សាហាវ ! ជិះ​ម៉ូតូ​ដេញ​បាញ់​ទាំង​ព្រឹក

ខេត្តកំពង់ឆ្នាំង ៖ យុវជន​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​ជន​២​នាក់​ជិះ​ម៉ូតូ​ដេញ​បាញ់​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ ធ្វើ​ឲ្យ​ពួក​គេ​ទាំង​២​នាក់​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទាំង​ព្រលឹង​ចុង​សក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​នៅ​វេលា​ម៉ោង​៦ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​ដក​ស្និត ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ ផុ​ន សា​រឿ​ន អាយុ​១៩​ឆ្នាំ មាន​មុខរបរ​ចម្លង​ដ និង​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​និង​ប្អូនប្រុស​ម្នាក់​ទៀត​ឈ្មោះ ផុ​ន សា​រិ​ន អាយុ​១៨​ឆ្នាំ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​លឿង ក្នុង​បំណង​ទៅ​ធ្វើការ​នៅ​កំពង់ចម្លង​ដូច​សព្វមួយដង ។ ខណៈ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ឈ្មោះ លី រ៉ា​ហ្វា​ត អាយុ​១៧​ឆ្នាំ ជិះ​ម៉ូតូ​១​គ្រឿង មាន​គ្នា​២​នាក់ ដេញ​បាញ់​រូបគេ​ទាំង​២​នាក់​បងប្អូន ។ ពេល​នោះ​ពួក​គេ​ទាំង​២​នាក់​បងប្អូន​ប្រឹង​បើក​ម៉ូតូ​រត់គេច​យ៉ាង​លឿន​ទាំង​ព្រលឹង​ចុង​សក់ សំណាង​ណាស់​គ្រាប់កាំភ្លើង​ទាំង​៣​គ្រាប់​នោះ​មិន​បាន​ត្រូវ​ពួក​គេ​ឡើយ គ្រាន់តែ​ត្រូវ​ចំ​ដៃ​អាវ​ប្អូនប្រុស​ខ្លួន​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ ។ ចំណែក​ឈ្មោះ លី រ៉ា​ហ្វា​ត និង​បក្សពួក បាន​បើក​ម៉ូតូ​បក​ក្រោយ​វិញ ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ សមត្ថកិច្ច​នគរបាល​ចម្រុះ​ស្រុក​និង​ខេត្ត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ បាន​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើងខ្លី​១​គ្រាប់ តែ​មិន​ទាន់​ស្គាល់​ម៉ាក​កាំភ្លើង​អ្វី​នៅឡើយ​ទេ ។

លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ច្បាស់​ហើយ ករណី​ប៉ុនប៉ង​សម្លាប់​នេះ​កើតឡើង​ពីមុខ​របរ​ចម្លង​ដ​ដូច​គ្នា ហើយ​មុន​ពេល​កើតហេតុ​កាលពី រសៀល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ ភាគី​ទាំង​២​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​ករណី​ចម្លង​ដ​ដណ្តើម​ម៉ូយ​គ្នា ទើប​ឈាន​ដល់​គំនុំ ប៉ង​សម្លាប់​ផ្តាច់ជីវិត​បែប​នេះ  ចំណែក​ជនសង្ស័យ​ឈ្មោះ លី រ៉ា​ហ្វា​ត  ពេល​បាញ់ប្រហារ​មក​លើ​ជន​រង​គ្រោះ គឺ​មិន​បាន​បិទ​បាំង​មុខ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្គាល់​មុខ​យ៉ាង​ច្បាស់ ។

លោក​បាន​បន្ត​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ដល់​លំនៅ​ឋាន​ជនសង្ស័យ តែ​ជនសង្ស័យ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​បាត់​អស់ហើយ ។ ទោះបី​បែប​នេះ​ក្តី សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សុំ​ដីកា​តាម​ចាប់ខ្លួន​ហើយ ដោយ​ចោទប្រកាន់​ពី​បទ ប៉ុនប៉ង​ធ្វើឃាត​មនុស្ស និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ៕