកុមារម្នាក់ ដែលហូរឈាមពេញខ្លួន ដែលត្រូវបានគេទាញចេញពីគំនរអាគារបាក់បែកដោយសារការវាយប្រហារដោយគ្រាប់ម៉ីស៊ីលក្នុងទីក្រុងAleppo ប្រទេសស៊ីរី។

លោកបានវាយប្រហារអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក ថាគ្មានសមត្ថភាពក្នុងការបញ្ឈប់ជម្លោះដ៏ផ្តាច់ផ្តិលជីវិតបែបនេះបាន ខណៈដែលលោកមានប្រសាសន៍ថា លោកទទួលរងការរិះគន់យ៉ាងខ្លាំង ចំពោះការស្លាប់របស់ពួកឧក្រិដ្ឋជន។

លោកប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បាននិយាយធ្ងន់ធ្ងរប្រឆាំងនឹងអ្នករិះគន់រូបលោកម្នាក់ ដែលជាសមាជិកាព្រឹទ្ធសភាហ្វីលីពីន ដោយចោទប្រកាន់លោកស្រីថា មានទំនាក់ទំនងលួចលាក់ជាមួយអ្នកបើកបរឡានឲ្យលោកស្រី។ លោកប្រធានាធិបតី បានភា្ជប់តៃកុងឡាននោះ ទៅនឹងក្រុមជួញដូរគ្រឿងញៀនខុសច្បាប់៕

ប្រភព៖ VOA


Related Posts