ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

ដោយ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​កីឡា​បាល់ទះ​ស្រុក​ស្វាយ​អន្ទរ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ​ ក្រុម​បាល់ទះ​វិសាខា​ដែល​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​ជាតិ​កម្រិត​កំពូល​​បាន​ចុះ​ទៅ​បង្ហាត់​បង្ហាញ​ពី​មូល​ដ្ឋាន​គ្រឺះ​ដល់​សិស្ស​សាលា​ក្នុង​ស្រុក​ស្វាយអន្ទរ។

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

លោក​ គុន​ ប៊ុនសាន​ ជាកីឡាករ​របស់​វិសាខា បាន​ឲ្យ​ដឹង​ថា​ លោក​ចាប់​អារម្មណ៍​នឹង​បាល់ទះ​ស្វាយអន្ទរ​ ព្រោះ​ថា​ក្រុម​បាល់ទះ​សិស្ស​ស្វាយអន្ទរ​ទាំង​បុរស-នារី​តែង​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​​ល្អ​ក្នុង​ការ​ប្រកួត​​កីឡា​សិស្ស​ខេត្ត​ព្រៃវែង​ និង​ទូទាំង​ប្រទេស។ សិស្ស​នៅ​តាម​អនុវិទ្យាល័យ​ទូទាំង​ស្រុក​ក៏​មាន​សកម្មភាព​លេង​យ៉ាង​ផុលផុស​ផង​ដែរ​ ដូច្នេះ​ហើយ​លោក​ក៏​បាន​ស្នើ​សុំ​ឯកឧត្តម ស សុខា ប្រធាន​កិត្តិយស​ក្លឹប​ និង​ប្រធាន​ក្លឹបលោក គង់ កៃដូ​ ដើម្បី​ដឹក​នាំ​ក្រុម​កីឡាករ​មួយ​ចំនួន​ ចំណាយ​ពេល​រៀង​រាល់​ពីរ​សប្តាហ៍​ម្តង​ ដោយ​យក​ថ្ងៃ​អាទិត្យ​សម្រាប់​ប្រមូល​ផ្តុំ​កីឡាករ​ជួប​ជុំ​ហ្វឹក​ហាត់។

 

លោក​បន្ត​ទៀត​ថា​ ដំបូង​ឡើយ​លោក​មាន​បំណង​ចង់​ទៅ​បង្ហាត់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ គឺ​សាក​ល្បង​ប្រមូល​ផ្តុំ​ក្មេង​ៗ​នៅ​តាម​ភូមិ​ឃុំ​ក្នុង​ស្រុក​ឲ្យ​ងាក​មក​លេង​កីឡា​បាល់ទះ​នៅ​តាម​សាលា​រៀន​ក្បែរ​ៗ​ផ្ទះ​ពួក​គេ។ លោក​ក៏​សូម​សំណូម​ពរ​ដល់​ប្អូន​ៗ​សិស្ស​សាលា​ និង​យុវជន​តាម​ឃុំ​នានា​ ឲ្យ​មក​ហ្វឹកហាត់​បាល់ទះ​ដើម្បី​សុខភាព​មាំមួន​ ទទួល​យក​បច្ចេកទេស​ថ្មី​ ក្បួន​ច្បាប់​ និង​របៀប​លេង​កម្រិត​អន្តរជាតិ។ ពិសេស​លោក​ចង់​ឃើញ​បាល់ទះ​កម្ពុជា​រីក​ចម្រើន​ ដោយ​ផ្តើម​ចេញ​ពី​សិស្ស​សាលា​ និង​យុវជន​នៅ​តាម​ស្រុក​ខេត្ត​ទូទាំង​ប្រទេស។​

