ព្រមាន​លែង​ស្តាប់​ចាប់​រថយន្ត​ដឹក​ដី​ខុស​បច្ចេកទេស និង​បិទ​ដេប៉ូ​លក់​ថ្ម​ខ្សាច់

ព្រមាន​លែង​ស្តាប់​ចាប់​រថយន្ត​ដឹក​ដី​ខុស​បច្ចេកទេស និង​បិទ​ដេប៉ូ​លក់​ថ្ម​ខ្សាច់



ខេត្តកណ្តាល ៖ ក្រុម​អធិការកិច្ច​ក្រសួង​រ៉ែ​និង​ថាមពល ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស​គឺ​មិន​គ្រប​ឱ្យ​បាន​ត្រឹមត្រូវ ។

មន្ត្រី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង សណ្តាប់ធ្នាប់​សាធារណៈ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា ប្រធាន​នាយកដ្ឋាន បាន​សហការ​ជាមួយ​ក្រុម​អធិការកិច្ច​ក្រសួង​រ៉ែ​និង​ថាមពល ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ ចុះ​ប្រតិបត្តិការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស​មិន​គ្រប​ឱ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួង​រ៉ែ​និង​ថាមពល​ធ្វើ​ឱ្យ​ជ្រុះ​រាយ​ប៉ាយ​លើ​ដងផ្លូវ និង​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ ។

ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​ចរាចរណ៍​រួម​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ថ្ម ខ្សាច់ ចំនួន​៧​គ្រឿង​ដែល​មិន​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ សម្បក​កង់​សឹក​រេចរឹល សំពីងសំពោង មិន​មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ច្ចេកទេស​និង​ប្រកប​អាជីវកម្ម និង​ប័ណ្ណបើកបរ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ កែតម្រូវ និង​ពិន័យ​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ត្រង់​មាត្រា​៥៦ មាត្រា​៥៧ និង​មាត្រា​៦៦ ។ ជាមួយ​នេះ ក្រសួង​រ៉ែ​និង​ថាមពល បាន​សម្រេច​ផ្អាក​សកម្មភាព​ទីតាំង​រណ្តៅ​ដី​ចំនួន​២​កន្លែង នៅ​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​ពញាឮ ខេត្តកណ្តាល ។

ដោយឡែក នៅ​ថ្ងៃ​ទី​១៧ ខែសីហា ក្រុម​អធិការកិច្ច​ក៏​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ ចាប់​ឃាត់​រថយន្ត​ចំនួន​១២​គ្រឿង និង​ផ្អាក​ដេប៉ូ​លក់​ខ្សាច់​២​កន្លែង​ផង​ដែរ ។ សរុប​មក រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៧​និង​១៨ ខែសីហា នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ សហការ​ជាមួយ​ក្រុម​អធិការកិច្ច​ក្រសួង​រ៉ែ​និង​ថាមពល បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹក​ដី ខ្សាច់ ថ្ម ចំនួន​១៩​គ្រឿង និង​ដេប៉ូ​លក់​ខ្សាច់​៤​កន្លែង ។

លោក​ឧត្តមសេនីយ៍ឯក រុន រ័​ត្ន​វាសនា ក្នុង​នាម​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ សូម​អំពាវនាវ​ដល់​បងប្អូន​អាជីវក​រដឹក​ដី ថ្ម ខ្សាច់ ក្រួស សូម​ចូលរួម​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ៕