បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក

​ថ្មីៗ​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អះអាងថា​ពុំមាន​បទល្មើស​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​តទៅទៀត​ទេ ដែល​ការអះអាង​បែបនេះ​មានន័យថា លោក សាយ សំ​អាល់ មិនបាន​ចុះទៅពិនិត្យ​បទល្មើស​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ព្រៃ​ឡង់​នៃ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​ឡើយ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​មួយចំនួន​ខ្ទេចខ្ទី​អស់​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចុះទៅពិនិត្យ​ជាក់ស្ដែង​ព្រោះ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យកទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ និង​យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នៅតែ​កើតឡើង​ឥតឈប់ឈរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ​ឈ្មួញ​ដឹកឈើ​ជាច្រើន​រថយន្ត​យី​ឌុប​ធំៗ​ចេញពី​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ មក​ជាប់ផុង​មុខ​វត្ត​ទំអរ ភូមិ​ទំអរ ឃុំ​ទំរីង ធ្វើ​ឲ្យ​មានការ​កក់​ស្ទះចរាចរណ៍​រាប់​ម៉ោង​។ បើទោះបី​ក្រុម​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​ធំៗ​បំផ្លាញ​ព្រៃ​លំ​ក្នុង​មូលដ្ឋាន​ឲ្យ​ខូច​ខ្ទេចខ្ទី​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ គឺ​បណ្ដោយ​ឲ្យ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកឈើ​លើស​ចំណុះ​បំផ្លាញ​ផ្លូវ​តាម​អំពើ​ចិត្ត​។ រថយន្ត​យី​ឌុប​ដឹកឈើ​បំផ្លាញ​ផ្លូវ​ក្នុង​ឃុំ​ទំរីង ត្រូវគេ​សង្ស័យថា​ជា​របស់​ក្រុមហ៊ុន​សេងគាង ដែលមាន​ខ្នងបង្អែក​រឹងមាំ​ដើម្បី​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ បើទោះបី​ព្រៃ​ឡង់​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស​យ៉ាងណាក៏ដោយ​។ ជាក់ស្ដែង​ក្រុមហ៊ុន​សេងគាង ដែលមាន​តា​៩៥​ជា​មេការ​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​រលូន ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ហេតុនេះហើយ​ទើប​គេ​អាច​កាប់​ឈើ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​យ៉ាង​អនាធិបតេយ្យ​។ ចំណែក​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​ព្រៃ​ឡង់​នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​ជា​រៀងរាល់ថ្ងៃ​៕

srnews-633 srnews-632