ហេតុអ្វី​យួន​នៅតែ​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន​?

កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បាន​ផ្ញើ​កំណត់​ទូត​លើក​ទី​២៣​ទៅ​រដ្ឋាភិបាល​យួន​ដើម្បី​ឲ្យ​រដ្ឋាភិបាល​យួន​បញ្ឈប់​សកម្មភាព​នានា​ដូចជា ការជីក​ស្រះ ការសាងសង់​ប៉ុស្ដិ៍​យាម និង​ការធ្វើ​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ក្នុង​ខេត្តរតនគិរី ស្វាយរៀង កណ្ដាល និង​តាកែវ​ជាដើម​។ ក៏ប៉ុន្តែ​អ្នកតាមដាន​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បាន​វាយតម្លៃ​ទុកជាមុន​ថា ភាគី​យួន​នឹងមិន​ឆ្លើយតប​ជា​វិជ្ជមាន​មក​រដ្ឋាភិបាល​កម្ពុជា​ឡើយ ហើយ​ផ្ទុយទៅវិញ​ភាគី​យួន​នៅតែ​បន្តធ្វើ​សកម្មភាព​តាម​តំបន់​ព្រំដែន​យ៉ាង​គឃ្លើន​ដដែល​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​លើក​ហេតុផល​ថា ការដែល​យួន​បន្ត​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត​នាពេល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ននេះ​គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុ​ជា​ពុំមាន​វិធានការ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​យួន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក្រុមអ្នកវិភាគ និង​សកម្មជន​ព្រំដែន បាន​លើកឡើងថា កំណត់​ទូត​របស់​កម្ពុជា​ផ្ញើ​ទៅ​ភាគី​យួន​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ គឺជា​ភស្ដុតាង​បង្ហាញថា​យួន​នៅតែ​ធ្វើ​សកម្មភាព​បំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​បញ្ជាក់ថា ករណី​យួន​ចូលមក​ធ្វើ​ផ្លូវ សាងសង់​ប៉ុស្ដិ៍​យាម ជីក​ស្រះ​ទឹក​តាម​តំបន់​ព្រំដែន​ជា​ឯកតោភាគី គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុ​ជា​ពុំមាន​ជំហរ​ច្បាស់លាស់​ក្នុងការ​ទប់ស្កាត់​អំពើ​ឈ្លានពាន​របស់​យួន​។ មានន័យថា​បញ្ហា​បូរណភាព​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន នៅតែ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ព្រោះ​យួន​មិន​បញ្ឈប់​សកម្មភាព​រំលោភ​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​តំបន់​ព្រំដែន​ឡើយ​។

សកម្មជន​ព្រំដែន​ដែល​តាមដាន​បញ្ហា​ព្រំដែន​កម្ពុជា​-​យួន បាន​វាយតម្លៃថា ប្រសិនបើ​កំណត់​ទូត​លើក​ទី​២៣​ដែល​រដ្ឋ​បា​ភិ​បាល​កម្ពុជា​ផ្ញើ​ទៅ​រដ្ឋាភិបាល​យួន​កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ ហើយ​ពុំមាន​ការឆ្លើយតប​ពី​ភាគី​យួន​នោះ មានន័យថា​យួន​មិន​គោរព​ប្រទេស​កម្ពុជា​ដោយ​ស្មើភាព​ដូច​អ្វីដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នាពេល​កន្លងមក​នោះទេ​។ ក្រុមអ្នកវិភាគ​ឯករាជ្យ​បាន​សង្កត់ធ្ងន់ថា បញ្ហា​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី និង​នៅ​ស្រុក​ចន្ទ្រា ក្រុង​បាវិត ខេត្តស្វាយរៀង គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មិនមែនជា​រឿង​តិចតួច​ដូចដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​នោះទេ​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវមាន​វិធានការ​ច្បាស់លាស់ ដើម្បី​ការពារ​ទឹកដី​តាម​ព្រំដែន​ជាប់​ជាមួយ​យួន​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី កំពុងមាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​បូរណភាព​ទឹកដី ព្រោះ​មួយ​រយៈពេល​កន្លងទៅនេះ​ភាគី​យួន​ចូលមក​ជីក​ស្រះ​ទឹក និង​សង់​ប៉ុស្ដិ៍​យាម​នៅក្នុង​តំបន់ស ដែល​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត ស្រុក​កំពង់​រោទ៍ និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ក៏​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ពី​ការបាត់បង់​បូរណភាព​ទឹកដី​ផងដែរ ព្រោះ​នៅពេល​ភាគី​យួន​ចូលមក​ធ្វើ​ផ្លូវ​តាម​ព្រំដែន មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​។ លើស​នេះ​ទៅទៀត​នៅពេល​ភាគី​យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​កម្ពុជា​យ៉ាង​គឃ្លើន គឺ​រដ្ឋាភិបាល​កម្ពុជា​បានត្រឹមតែ​ធ្វើ​កំណត់​ទូត​ផ្ញើ​ទៅ​រដ្ឋាភិបាល​យួន ហើយ​ពុំមាន​ការឆ្លើយតប​ជា​វិជ្ជមាន​នោះទេ​៕

14101890_180806962340272_1499406264_n 3 14081401_180806995673602_1185851863_n 14112065_180807072340261_1133808562_n