សង្វេគក្រៃ! យាយព្រោះតែចៅជាង២០នាក់​

ខេត្តបន្ទាយមានជ័យ ៖ បើ​គ្រាន់តែ​ឮ ពិតជា​មិន​គួរ​ឱ្យ​ជឿ​ទេ ប៉ុន្តែ​ពេល​ទៅ​ឃើញ​ផ្ទាល់​ភ្នែក ពិតជា​គួរ​ស​ង្វេគ​ណាស់ គ្រួសារ​មួយ​រស់​យ៉ាង​សែន​វេទនា គឺ​ជីដូន​ដើរ​លក់​កណ្តូប​ចៀន​១​ថាស  ឯ​កូនស្រី​ក្លាយជា​ស្រី​ខារ៉ាអូខេ ថ្វីបើ​ហាក់ដូចជា​សប្បាយ​ក្នុង​បន្ទប់​ភ្លើង ពណ៌​រាំច្រៀង បម្រើ​ការ​សប្បាយ​របស់​បុរស តែ​ជា​ជម្រើស​សម្រាប់​ជីវិត​ដែល​គ្មាន​ជម្រើស ដើម្បី​ស្វែងរក​ថវិកា​មក​ចិញ្ចឹម​ចៅ​និង​ក្មួយ​ជាង​២០​នាក់ ដែល​រស់នៅ​ក្នុង​បន្ទុក​ដេក​ណែន​ផ្ទះ​ដូច​ក​ន្ដំ ។

គ្រួសារ​ខាងលើ បច្ចុប្បន្ន​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជីដូន​ឈ្មោះ សេង នឿ​ត អាយុ​៥៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​សុំ​ដី​គេ​រស់នៅ សង់​ខ្ទម​តូច​មួយ​ប្រហែល​៤​ម៉ែត្រ​៤​ជ្រុង មិនដឹង​ថា​ដេក​ពួន​យ៉ាងណា​អស់នោះ​ទេ ។ គ្រួសារ​មួយ​នេះ មាន​ក្មេង​សរុប​រហូត​២៣​នាក់ ក្នុង​នោះ​ស្រី​៩​នាក់ ពួក​គេ​សុទ្ធតែ​ជា​ចៅ​ៗ​របស់​ស្ត្រី​ចំណាស់​ខាងលើ ដែល​មានមុខ​របរ​លក់​កណ្ដូប​ចៀន ។

ស្ត្រី​ចំណាស់​ជា​ជីដូន​បាន​ប្រាប់​កោះសន្តិភាព​ម្សិលមិញ​នេះ​ថា ក្មេង​ៗ​ទាំងនេះ ជា​កូន​របស់​កូនប្រុស​ស្រី​របស់​គាត់​៦​គ្រួសារ ដែល​ឱ​ពុក​ម្តាយ​ពួក​គេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទាំងអស់​គ្នា ។ ស្ត្រី​ខាងលើ​បន្ត​ថា ឪពុក​ម្តាយ​ក្មេង​ទាំងនេះ ខ្លះ​ជា​ស្ត្រី​មេម៉ាយ ហើយ​ថវិកា​ផ្ញើ​ពី​ថៃ​ខែ​ខ្លះ​បាន ខែ​ខ្លះ​អត់ ដោយ​អះអាង​ថា ធ្វើការ​ចាញ់បោក​គេ​នៅ​ឯ​ប្រទេស​ថៃ ។

គាត់​បន្ត​ថា ក្មេង​ទាំង​២៣​នាក់ មាន​៩​នាក់ ត្រូវ​បាន​អង្គការ​ចំនួន​២​យក​ទៅ​ចិញ្ចឹម ក្រៅពី​នេះ គឺ​មិន​បាន​ចូល​សាលា​ទេ ហើយ​រស់ នៅ​ជាមួយ​គាត់​តែ​ម្តង ។ ស្ត្រី​ខាងលើ​បញ្ជាក់​ថា ក្មេង​ទាំងអស់រ​ស់បាន​អាស្រ័យ​លើ​កូនស្រី​របស់​គាត់​ឈ្មោះ សេង ចាន់ ហៅ​ណា អាយុ​២៣​ឆ្នាំ នាង​ធ្វើ​ជា​ស្រី​ខារ៉ាអូខេ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​គាត់​លក់​កណ្ដូប​ចៀន​មួយ​ថាស់​មុខ​ខ្ទម​កំសត់​ផង​ដែរ ។

ចំពោះ​បញ្ហា​ជីវភាព​ស្ត្រី​រូប​នេះ​ប្រាប់​ថា ក្នុង​មួយ​ពេល​ចំណាយ​អង្ករ​ដាំបាយ​ជិត​១០​កំប៉ុង ហើយ​ក្នុង​១​ខែ ៣​ការុង​អង្ករ ជួនកាល​៤​កា​រ៉ុ​ង​ទើប​គ្រប់ ។ ចំពោះ​ខ្ទម​ដែល​កំពុង​រស់នៅ​នេះ ត្រូវ​ដើរ​ឱនក្បាល ទើប​ចូល​រួច ហើយ​ទំហំ​ក្នុងផ្ទះ​ប្រហែល​៤​ម៉ែត្រ​តែ​ប៉ុណ្ណោះ ដែល​ជីដូន​និង​កូន​ព្រមទាំង​ចៅ​ៗ ដេក​នៅ​រួម​គ្នា​ណែន​ប៉ែស​។

គាត់​ថា គាត់​និង​ចៅ​ៗ​រស់នៅ​បែប​នេះ​ជិត​៥​ឆ្នាំ​ហើយ ។ យ៉ាងណា​ក៏​ដោយ គ្រួសារ​មួយ​នេះ​និយាយ​ថា កាលពី​ខែ​មុន​អាជ្ញាធរ​ភូមិ​បា​លិ​លេ​យ្យ បាន​យក​អំណោយ​ឱ្យ​រួម​មាន​អង្ក​១​កា​រ៉ុ​ង ស្មើ​៥០​គីឡូ ក្រាម និង​ថវិកា​១២​ម៉ឺន​រៀល ជួយ​បាន​ធូរស្រាល​មួយ​រយៈពេល​ដែរ ។

ស្ត្រី​ខាងលើ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង​-​ក្រៅប្រទេស សូម​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ពិតជា​រក​ពាក្យ​អ្វី​មក​ថ្លែង​ពុំ​បាន​នោះ​ទេ ធ្វើ​ម៉េច​បើ​កើតមក​ព្រហ្ម​លិខិត​កំណត់​ឱ្យ​គាត់​រស់​ក្នុង​ស្ថានភាព​បែប​នេះ ដើម្បី​កំដរ​ជីវិត​ចៅ​ៗ​ល្អិតល្អោច​ទំ​រាំ​ថ្ងៃ​ស្លាប់ ៕