ហ្វីលីពីន​គំរាមចាក​​​ចេញ​ពី​UN រឿង​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ជាង​១៥០០​នាក់

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ងើប​ឡើង​ប្រឆាំង​នឹង​អង្គការ​សហប្រជាជាតិ (UN) កាល​ពី​ថ្ងៃអាទិត្យ ទី២១ ខែ​សីហា ម្សិលមិញ​នេះ បន្ទាប់ពី​មាន​ការ​អំពាវនាវ​ឲ្យ​លោក​បញ្ឈប់​ការ​កាប់​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន ដោយ​​និយាយ​ថា លោក​ប្រហែល​ជា​ចាកចេញ​ពី​អង្គការ​មួយ​នេះ ហើយ​អញ្ជើញ​ចិន និង​ប្រទេស​ដទៃ​ទៀត​មក​បង្កើត​អង្គការ​ថ្មី​មួយ​វិញ។

 

ហ្វីលីពីន​គំរាមចាក​​​ចេញ​ពី​UN រឿង​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ជាង​១៥០០​នាក់

លោក Rodrigo Duterte

 

កាល​ពី​សប្ដាហ៍​មុន អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់ UN ២នាក់ បាន​ជំរុញ​ឲ្យ​ហ្វីលីពីន បញ្ឈប់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ខណៈ​ជនសង្ស័យ​ជាប់ពាក់ព័ន្ធ​នឹង​អ្នក​ជួញដូរ​គ្រឿងញៀន​ប្រហែល ១ ៥០០នាក់​ត្រូវ​បាន​គេ​សម្លាប់ ចាប់​តាំង​ពី​លោក Duterte ឡើង​កាន់​អំណាច ក្រោយ​ការ​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​ទី០៩ ខែ​ឧសភា កន្លង​ទៅ​នេះ។ លោក Duterte បាន​ឈ្នះ​តំណែង​ប្រធានាធិបតី ដោយ​ឈរ​លើ​ការសន្យា​ថា​នឹង​លុបបំបាត់​គ្រឿងញៀន​ចេញ​ឲ្យ​អស់។

 

ទោះបី​ជា​យ៉ាង​ណា កាលពី​ថ្ងៃសុក្រ​កន្លងទៅ​នេះ លោក Duterte បាន​បដិសេធ​ថា រដ្ឋាភិបាល​មិន​បាន​ទទួល​ខុសត្រូវ​លើ​រឿង​នេះ​ឡើយ ហើយ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ផ្ទះ​របស់​លោក ក្នុង​ទីក្រុង Davao នៅ​ពាក់​កណ្ដាល​យប់​ថា ការ​ស្លាប់​ទាំងនោះ​មិនមែន​បង្ក​ឡើង​ដោយ​ប៉ូលិស​ឡើយ ហើយ​បាន​អញ្ជើញ​អ្នក​ជំនាញ​របស់ UN មក​ស៊ើបអង្កេត​ដោយ​ខ្លួនឯង​ទៀត​ផង។ លោក Duterte បាន​អះអាង​ថា អ្នក​ជំនាញ​ទាំងនោះ​មិនមែន​រាប់​តែ​ចំនួន​មនុស្ស​ស្លាប់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ ប៉ុន្តែ​ពួកគេ​បាន​រាប់​ទាំង​ចំនួន​អ្នក​ស្លាប់​ដែល​គ្មាន​កំហុស​ទៀត​ផង។

 

«ខ្ញុំ​នឹង​បង្ហាញ​ដល់​ពិភពលោក​ថា អ្នក​គឺ​ជា​អ្នក​ជំនាញ​ដ៏​ឆោតល្ងង់​ខ្លាំង​បំផុត។ ខ្ញុំ​មិន​ចង់​ប្រមាថ​អ្នក​ឡើយ ប៉ុន្តែ​យើង​ប្រហែល​ជា​នឹង​សម្រេចចិត្ត បំបែក​ខ្លួន​ចេញពី​អង្គការ​សហប្រជាជាតិ​ហើយ»។ លោក​បាន​និយាយ​​​ដូច្នេះ៕

 

ហ្វីលីពីន​គំរាមចាក​​​ចេញ​ពី​UN រឿង​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ជាង​១៥០០​នាក់

 

ហ្វីលីពីន​គំរាមចាក​​​ចេញ​ពី​UN រឿង​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ជាង​១៥០០​នាក់

 

 

ចុចអាន៖ មើល​ទិដ្ឋភាព​កោះ​ស្អាត​លេខ​១​ក្នុង​លោក​នៅ​ហ្វីលីពីន

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ dailymail