ធ្លាក់ទឹកភ្លាម អត់ហ៊ានប្រាប់ ព្រោះ​ខ្លាចម៉ែវ៉ៃ

ខេត្តពោធិ៍សាត់ ​៖ ​កុមា​រា​អាយុ០៤​ឆ្នាំ​ម្នាក់​ ​​ធ្លាក់​ពីលើ​ផ្ទះ​បណ្ដែត​ទឹក ​បណ្ដាល​​ឱ្យ​​លង់​ស្លាប់​យ៉ាង​​អ​ណោ​ចអាធ័ម ​ដោយសារ​តែ​ពុំ​មាន​​អ្នក​ណា​ជួយ​ទាន់​ ខណៈ​ម្ដាយ​កំពុង​លាងចាន​ឆ្នាំង​នៅ​ខាង​មុខ​ ឯ​កូន​​ៗ​ប្រលែង​គ្នា​លេង​ក្នុងផ្ទះ​ ដែល​ហេតុការណ៍​នេះ​ ​កើត​ឡើង ​កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២១​ សីហា​ ២០១៦ ស្ថិតនៅ​ចំណុច​ស្ទឹង​ផាត់​សណ្ដោង​ ​​ក្នុងភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​ ។

ប្រភពឱ្យដឹងថា កុមា​រា​រង​គ្រោះ​ឈ្មោះ​ឈិ​ន វ​ណ្ណា​ស័​ក្តី អាយុ​​៤​ឆ្នាំ ​មាន​​ម្ដាយ​ឈ្មោះ​ភួង គ​ន្ធា​ អាយុ​៣០​ឆ្នាំ​ (មានកូន​ប្រុស​​៤​នាក់)​​ កូនបងគេមាន​​អាយុ៧ឆ្នាំ ​ហើយកូន​ដែល​លង់ទឹក​ស្លាប់ជា​កូន​ទី​​៣​ ។​ នៅ​ថ្ងៃ​កើតហេតុ​នោះ ​ឪពុក​មិន​នៅផ្ទះ​ទេ​ គឺ​​​ចេញ​ទៅ​នេសាទ​ត្រី​​នៅ​ឯ​ព្រៃរនាម​បឹង​ទន្លេសាប​ឯណោះ​ ។ ​ចំណែក​ម្ដាយ​បាន​ប្រមូល​ចានឆ្នាំង​លាង​នៅ​លើ​ផ្ទះ​ខាង​មុខ ឯ​កូន​ៗ​ប្រលែង​គ្នា​លេង​ក្នុង​ផ្ទះ​ (​ផ្ទះ​បណ្ដែត​ទឹក​) ​។

​ខណៈកំពុង​រត់​ដេញ​គ្នា​លេង​នោះ​ ស្រាប់តែ​កូន​ទី​​៣ (​ក្មេង​រង​គ្រោះ​) ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង ប៉ុន្តែ​ពេល​ដែល​ធ្លាក់​ភ្លាម​ៗ​នោះ​ ពុំ​មានកូន​មួយ​ណា ​ហ៊ាន​មក​ប្រាប់​ម្ដាយ​ទេ​ ព្រោះ​ខ្លាច​ម្ដាយ​វាយ ​។ ​មួយសន្ទុះ​ក្រោយមក​ ទើប​កូនប្រុស​ច្បង​មក​ប្រាប់​ម្ដាយ​ថា អា​សក្តិធ្លាក់ទឹក​...​។

​គ្រាន់ឮ​ដូច្នោះ ​ម្ដាយ​ស្លន់ស្លោ​​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យចុះ​ជួយ​រាវរក ប៉ុន្តែ​ពេល​​រាវ​ឃើញ​ ហើយ​ស្រង់​មក​ដាក់​លើគោក​ ក្មេង​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​សល់តែ​​ការ​ស្រែក​ទ្រហោយំ​ប៉ុណ្ណោះ​។