ភ្ញាក់​ព្រើត ! គេ​បង្ហោះ​រូបថត​ចោទ​ថា​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​គ្រួសារ​មួយ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​បន្ទាប់​ពី​មាន​គេ​លួច​បង្ហោះ​រូបថត​គ្រួសារ​គាត់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ខែកក្កដា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

គ្រួសារ​ខាងលើ​នេះ​មាន​ប្តី​ឈ្មោះ សួ​ស រី​ម អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុខ សៀ​កឡាយ អាយុ​៣០​ឆ្នាំ មុខរបរ​ប្តូរ​ប្រាក់ និង​វេរ​ប្រាក់​ វី​ង មាន​ទីលំនៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ឈ្មោះ សួ​ស រី​ម បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កអាក់​ខោ​ន​ជា​ភាសា​អង់គ្លេស​ចំនួន​២ ទី​១ ឈ្មោះ Sophy Kay និង​ទី​២ ឈ្មោះ Phou Deara បាន​បង្ហោះ​រូប​គាត់ និង​ប្រពន្ធ​គាត់ ដែល​រូប​នោះ​ថត​ពេល​រៀប​អាពាហ៍ពិពាហ៍​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​វាយប្រហារ​ថា គាត់​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នា​ពេល​កន្លង​មក ដោយ​រូប​របស់​គាត់​កែ​ឈ្មោះ​ខ្ញុំ​ជា​ឈ្មោះ​អ្នក​ផ្សេង ។ បុរស​ខាងលើ​បាន​យក​រូបភាព​ក្នុង​ពេល​រៀប​ការ​មក​បង្ហាញ​«​កោះសន្តិភាព​»​ហើយ​ពេល​ពិនិត្យ​មើលរូប​ក្នុង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ទាំង​២​ដែល​គេ​យក​ទៅ​បង្ហោះ​នោះ គឺជា​រូប​តែ​មួយ ។

គ្រួសារ​ខាងលើ​និយាយ​ថា ពួក​គាត់​មាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ឈ្មោះ Suos Rim ប៉ុន្តែ​អះអាង​ថា តាំងពី​បង្កើត​ជាង​១​ឆ្នាំ​មិន​ដែល​ប្រើ​ទេ គឺ​ប្អូនប្រុស​បង្កើត​ឲ្យ មិនតែប៉ុណ្ណោះ​និយាយ​ថា មិន​ចេះ​លេង​ថែម​ទៀត ។

គ្រួសារ​មួយ​នេះ​និយាយ​ទៀត​ថា ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ ខ្លាច​សាច់ញាតិ​លោក​បណ្ឌិត កែម ឡី ក៏​ដូច​ជា​មហាជន​យល់​ច្រឡំ ពិសេស​ខ្លាច​ប្រឈម​នឹង​ផ្លូវច្បាប់ ទើប​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦​នេះ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌ និង​សុំ​ឲ្យ​ចាត់វិធានការ​លើ​ម្ចាស់​អាក់​ខោ​ន​ទាំង​២​ខាងលើ​ដែល​បាន​បង្ហោះ​រូបភាព​គ្រួសារ​ពួក​គាត់​ទាំង​មិនដឹង​ខ្លួន ។

គ្រួសារ​ខាងលើ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ហើយ​បដិសេធ​មិន​ដែល​ស្គាល់ ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ឡើយ ៕