សហគមន៍ខ្មែរអូស្រ្តាលីស្នើឡើង៧ចំណុចដើម្បីជំរុញការគោរពសិទ្ធិមនុស្សនៅកម្ពុជា

ក្រុមប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលីជិត ២ពាន់នាក់ កាលពីថ្ងៃម្សិលមិញ បានអំពាវនាវទៅរដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា ឲ្យធ្វើកិច្ចការ ៧ចំណុច ដើម្បីជំរុញការគោរពសិទ្ធិមនុស្ស និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។

យោងតាមលិខិតអំពាវនាវ ដែល វីអូឌី(VOD) ទទួលបានកាលពីថ្ងៃម្សិលមិញ សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី បានសម្រេចចេញសេចក្ដីអំពាវនាវ ៧ចំណុច ទៅកាន់រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា បន្ទាប់ពីពួកគេជួបប្រជុំគ្នា នៅឯទីក្រុងមែលប៊ន កាលពីថ្ងៃម្សិលមិញ។

សហគមន៍ខ្មែរបាននិយាយក្នុងលិខិតនោះថា ពួកគេបានសង្កេតឃើញការរំលោភបំពានលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ដែលពួកគេថា ស្ថានភាពបែបនេះ ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិនានា។

ក្រុមប្រជាជនខ្មែរ បានអំពាវនាវទៅរដ្ឋាភិបាលអូស្ត្រាលី ឲ្យបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ចំពោះការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងលិខិតដដែលនោះ សហគមន៍ខ្មែរ ក៏បានអំពាវនាវផងដែរ ទៅដល់រដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច ឲ្យបញ្ឈប់ការបំភិតបំភ័យ និងការចោទប្រកាន់ដោយមូលហេតុនយោបាយទៅលើសមាជិកសភាគណបក្សប្រឆាំង។

ក្រុមប្រជាជនខ្មែរ បានទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យលុបចោលការដាក់បម្រាមទៅលើសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋ Victoria លោក ហុង លីម ដែលត្រូវបានអាជ្ញារកម្ពុជា ហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា បន្ទាប់ពីលោកហៅរបបគ្រប់គ្រងកម្ពុជាបច្ចុប្បន្នថា«របបតិរិច្ឆាន»។

ផ្ទុយទៅវិញ សហគមន៍ខ្មែរបានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលី ពិចារណាដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលក្នុងបញ្ជីនៃជនដែលអាជ្ញាធរអូស្ត្រាលីហាមឃាត់មិនឲ្យចូលទៅកាន់ប្រទេសនេះ។

ប្រជាជនខ្មែរនៅអូស្ត្រាលី បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់យុត្តិធម៌ពិតប្រាកដ និងប្រកបដោយតម្លាភាពដល់ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា៕

ប្រភព៖ VOD


សហគមន៍ខ្មែរអូស្រ្តាលីស្នើឡើង៧ចំណុចដើម្បីជំរុញការគោរពសិទ្ធិមនុស្សនៅកម្ពុជា

លោក ហ៊ុន សែន អ្នកពាក់ព័ន្ធត្រៀមជួបគ្នាដើម្បីមូលមាត់ឈានទៅអភិរក្សធនធាធម្មជាតិរួមគ្នា

សហគមន៍ខ្មែរអូស្រ្តាលីស្នើឡើង៧ចំណុចដើម្បីជំរុញការគោរពសិទ្ធិមនុស្សនៅកម្ពុជា

កម្រងរូបភាព៖ ជនជាតិវៀតណាមនៅកម្ពុជា