ផ្អើលភ្លូកទឹកភ្លូកដី ! ទៅសុំទឹកមន្តពី​ដើមចេកជ្វា

ខេត្ដកំពង់ធំ ៖ បច្ចុប្បន្ន​នេះ បើ​ទោះជា​វិទ្យាសាស្ត្រ​មានការ​ជឿនលឿន​យ៉ាងណា​ក្តី​ហើយ​អាថ៌​កំបាំង​ក្នុង​ធម្មជាតិ​ ត្រូវ​បាន​រក​ឃើញ​ស្ទើរ​អស់​គ្មាន​សល់​ក្ដី ក៏​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ជំនឿ​យ៉ាង​ងប់ងុល​ទៅ​លើ​អព្ភូតហេតុ​ផ្សេង​ៗ​នៅ​ក្នុង​ធម្មជាតិ ប្រសិនបើ​វត្ថុ​នោះ​មាន​ភាព​ចម្លែក​ខុស​ពី​ធម្មតា ។

ជាក់ស្តែង ដូច​ជា​ករណី​ដែល​កំពុង​ធ្វើ​ឱ្យប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​១​ថ្ងៃ​ៗ​នាំ​គ្នា​ទៅ​អុជ​ធូប​សំពះ​បួងសួង​សុំ​សេចក្តីសុខ និង​សុំ​ទឹក​មន្ត​ពី​ដើម​ចេកជ្វា​មួយ​ដើម ​នៅ​ក្នុង​ដី​ភូមិ​មួយ​កន្លែង​​ដែល​គេ​ដឹង​ថា ម្ចាស់​បាន​កាប់​ដុត​ចោល​បែរជា​ចេញ​ត្រយូង​ម្តង​២ៗ​រហូត​ចំនួន​៨​ដែល​គេ​ជឿ​ថា​មាន​បារមី ។

ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ខាងលើ​នេះ អ្នកស្រី​ចាប ឡាំ មក​ពី​ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ បង្ហាញ​ពី​ជំនឿ​ថា ចេកជ្វា​នេះ​មាន​បារមី​ពូកែ​ស័ក្ដិសិទ្ធិ បានជា​គាត់​មក​សុំ​ទឹកមន្ត​យក​មក​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ដូច​ជា​ឈឺក្បាល វិលមុខ ឈឺឆ្អឹងឆ្អែង និង​ឈឺសន្លាក់​ដៃជើង​ជាដើម តែ​គាត់​ទើបតែ​មក​ជា​លើក​ទី​១​នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៃ​ទឹកមន្ត​នេះ​ទេ ។ គាត់​ឱ្យ​ដឹង​ថា គាត់​មកនេះ​ដោយសារ​ល្បី​ត​ៗ​គ្នា​ពី​ចេកជ្វា​ចម្លែក​នេះ ។

រីឯ​អ្នកស្រី ហុង លី មក​ពី​ឃុំ​សណ្តាន់​ដែរ​និយាយ​ថា ដោយ​មាន​ជំនឿ​លើ​ព្រះ​អង្គ​បារមី​៨​ទិស ចេកជ្វា​នេះ​មាន​បារមី​ពូកែ​ជួយ​ព្យាបាល​ជំងឺ​បាន គាត់​ក៏​នាំ​គ្នា​មក​សុំ​ទឹកមន្ត​ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​ផ្សេង​ៗ​ដូច​ជា​ឈឺចង្កេះ ឈឺ​ខ្នង ប៉ុន្តែ​គាត់​ក៏​ទើបតែ​មក​ជា​លើក​ទី​១​ដែរ ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់ សា​វេ​ត នៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ បាន​និយាយ​ដោយ​ការ​ជឿជាក់​ថា នាង​មក​រក​ទឹកមន្ត​ចេកជ្វា​នេះ​ជា​លើក​ទី​៣​ហើយ ដោយសារ​នាង​មាន​ជំងឺ​ឈឺដៃ​ឈឺ​ជើង ហើយ​បន្ទាប់​ពី​បាន​មក​សុំ​ទឹកមន្ត​នេះ​យក​ទៅ​ផឹក​ឃើញ​ថា​បាន​ធូរស្បើយ​ច្រើន ទើប​មក​សុំ​ទៀត ។

