ថៃបើកទ្វារវិញ តែខុសប្រក្រតី

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​និង​កម្មករ​ដែល​ត្រូវ​ឆ្លង​ទៅ​មក​ដី​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា មានការ​កកស្ទះ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខុស​សព្វមួយដង ដែលអាជ្ញាធរ​កម្ពុជា​និយាយ​ថា ដោយសារ​ខាង​ថៃ​រត់​ម៉ា​រ៉ា​តុង ​មិន​បាន​ជូនដំណឹង​ជា​មុន ។ ជា​ធម្មតា​ច្រក​ទ្វារ​ត្រូវ​បើក​នៅ​ម៉ោង​៦​ព្រឹក តែ​លើក​នេះ​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​លឹ​ក រហូត​ដល់​ម៉ោង​៧​និង​៥​នាទី​ព្រឹក ទើប​ភាគី​ថៃ​បើកទ្វារ​ព្រំដែន ។

ក្រុម​មន្ត្រី​កម្ពុជា​និយាយ​ថា ទ​ង្វើ​បែប​នេះ ខុស​ពី​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា​-​ថៃ នា​ពេល​កន្លង​មក ស្តី​ពី​កា​កែសម្រួល​ការ​បិទ​-​បើកទ្វារ​ព្រំដែន ។ កាលពីមុន​ការ​បើកទ្វារ​ព្រំដែន​នៅ​ម៉ោង​៨​ព្រឹក តែ​មក​បើក​នៅ​ម៉ោង​៦​រាល់​ព្រឹក​វិញ និង​បិទ​នៅ​ម៉ោង​៨​យប់ ហើយ​ត្រូវ​បន្ត​រហូត​ដល់​ម៉ោង​១០​យប់​វិញ ។

បញ្ហា​ខាងលើ​ត្រូវ​បាន​លោក វួ​ច អូន ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ភាគី​ថៃ​បើកទ្វារ​ព្រំដែន​នៅ​ម៉ោង​៧​និង​៥​នាទី​ខុស​ប្រក្រតី​មែន ។ លោក​បន្ត​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​ខាង​ភាគី​ថៃ គេ​ធ្វើ​ពិធី​រត់​កីឡា​ម៉ា​រ៉ា​តុង ហើយ​លោក​ថា​វា​ជា​កំហុស​របស់​ភាគី​ថៃ ដែល​មិន​បាន​ជូនដំណឹង​មក​ភាគី​កម្ពុជា​ជា​មុន ទើប​មានការ​កកស្ទះ​នៅ​ច្រក​ទ្វារ​បែប​នេះ ៕