ពលរដ្ឋខ្មែរប្តឹងក្រុមហ៊ុនអាមេរិកនិងថៃ ទាក់ទងនឹងពលកម្មដោយបង្ខំ

ចៅក្រមម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា បានបង្គាប់ឲ្យមេធាវី តំណាងក្រុមហ៊ុនលក់អាហារសមុទ្រនៅសហរដ្ឋអាមេរិកចំនួនពីរ បង្ហាញខ្លួននៅមុខតុលាការ ក្រោយពីមានពាក្យបណ្ដឹងមួយ ដែលត្រូវបានដាក់តំណាងឲ្យពលរដ្ឋខ្មែរចំនួន៧នាក់ ដែលអះអាងថា ពួកគេ ត្រូវបានគេបោកបញ្ឆោតឲ្យធ្លាក់ចូលទៅក្នុងជីវិតជាពលករនេសាទនៅក្រៅប្រទេសដែលផ្គត់ផ្គង់អាហារសមុទ្រដល់ក្រុមហ៊ុនទាំងពីរនេះ។

ជនរងគ្រោះទាំង៧នាក់ ដែលមានស្ត្រីពីរនាក់និងបុរស៥នាក់ បានដាក់ពាក្យបណ្តឹងនេះ ប្រឆាំងនឹងក្រុមហ៊ុន ចុះបញ្ជិកានៅអាមេរិក ឈ្មោះ Rubicon Resources និង Wales & Co. Universe និងក្រុមហ៊ុនថៃ ឈ្មោះ Phatthana Seafood Co និង S.S. Frozen Food Co នៅថ្ងៃទី១៥ ខែមិថុនា។

នៅក្នុងពាក្យបណ្ដឹងនេះ ជនដើមចោទ និយាយថា ពួកគេ ត្រូវបានគេបោកបញ្ឆោតឲ្យធ្វើការឲ្យក្រុមហ៊ុនទាំងនេះ ហើយក៏បានធ្វើការអស់រយៈពេលជិត២ឆ្នាំ ក្នុងស្ថានភាពជាទាសករដោយបង្ខំនៅចន្លោះឆ្នាំ២០១០និង២០១២។

ក្រុមហ៊ុន Walmart ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏មានឈ្មោះក្នុងចំណោមក្រុមហ៊ុនដែលទិញអាហារសមុទ្រពីក្រុមហ៊ុននាំចេញបង្គាPhatthana ផងដែរ។ នេះបើយោងតាមពាក្យបណ្តឹងដដែល។

ចៅក្រម John F. Walter បានបញ្ជាឲ្យមេធាវី បង្ហាញខ្លួននៅមុខតុលាការនៅថ្ងៃទី១៩ខែវិច្ឆិកាខាងមុខនេះ ដើម្បីផ្តល់អំណះអំណាងនិងភស្តុតាងរបស់ខ្លួន ហើយនឹងពន្យល់សំណុំរឿងក្តីនេះ។ មេធាវីការពារក្តី អះអាងថា តុលាការអាមេរិក មិនមានយុត្តាធិការក្នុងសំណុំរឿងក្តីនេះទេ៕

ប្រភព៖ VOA


ពលរដ្ឋខ្មែរប្តឹងក្រុមហ៊ុនអាមេរិកនិងថៃ ទាក់ទងនឹងពលកម្មដោយបង្ខំ

គ.ជ.បស្វាគមន៍ជំហរបក្សប្រឆាំងដែលប្រកាសប្តឹងជនបរទេសកាន់អត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់

ពលរដ្ឋខ្មែរប្តឹងក្រុមហ៊ុនអាមេរិកនិងថៃ ទាក់ទងនឹងពលកម្មដោយបង្ខំ

សហគមន៍ខ្មែរអូស្រ្តាលីស្នើឡើង៧ចំណុចដើម្បីជំរុញការគោរពសិទ្ធិមនុស្សនៅកម្ពុជា