​គ្រូ​ស៊ីម៉ាក់​ថា​​ ​​ចាញ់​ទ័ព​​ម្សិល​មិញ​ ​​ព្រោះ​អាជ្ញាកណ្ដាល​ចាប់​​បាល់​ប៉េណាល់ទី​ខុស

លោក កែវ សារិន ​គ្រូ​ជំនួយ​ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​​ និយាយពីរឿង​បរាជ័យ​​ក្រុម​ខ្លួន​លោក​​ក្រោម​ថ្វី​ជើង​ក្លឹប​​ក្រសួង​ការពារ​​ជាតិ​ម្សិល​មិញ ​​​ដោយសារ​អាជ្ញាកណ្ដាល​ចាប់​បាល់​ប៉េណាល់ទី​ខុស សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​របស់​កម្ពុជា​​សប្ដាហ៍​ទី​១៧។

 

 ​គ្រូ​ស៊ីម៉ាក់​ថា​​ ​​ចាញ់​ទ័ព​​ម្សិល​មិញ​ ​​ព្រោះ​អាជ្ញាកណ្ដាល​ចាប់​​បាល់​ប៉េណាល់ទី​ខុសលោក កែវ សារិន

 

ការប្រកួតនៅតង់ទី​មួយ ក្រុម​ទាំងពីរមិន​បាន​បំប៉ោង​សំណាញ់ទីគ្នា​ទេ។ ចូលដល់តង់ទីពីរ​ទើប​មាន​គ្រាប់​បាល់។ ​​គ្រាប់​បាល់ដំបូង​របស់​ក្លឹប​ក្រសួង​​ការ​ពារ​ជាតិ​​​​រក​បាន​នៅ​​នាទី​ទី៥១​ ​ដែល​ជា​ការ​ទាត់​បាល់​ប៉េណាល់​ទី​របស់​កីឡាករកូរ៉េ​ខាង​ជើង​ Choe Myong Ho ​​ក្រោយ​កីឡាករ​របស់​ស៊ីម៉ាក់​​បង្ក​កំហុស​នៅ​តំបន់​​គ្រោះ​ថ្នាក់។ ចំណែក​គ្រាប់​ទី​២ ជា​ការ​​រក​បាន​ដោយ​កីឡាករ ​កែ វណ្ណៈ ​នៅ​នាទី​ទី​៨២។

 

លោក កែវ សារិន បាន​ឲ្យ​ដឹង​ថា ​​ការ​ចាប់​​កំហុស​របស់​លោក​អាជ្ញាកណ្តាល​​ដោយ​បាន​​ផ្ដល់​បាល់ប៉េណាល់​ទី​​ដល់​ក្រុម​ទ័ព​នោះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ។ ​​​​កីឡាករ​របស់​លោក​គ្មាន​កំហុស​​​នោះ​ទេ ដែល​ត្រូវ​ផ្ដល់​បាល់​ប៉េណាល់​ទី​ទៅ​ទ័ព​នោះ។ ​​

 
​​​បុរស​​វ័យ​កណ្ដាល​រូប​នេះ​បន្ថែម​ថា ​កីឡាករ​របស់​លោក​មាន​អារម្មណ៍​​បែក​សាមគ្គី​​អស់​រលីង​នៅ​ពេល​​អាជ្ញាកណ្ដាល​​សម្រេច​ផ្ដល់​បាល់​ប៉េណាល់​ទី​ដល់​ទ័ព​ ដែល​ជា​បាល់​មិន​ទំនង​មួយ​នេះ។ ​​លោក​មិន​មែន​ចង់​យក​លេស​​ ចាញ់​​ទម្លាក់​កំហុស​ទៅ​អ្នក​​​ណា​ម្នាក់​ផ្សេង​ទៀត​ឡើយ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​អ្នក​ទស្សនា​មើល​ឃើញ​គ្រប់​គ្នា។

 

​លោក​បញ្ជាក់​ទៀត​ថា ការ​បង្ហាញ​​​ចំណុច​ខ្វះខាត​​មួយ ដែល​​សម្ដែង​ចេញ​នូវ​ភាព​មិន​ច្បាស់​​សម្រាប់​​ជំនាញ​ក្នុង​​ការ​​គ្រប់គ្រង​ការ​ប្រកួត​​របស់​អាជ្ញា​កណ្ដាល ​ដូច្នេះ​​​វា​អាច​ឲ្យ​កីឡាករ​ក្នុង​ក្លឹប​តូច​ៗ​ដូច​ជា​លោក​ បាក់​ទឹក​ចិត្ត​ចង់​ឈប់​លេង​អស់​ហើយ​។

 

​​​ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​កំពុង​ស្ថិត​នៅ​លេខ​៨​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ ដែល​រក​បាន​ ៨​ពិន្ទុ​ក្នុង​ចំណោម១៧ ប្រកួត​កន្លង​មក៕

 

 ​គ្រូ​ស៊ីម៉ាក់​ថា​​ ​​ចាញ់​ទ័ព​​ម្សិល​មិញ​ ​​ព្រោះ​អាជ្ញាកណ្ដាល​ចាប់​​បាល់​ប៉េណាល់ទី​ខុស ក្រុម​ស៊ីម៉ាក់​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​