រន្ធត់ ! ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ កែម សុខ​លាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FW-5013 បាន​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​រថយន្ត​បង្ក​ធុន​ធំ​សណ្តោង​កន្ទុយ​ដឹក​ដែក ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 3A-1569 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ទិស​ដៅ​ភ្នំពេញ​-​អ្នក​លឿង​ក្នុង​ល្បឿន​យ៉ាង​លឿន ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ជន​រង​គ្រោះ​បាន​វាក់​អើ​ជាមួយ​រថយន្ត​មិន​ចាំ​ម៉ាក់ ក៏​ជាន់​ហ្វ្រាំង​បណ្តាល​ឲ្យ​បោក​ដួល ក៏​ត្រូវ​រថយន្ត​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​ចំ​ក្បាល​ជន​រង​គ្រោះ​បែកខ្ទេច​ស្លាប់​ភ្លាមៗតែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ជួយ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ រួច​រាយការណ៍​ជូន​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ប្រមូល​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​និ​តិ​វី​ធី ៕