បុរស​ចំណាស់​ជា​ម្ចាស់​ដី​លោក រស់ ហាន អាយុ​៧០​ឆ្នាំ ប្រពន្ធ​ឈ្មោះ កែ គុំ រស់នៅ​ភូមិ​រំពុះ ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់ បាន​ប្រាប់​កោះសន្តិភាព នា​ថ្ងៃ​ទី​១៩ ខែសីហា ថា គាត់​មាន​ដី​ភូមិ​១​កន្លែង បាន​ដាំ​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​មុខ ក្នុង​នោះ​មាន​ចេកជ្វា​១​គុម្ព​គាត់​បាន​កាប់​ចោល​នៅ​សល់ ហើយ​គល់នោះ​ពេល​ដែល​ស្លឹក​របស់​វា​ក្រៀម​បន្តិច​រូប​គាត់​ក៏​ដុត​ចោល​ធ្វើ​ឲ្យ​ដើម​ចេកជ្វា​នោះ​ត្រូវ​ភ្លើង​ឆេះ​រោល​ខ្មៅ​ៗ ។ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ចេកជ្វា​នោះ​ក៏​ដុះ​ចេញ​ជា​ត្រយូង ដែល​មុន​ដំបូង​ចេញ​ត្រយូង​២ ហើយ​ក៏​ចេញ​បន្ត​ទៀត​ម្តង​២ៗ​ រហូត​ដល់​ចំនួន​៨​ក៏​ឈប់​ចេញ​ទៀត ។

គាត់​និយាយ​ទៀត​ថា គាត់​បាន​យល់សប្ដិ​ឃើញ​មាន​បារមី​៨​ទិស​មក​ពន្យល់​ប្រាប់​ថា គេ​មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក ក៏​លេចឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ហើយ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​មក​សុំ​ទឹកមន្ត​យក​ទៅ​ព្យាបាល​ជំងឺ​របស់​ខ្លួន ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​ជាង​២០០​នាក់​ទៅ​៣០០​នាក់ ។ គាត់​បាន​អះអាង​ដោយ​ជំនឿ​ថា ដោយ​ឃើញ​ថា​ស័ក្ដិសិទ្ធិ​បានជា​ពួក​គាត់​នាំ​គ្នា​មក​ទៀត បើ​មិន​ស័ក្ដិសិទ្ធិ​ទេ​គឺ​មិន​មក​ទេ ។ចាប់តាំងពី​ចេក​នេះ​ចេញ​ត្រយូង​៨​មក រហូត​មក​ដល់​ថ្ងៃនេះ​គឺ​មាន​រយៈពេល​១​ខែ​១០​ថ្ងៃ​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ត្រយូងចេក​រុះ​រោយ​ជា​បណ្តើរ​ៗ​បន្តិច​ម្តង​ៗ និង​ចេញ​ផ្លែ​តូច​ៗ​ឡើង ។

លោក រស់ ហាន បញ្ជាក់​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​សុំ​ទឹកមន្ត​គឺ​បាន​ដាក់​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​៥០០​រៀល​ឬ​ក៏​១.០០០​រៀល មិន​កំណត់​ទេ​ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​រក​ប្រាក់​ចំណូល​ក្នុង​១​ថ្ងៃ​ៗ​សើម​មាត់​សើ​មក​តែ​ម្តង ។ ប៉ុន្តែ​ចំពោះ​សំណួរ​ថា រកបាន​ប៉ុន្មាន​ក្នុង​១​ថ្ងៃ​ៗ គាត់​មិន​បង្ហើប​ប្រាប់​ទេ ៕