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

លោក​សង្ឃឹម​ដែរ​ថា​ យុទ្ធនាការ​កីឡា​មនុស្ស​ធម៌​នេះ​នឹង​ឮ​ដល់​ឪពុក​ម្តាយ​ អាណា​ព្យាបាល​សិស្ស​ និង​គ្រូ​កីឡា​ ហើយ​យល់​ព្រម​ឲ្យ​ពួក​គេ​មក​លេង​បាល់ទះ​ ជៀស​វាង​ចំណាយ​ពេល​ទៅ​ដើរ​លេង​ និង​សេព​គ្រឿង​ ដែល​បង្ក​ជា​ក្តី​កង្វល់​ដល់​សង្គម។ ចុង​ក្រោយ​លោក​សំណូម​ពរ​ដល់​សប្បុរស​ជន​ សូម​ចូល​រួម​ជា​មួយ​មូលនិធិ​មនុស្ស​ធម៌​ជា​មួយ​ក្រុម​លោក​ ដើម្បី​ប្រមូល​ជា​កញ្ចប់​ថវិកា​យក​ទៅ​ទិញ​ជា​ឯក​សណ្ឋាន​ សម្ភារៈ​កីឡា​ និង​វត្ថុ​អនុស្សារីយ៍​សម្រាប់​ចែក​ជូន​តាម​សាលា​រៀន​នៃ​ឃុំ​នីមួយ​ៗ។ លោក​ក៏សូមអរគុណ​ដល់​លោក វ៉ី ម្ចាស់​តារាង​បាល់ទះដែល​បាន​ផ្តល់ទីតាំង​ហ្វឹកហាត់​ដោយ​មិន​យក​ថ្លៃឈ្នួល។

 

ចំណែក​លោក​ ង៉ូវ​ សុងងី​ គ្រូ​កីឡា​ប្រចាំ​វិទ្យាល័យ​ស្វាយ​អន្ទរ​ បាន​លើក​ឡើង​ថា​ លោក​រីករាយ​នឹង​យុទ្ធនាការ​កីឡា​បាល់ទះ​មនុស្ស​ធម៌​របស់​ក្រុម​បាល់ទះ​វិសាខា​​ គឺ​ពិត​ជា​ល្អ​មែន​ទែន​ ដោយ​សារ​ក្រុម​កីឡាករ​ចុះ​ទៅ​បង្ហាត់​ផ្ទាល់​ក្បែរ​តំបន់​ដែល​សិស្ស​ និង​យុវជន​នៅ​តាម​ឃុំ​ទាំង​នោះ។ លោក​ក៏​ទទួល​បាន​នូវ​ចំណេះ​ដឹង​ បច្ចេកទេស​ថ្មី​ៗ​បន្ថែម​ទៀត​ ដើម្បី​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ និង​បង្ហាត់​ក្រុម​កីឡា​សិស្ស​ប្រចាំ​សាលា​រៀន​លោក​ផង​ដែរ។ លោក​គ្រូ​កីឡា​រូប​នេះ​ សំណូម​ពរ​ជា​ថ្មី​ម្តង​ទៀត​ដល់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បើ​សិន​ជា​មាន​វគ្គ​បណ្តុះ​បណ្តាល​ និង​វគ្គ​បំប៉ន​គ្រូ​បាល់ទះ​ សូម​ផ្តល់​ឱកាស​ឲ្យ​រូប​លោក​បាន​ចូល​រួម​ផង។

 

យុទ្ធនាការ​នេះ​នឹង​ចុះ​ទៅ​ប្រមូល​ផ្តុំ​បង្ហាត់​ជា​លក្ខណៈ​វិល​ជុំ​ ឬ​ប្តូរ​ទីតាំង​ហ្វឹក​ហាត់​នៅ​តាម​សាលា​រៀន​ក្នុង​តំបន់​នីមួយ​ៗ ដោយ​ក្នុង​នោះ​ត្រូវ​បាន​បែង​ចែក​ជា​៣​តំបន់​គឺ​ តំបន់​ទី​១​មាន​ ឃុំ​ស្វាយ​អន្ទរ​ ពពឺស​ អង្គរ​ទ្រេត​ មេ​បុណ្យ ​និង​ព្រៃខ្លា​ តំបន់​ទី​២​មាន​ ឃុំ​ជ្រៃ​ ជា​ខ្លាង​ និង​ពាន​រោង​ ហើយ​តំបន់​ទី​៣​មាន​ ឃុំ​សំរោង​ ដំរីពួន​ និង​ទឹក​ថ្លា៕

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

ក្រុម​បាល់ទះ​ក្រប​ខណ្ឌ​កំពូល​កម្ពុជា​ វិសាខា​​ទៅ​បង្ហាត់​បាល់​ទះ​​ដល់​ស្វាយ​អន្ទរ​

 

អត្ថបទ៖ សោម សារិទ្ធ​