កំពុង​ជិះ​ម៉ូតូ​សុខ​ៗ រថយន្ត​កៀរ​ដួល​សន្លប់​ស្តូក

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​សន្លប់​ស្តូកស្តឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​សុខ​ៗ​ស្រាប់តែ​ត្រូវ​រថយន្ត​កៀរ​ដួល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ចំណុច​មុខ​សាលា ACE ស្ថិត​ក្នុង​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AP 8293 តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាបតែ​មាន​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ស​មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​កៀរ​ម៉ូតូ​ស្កុប​ពី បណ្តាល​ឲ្យ​ដួល​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​វិញ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​ត្រូវ​សាច់ញាតិ​យក​ទៅ​ជិះ​តាម​រថយន្ត​សង្គ្រោះ ៕